FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋជាង៣០០គ្រួសារ នៅឃុំស្ពានត្នោត ស្រុកជីក្រែង ស្នើដល់រដ្ឋាភិបាលអន្តរាគមន៍ ជួយតភ្ជាប់បណ្ដាញទឹកស្អាតសម្រាប់ប្រើប្រាស់

24-05-2026 14:52

(សៀមរាប)៖ ប្រជាពលរដ្ឋជាង៣០០គ្រួសាររស់នៅភូមិអូរក្រោម ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បានប្រាប់អ្នកយកព័ត៌មាន Fresh News ថាពួកគាត់សព្វថ្ងៃ មានការខ្វះខាតទឹកស្អាតប្រើប្រាស់នៅឡើយ ដូច្នេះប្រជាពលរដ្ឋ បានស្នើដល់ រាជរដ្ឋាភិបាលអន្តរាគមន៍ តភ្ជាប់បណ្ដាញទឹកស្អាតដល់ភូមិរបស់គាត់ ដើម្បីលើកកម្ពស់សុខមាលភាពក្នុងការរស់នៅ។

លោក ហង់ ហ៊ឹង មេភូមិអូរក្រោម បានឱ្យដឹងថា ទឹកស្អាតដែលបានតភ្ជាប់គឺប្រើប្រាស់ ៣ភូមិ គឺភូមិអូរក្រោម ភូមិអូរលើ និងភូមិអូរក្រេច ដែលមានពលរដ្ឋប្រមាណ ៦៧៩គ្រួសារ។ ក្នុងចំណោមនោះ មានពលរដ្ឋប្រមាណ ៣៥៤គ្រួសារ មានទឹកស្អាតប្រើប្រាស់ ដោយឡែក ៣២៥គ្រួសារទៀត មិនទាន់មានទឹកស្អាតប្រើប្រាស់នោះទេ។

តាមរយៈប្រភពដដែល បានបញ្ជាក់ថា គ្រួសារដែលមិនមានទឹកស្អាតប្រើប្រាស់ គឺត្រូវជីកអណ្ដូង ដើម្បីបូមទឹកមកប្រើប្រាស់សម្រាប់ដាំស្ល ងូតទឹក ស្រោចស្រពដំណាំជាដើម ដ្បិតថានៅតំបន់នេះជាដីទំនាប ហើយនៅក្បែរទន្លេ ដូច្នេះឧស្សាហ៍មានទឹកលិចជាញឹកញាប់។ ដើម្បីទប់ទឹកសម្រាប់ប្រើប្រាស់នារដូវប្រាំង ពលរដ្ឋនៅតំបន់នេះធ្វើការជីកអណ្ដូងសម្រាប់ស្ដុកទឹក។

ត្រង់ចំណុចនេះ លោក ហង់ ហ៊ឹង ស្នើដល់រាជរដ្ឋាភិបាល ឬសប្បុរសជន ជួយឧបត្ថម្ភទុយោរទឹក ១៥ដុំ និងថវិកាមួយចំនួនសម្រាប់ពង្រីកស្រះទឹកបន្ថែម ដើម្បីស្ដុកទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម។

ចំពោះប្រជាពលរដ្ឋនៅភូមិនេះ ស្នើដល់រាជរដ្ឋាភិបាល តភ្ជាប់បណ្ដាញទឹកស្អាតសម្រាប់ប្រើប្រាស់ ដើម្បីសុខមាលភាពក្នុងការរស់នៅ ដ្បិតពួកគាត់ប្រើប្រាស់ទឹកដែលមិនស្អាត នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពទៅថ្ងៃខាងមុខ៕