FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់ប្រជាពលរដ្ឋបន្តគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងបង្កើនការចូលរួមថែរក្សា ការពារប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរ

24-05-2026 18:55

(បន្ទាយមានជ័យ)៖ ថ្លែងក្នុងពិធីបុណ្យពុទ្ធាភិសេកសម្ពោធឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ព្រះគ្រូចៅអធិការវត្តធម្មសាមគ្គីពង្រ ភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណលោក អ៊ុំ រាត្រី អភិបាលនៃខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ប្រជាពលរដ្ឋបន្តនូវការគោរពអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងបង្កើនការចូលរួមថែរក្សា ការពារប្រពៃណី ទំនៀមទំលាប់ដ៏ល្អផូរផង់ ដែលបានបន្សល់ពីដូនតារៀងមក និងរួបរួមសាមគ្គីភាពគ្នាក្នុង ការចូលរួមកសាង និងអភិវឌ្ឍន៍ទីវត្តអារាម ក្នុងវិស័យ ព្រះពុទ្ធសាសនា ឱ្យកាន់តែរីកចម្រើនថែមទៀត។

ពិធីនេះក៏មានការនិមន្តចូលរួមព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះមេគណខេត្ត ថ្នាក់ដឹកនាំមន្ត្រីសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត អង្គភាព ស្ថាប័ន ពាក់ព័ន្ធ ជុំវិញខេត្ត រួមនឹបងប្អូនប្រជាពុទ្ធបរិស័ទចូលរួមយ៉ាងច្រេីនកុះករ ប្រារព្ធ ធ្វើឡើង វត្ត ធម្មសាមគ្គីពង្រ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៦។

នាឱកាសនោះលោកអភិបាល ខេត្ត ជំរុញដល់គ្រប់វត្តអារាមទាំងអស់ បង្កើនការយកចិត្តទុកដាក់លើផ្នែកអនាម័យ-បរិស្ថាន មានភាពបៃតង និងឱ្យវត្តអារាមនៅតែបន្តដើរតួនាទីជាកន្លែងអប់រំសីលធម៌ ចរិយាធម៌ គុណធម៌ សុជីវធម៌ និងជាទីកន្លែងដែលរក្សាទុកនូវវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរយើងបានកត់ត្រាទុកពីជំនាន់មួយទៅជំនាន់មួយ សម្រាប់មនុស្សជំនាន់ក្រោយ ពិសេសទៅទៀត ទីវត្តអារាមជាកន្លែងបណ្តុះនូវធនធានមនុស្ស ដែលពោរពេញដោយចំណេះដឹងទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយមនសិការជាតិ ព្រមទាំងត្រូវចូលរួមឱ្យបានខ្លាំងក្លាក្នុងការកាត់បន្ថយនូវអំពើអកុសល អបាយមុខផ្សេងៗដូចជា ល្បែងស៊ីសង បញ្ហាគ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរ តាមរយៈសារអប់រំទូន្មានប្រៀនប្រដៅតាមឱវាទព្រះពុទ្ធ ដើម្បីលុបបំបាត់នូវអំពើអកុសលផ្សេងៗ។

ក្នុងនោះដែរ លោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណដល់ព្រះសង្ឃគ្រប់អង្គ បងប្អូនប្រជាពុទ្ធបរិស័ទជិត-ឆ្ងាយទាំងអស់ ដែលកន្លងមក បានយល់ដឹងយ៉ាងច្បាស់និងចូលរួមការពារថែរក្សាសន្តិភាព តាមរយៈការចូលរួមសកម្មភាពក្នុងការងារសន្តិសុខ-សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច បរិស្ថាន និងការអភិវឌ្ឍផ្សេងៗ ជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន រដ្ឋបាល ឃុំ-សង្កាត់ រដ្ឋបាលក្រុង រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលគ្រប់នីតិកាលទាំងអស់ ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បច្ចុប្បន្ន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងជាថ្នាក់ដឹកនាំប្រកបដោយថាមពល ឈ្លាសវៃ មោះមុតច្បាស់លាស់ និងមានការប្តេចជ្ញាចិត្តខ្ពស់ ក្នុងការធានាឱ្យបាន នូវសុខសន្តិភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការអភិវឌ្ឍប្រកបដោយចីរភាព ជូនជាតិមាតុភូមិដ៏បវរនៃយើង៕