ប្រតិបត្តិការបង្ក្រាបបទល្មើស Scams Online នៅខេត្តស្វាយរៀង ឃាត់ខ្លួនជនបរទេសជាច្រើននាក់ និងដកហូតវត្ថុតាងមួយចំនួនធំ
24-05-2026 13:59
(ស្វាយរៀង)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ កម្លាំងអគ្គស្នងការនគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើស Scams Online ជាបន្តបន្ទាប់ នៅតាមទីតាំងមួយចំនួននៅក្រុងបាវិត និងក្រុងស្វាយរៀង ខេត្តស្វាយរៀង
ដោយចាប់ខ្លួនជនបរទេសជាច្រើននាក់ និងដកហូតសម្ភារៈដែលបម្រើឲ្យបទល្មើសប្រព្រឹត្តិកម្មអនឡាញហ្នឹងមួយចំនួនធំ។
ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ,លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ទោ ពេជ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងក្រោមការសម្របសម្រួលរបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងដូចខាងក្រោម៖
ទី១៖ របាយការណ៍ស្តីពីលទ្ធផលស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត។
កាលពីថ្ងៃទី១៨.០៥.២០២៦ ដោយមានការសហការល្អជាមួយម្ចាស់ផ្ទះជួល បានផ្តល់ព័ត៌មានថាសង្ស័យមានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams)។ ក្រោយពីបានទទួលព័ត៌មានរួចមក កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស នៅចំណុចផ្ទះល្វែង ក្នុងបុរី ភីអិល(PL) ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២២នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាង៖ កំព្យូទ័រ All in oneចំនួន ០៥គ្រឿង, កំព្យូទ័រយួរដៃ ០៨គ្រឿង, ទូរសព្ទដៃចម្រុះចំនួន ៣៦ គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ទី២៖ របាយការណ៍ស្តីពីលទ្ធផលចុះត្រួតពិនិត្យរដ្ឋបាល ស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត។
កាលពីថ្ងៃទី២០.០៥.២០២៦ កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងចម្រុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប, ឧត្តមសេនីយ៍ឯក ហ៊ុន សំណាង ប្រធាននាយកដ្ឋានចារកម្ម ឧត្តមសេនីយ៍ឯក ឆន ឡាឌី ប្រធាននាយកដ្ឋានផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង និងមានការសម្របសម្រួលពីលោក លោកស្រីព្រះរាជអាជ្ញារង អមសាលដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាល និងបង្រ្កាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមបច្ចេកវិទ្យា (Online Scams) ចំនួន ០៣ទីតាំង រួមមាន៖
(១) បុរី ភីអិល (ផ្ទះល្វែង C4) ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ឃាត់ខ្លួនជនបរទេសចំនួន ០៦នាក់ ស្រី ០២នាក់ (វៀតណាម)។ ដកហូតវត្ថុតាង៖ កុំព្យូទ័រAll in one ០១គ្រឿង, កុំព្យូទ័រយួដៃ ១៧គ្រឿង និងទូរស័ព្ទដៃ ០៧គ្រឿង។
(២) ផ្ទះជួល សើ ស្រីណេ ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ឃាត់ខ្លួន ២២នាក់ ស្រី ០២នាក់ (វៀតណាម ១៧នាក់ ស្រី ០១នាក់ និងចិន ០៥នាក់ ស្រី ០១នាក់)។ ដកហូត÷ កុំព្យូទ័រAll in one ៦៩គ្រឿង, ទូរស័ព្ទដៃ ៤៨គ្រឿង, កំព្យូទ័រយួរដៃ ០២គ្រឿង, រថយន្ត ០១គ្រឿង និងទូរស័ព្ទដៃ ០១គ្រឿង។
(៣) ក្រុមហ៊ុន ញូវីនីធាន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ចុះត្រួតពិនិត្យរដ្ឋបាល រកឃើញជនបរទេសចំនួន ៣១៤នាក់ ស្រី ៧៤នាក់ មាន ៩សញ្ជាតិ(វៀតណាម ៤១នាក់ ស្រី ២៨នាក់, ចិន ២៥៦នាក់ ស្រី ៤២នាក់, ឡាវ ០២នាក់ ស្រី, មីយ៉ាន់ម៉ា ០១នាក់ ស្រី, ម៉ាឡេស៊ី ០១នាក់ ប្រុស, នេប៉ាល់ ០២នាក់ ប្រុស, ភីលីពីន ០១នាក់ ស្រី, សូរីណាម ០២នាក់ ស្រី, និងតៃវ៉ាន់ ០៨នាក់ ប្រុស) មានលិខិតឆ្លងដែន ២៤០នាក់ និងពុំមានលិខិតឆ្លងដែន ៧៤នាក់ បានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯទីតាំងប្រព្រឹត្ត ត្រូវបានក្រុមការងារសម្រេចបិទសៀលជាបណ្តោះអាសន្ន។
ទី៣៖ របាយការណ៍ស្តីពីលទ្ធផលស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត។
កាលពីថ្ងៃទី២០.០៥.២០២៦ ម៉ោង ០៨:០០នៅបុរី អ៊ែល ដារ៉ា ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងរដ្ឋបាលក្រុង និងដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលចំនួន ០៥ទីតាំង រកឃើញមានជនបរទេសកំពុងប្រព្រឹត្តបទល្មើសអនឡាញស្គេម និងឃាត់ខ្លួនជនសង្ស័យ ៦១នាក់ ស្រី ០៨នាក់ មាន ០២សញ្ជាតិ (ឥណ្ឌូនេស៊ី ៥៤នាក់ ស្រី ០៦នាក់ និងវៀតណាម ០៧នាក់ ស្រី ០២នាក់)។ ដកហូតសម្ភារវត្ថុតាង÷ កំព្យូទ័រAll-In-One ៥៥គ្រឿង, ទូរស័ព្ទដៃ ២៣៦គ្រឿង, កំព្យូទ័រយួរដៃ ១១គ្រឿង, CPU ២២៤គ្រឿង និងម៉ូនីទ័រ ២២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯទីតាំង ត្រូវបានក្រុមការងារសម្រេចបិទស៊ីលជាបណ្តោះអាសន្ន។
ទី៤៖ បាយការណ៍ស្តីពីលទ្ធផលចុះត្រួតពិនិត្យរដ្ឋបាល ស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត។
ថ្ងៃទី២២.០៥.២០២៦ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកស្រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឃាត់ខ្លួនជនសង្ស័យ ០៨នាក់ ស្រី ០១នាក់ (ម៉ាឡេស៊ី ០៧នាក់ ស្រី ០១ និងវៀតណាម ០១នាក់ ប្រុស) និងដកហូត ទូរសព្ទដៃ ១៧ គ្រឿង, កុំព្យូទ័រលើតុ ១៧៦គ្រឿង
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯទីតាំងប្រព្រឹត្ត ត្រូវបានក្រុមការងារបិទជាបណ្តោះអាសន្ន។
ទី៥៖ របាយការណ៍ស្តីពីលទ្ធផលចុះត្រួតពិនិត្យរដ្ឋបាល ឈានដល់ការបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ក្នុងភូមិសាស្ត្រសង្កាត់បាវិត ក្រុងបាវិត។
កាលពីថ្ងៃទី២៣.០៥.២០២៦ នៅចំណុចបុរី វីឡា ផ្ទះល្វែង សម្រាប់ជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំង គណៈបញ្ជាការឯកភាពក្រុងបាវិត និងដោយមានការសម្របសម្រួលពីលោកស្រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ចុះត្រួតពិនិត្យរដ្ឋបាល រកឃើញជនបរទេសសរុប ៣០នាក់ ស្រី ០២នាក់ (ចិន ២៥នាក់ ស្រី ០១នាក់ និងមីយ៉ាន់ម៉ា ០៥នាក់ ស្រី ០១នាក់) មានលិខិតឆ្លងដែន ១១នាក់ សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ដកហូត ទូរសព្ទដៃ ១០៦គ្រឿង, កុំព្យូទ័រលើតុ ៦៥គ្រឿង និងម៉ូនីទ័រ ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯទីតាំងប្រព្រឹត្ត ត្រូវបានក្រុមការងារបិទជាបណ្តោះអាសន្ន ផ្ទះល្វែងចំនួន ០៣ល្វែង៕








