FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អំណោយរបស់លោកស្រី សម ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៍មាន បានប្រគល់ជូនវីរកងទ័ពជួរមុខ ឈរជើងការពារព្រំដែននៅសមរភូមិទិសទី១ ប្រាសាទព្រះវិហារ

24-05-2026 19:00

(ព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារ នាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជាអំណោយដ៏ថ្លៃថ្លារបស់លោកស្រី សម ម៉ារ៉ាដា រដ្ឋលេខាធិការក្រសួងព័ត៌មាន ចុះសួរសុខទុក្ខ និងលើកទឹកចិត្តវីរកងទ័ពសមរភូមិមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះលោកស្រី ហែម សុគុណពិសី បានថ្លែងនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការកោតសរសើរពីសំណាក់លោកស្រី សម ម៉ារ៉ាដា ជូនចំពោះវីរកងទ័ពទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ឈរជើងយ៉ាងមុតមាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងសន្តិសុខជាតិ។

លោកស្រីប្រធានមន្ទីរព័ត៍មានខេត្តព្រះវិហារបានថ្លែងទៀតថា ការចុះសួរសុខទុក្ខ និងនាំយកអំណោយមកជូនវីរកងទ័ពនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ ស្រឡាញ់ និងគាំទ្ររបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ចំពោះវីរកងទ័ពដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅសមរភូមិមុខ ដើម្បីការពារសុខសន្តិភាព និងបូរណភាពទឹកដីជាតិ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ក៏បានចូលរួមឧបត្ថម្ភថវិកាបន្ថែមមួយចំនួន សម្រាប់រៀបចំជាអាហារសាមគ្គីជាមួយវីរកងទ័ព ក្នុងបរិយាកាសស្និទ្ធស្នាល កក់ក្តៅ និងពោរពេញដោយសាមគ្គីភាព រវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន។

អំណោយដែលបាននាំយកទៅផ្ដល់ជូនវីរកងទ័ពរួមមាន៖ ទឹកបរិសុទ្ធចំនួន៥០កេស និង២០០យួរ, សាច់ជ្រូកចំនួន៤០គីឡូក្រាម, សាច់ទាចំនួន១៥គីឡូក្រាម ព្រមទាំងបន្លែស្រស់ចំនួន៥មុខ សរុបទម្ងន់៥០គីឡូក្រាម ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់កងកម្លាំងដែលកំពុងបំពេញបេសកកម្មនៅតំបន់ជួរមុខ៕