អ្នកជំនាញអារ្យធម៌ខ្មែរ៖ តើអ្វីដែលនៅពីក្រោយអាថ៌កំបាំងស្ដេចលេខហុងស៊ុយ១៦៨?
24-05-2026 18:35
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងប្រភពនៃអាជីវកម្មសម័យទំនើប, បើនីយាយអំពីប្រព័ន្ធជំនឿហុងស៊ុយលេខ១៦៨ ដែលត្រូវបានប្រជាជនតំបន់អាស៊ី ពិសេសប្រជាជនចិន ចាត់ទុកថាជា "ស្តេចលេខ" ហុងស៊ុយមានសិរីសួស្តី និងបានដិតជាប់ក្នុងជីវភាពរស់នៅរបស់ប្រជាជនប្រចាំថ្ងៃ ដោយយោងទៅតាមសំឡេងនៃការអានតាមអត្ថន័យលេខនីមួយៗជាភាសាចិនគឺលេខ១ , លេខ ៦ និងលេខ ៨ ត្រូវជាលេខ ១៦៨ មានន័យថា "លើវិថីនៃជីវិតឆ្ពោះទៅរកភាពរីកចម្រើននិងរុងរឿង"។
ស្ថិតក្នុងការបកស្រាយសំនៀងនិងអត្ថន័យនៃលេខនីមួយៗ ជាភាសាចិននេះ សម្រាប់ លោក រ័ត្ន សណ្ដាប់ យល់ថា អ្វីដែលស្ថិតនៅពីក្រោយអាថ៌កំបាំងស្ដេចលេខហុងស៊ុយ១៦៨ នេះ គឺជាប្រព័ន្ធលេខអាជីវកម្មលើទីផ្សារការងារ គឺប្រាំពីរថ្ងៃលើម្ភៃបួនម៉ោង ៧×២៤=១៦៨ (៧/២៤) ហៅថា" ២៤ ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុងមួយសប្ដាហ៍" ជាស្ដេចប្រព័ន្ធអាជីវកម្មការងារមួយដែលដំណើរការជាប្រចាំនិងឥតឈប់ឈរ ដើម្បីបម្រើសេវាកម្មជាស្នូលនៃទីផ្សារសេដ្ឋកិច្ច។
ហេតុនេះចំពោះគំនិតលេខហុងស៊ុយ ជាការបង្កើតឲ្យមានឥទ្ធិពលផ្លូវចិត្តវិជ្ជមាន ដើម្បីជួយឲ្យពួកគេមានអារម្មណ៍ល្អ សណ្តាប់ធ្នាប់ សុខដុមរមនា និងក្ដីសង្ឃឹមជានិច្ច។ ដូច្នេះស្ដេចលេខហុងស៊ុយ១៦៨ ដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន ដើម្បីឲ្យមានអារម្មណ៍សុវត្ថិភាព សន្តិភាពផ្លូវចិត្ត ជាសិល្បៈនៃការរស់នៅរបស់មនុស្សដ៏រស់វើក៕
