អ្នកអភិរក្ស៖ បើគ្មានដែនជម្រកសត្វព្រៃស្រែកពក ពួកខ្ញុំនៅទីនេះស្មើនឹងស្លាប់, យើងនឹងជម្នះគ្រប់ឧបសគ្គ ដើម្បីបុព្វហេតុការពារធនធានធម្មជាតិ (Video inside)
24-05-2026 11:45
(មណ្ឌលគិរី)៖ ដែនជម្រកសត្វព្រៃស្រែពក គឺជាតំបន់អភិរក្សដ៏ធំមួយមានផ្ទៃដី៣៧២,៩៧១ ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកកោះញែក ខេត្តមណ្ឌលគិរី។ តំបន់នេះត្រូវបានចាត់ទុកថាជាបេះដូងនៃព្រៃទេសភាពខ្ពង់រាបភាគខាងកើត និងជាព្រៃរបោះដ៏ធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃកម្រ និងជិតផុតពូជលើពិភពលោក។
ក្រុមអ្នកស្រាវជ្រាវ អ្នកអភិរក្ស និងឧទ្យានុរក្សបានចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិក្នុងតំបន់ដែលជាដែនជម្រកសត្វព្រៃ ដើម្បីធ្វើយ៉ាងណាជួយថែរក្សា និងការពារជីវៈចម្រុះ ធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ មន្ត្រីឧទ្យានុរក្ស គឺជាឆ្មាំព្រៃជួរមុខដែលលះបង់កម្លាំងកាយចិត្ត និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីការពារធនធានធម្មជាតិ និងសត្វព្រៃ។ ពួកគាត់ដើរល្បាតក្នុងព្រៃជ្រៅអស់ជាច្រើនថ្ងៃ ថែរក្សាមរតកធម្មជាតិសម្រាប់កូនចៅជំនាន់ក្រោយ។ មន្រ្តីឧទ្យានុរក្ស បានបំពេញតួនាទីសំខាន់ ចុះអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅតាមតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តចំនួន១៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅទីស្នាក់ការម្រើច នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក ស៉ិន សត្ថា ប្រធានរិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាំលៀ បានអះអាងថា តំបន់ស្រែពកនេះ គឺមានមនុស្សច្រើនណាស់បានស្គាល់ ហើយសម្រាប់ពួកខ្ញុំបើសិនជាមិនមានដែនជម្រកសត្វព្រៃស្រែពក ឬក៏បាត់បង់ស្មើនឹងពួកខ្ញុំនៅទីនេះ ស្មើនឹងការស្លាប់ហើយ»។
លោក ស៉ិន សត្ថា បានលើកឡើងថា បើទោះបីមន្ត្រីឧទ្យានុរក្សមានចំនួនតិច បើប្រៀបធៀបនឹងចំនួនផ្ទៃដីការពារក៏ដោយ ក៏ពួកគាត់ រួមជាមួយក្រុមការងារល្បាតមិនរុញរា ដើម្បីបម្រើបុព្វហេតុការពារធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ ។ ការលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្ត មន្ទីរបរិស្ថានខេត្ត រួមជាមួយសំលេងគាំទ្ររបស់ប្រជាពលរដ្ឋ គឺជាកម្លាំងដ៏ខ្លាំងក្លាសម្រាប់មន្ត្រីឧទ្យានុរក្ស រួមនឹងអង្គការដៃគូអវឌ្ឍន៍ដទៃទៀតផងដែរ។
ប្រធានរិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាំលៀ បានសង្កត់ធ្ងន់ថា មានដែនជម្រកសត្វព្រៃស្រែពក គឺមានក្រុមការងារអភិរក្សទាំងអស់ ប្រសិនបើគ្មានដែនជម្រកសត្វព្រៃនេះទេ គឺមិនមានវត្តរបស់ក្រុមអ្នកអភិរក្សឈរជើងនៅទីនេះទេ។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ការលះបង់របស់មន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន គឺជាវីរភាព និងការលះបង់ដ៏មានតម្លៃបំផុត ដែលមិនអាចកាត់ថ្លៃបាន ជាពិសេសធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យគង់វង្សតទៅមុខទៀត។ មន្រ្តីឧទ្យានុរក្សទាំងអស់ បានលះបង់ពេលវេលាជាមួយក្រុមគ្រួសារ លះបង់កម្លាំងកាយកម្លាំងចិត្ត និងបញ្ញាស្មារតី ដើរល្បាតនៅតាមព្រៃ ភ្នំ ជ្រលងដងអូរ ទន្លេនានាទាំងយប់ ទាំងថ្ងៃ ដោយមិនខ្លាចនឿយហត់ ប្រឈមជំងឺដង្កាត់នានា វង្វេងផ្លូវ ដាច់បាយ ផ្លូវលំបាក ទឹកជំនន់ ការប្រឈមនឹងបទល្មើស ជួបគ្រោះថ្នាក់ដោយប្រការណាមួយ ក៏ប៉ុន្តែ មន្រ្តីឧទ្យានុរក្សទាំងបុរស និងស្រ្តី ត្រូវបានឈរជើង និងចុះល្បាតបង្កាបបទល្មើសធនធានធម្មជាតិ ជាប់ជាប្រចាំ នៅតាមតំបន់ការពារធម្មជាតិទាំងអស់ ដែលមានផ្ទៃដីជាង៧លានហិចតា ស្មើនឹងប្រមាណ៤០% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។
ជាមួយគ្នានេះ លោក ខ្វៃ អាទិត្យា បានបន្តថា កន្លងមកក៏ដូចជាបច្ចុប្បន្ន មន្រ្តីឧទ្យានុរក្សត្រូវបានទទួលការថែទាំ និងលើកទឹកចិត្តពីរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន ដូចជាការថែទាំសុខភាព ការការពារជំងឺការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពង្រឹងសមត្ថភាព របៀបនៃការចុះល្បាត និងបង្កាបបទល្មើស មធ្យោបាយ សម្ភារៈ ការប្រើប្រាស់ឧបករណ៍ ស្របនឹងការវិវត្តថ្មីនៃការជឿនលឿន នៃបច្ចេកវិទ្យា និងការអភិវឌ្ឍប្រទេស។
លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធ ក្នុងការបន្តថែរក្សាធនធានធម្មជាតិ និងគិតគូរចូលរួមលើកស្ទួយជីវភាព ប្រជាសហគមន៍មូលដ្ឋាន តាមរយៈកម្មវិធីអភិវឌ្ឍន៍វិស័យគោលដៅកម្សាន្តបៃតង និងបន្តអប់រំផ្សព្វផ្សាយ ដល់មហាជនទូទៅពីសារៈសំសំខាន់នៃយុទ្ធសាស្រ្តចក្រា ដែលផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣ គឺភាព ស្ងាត បៃតង និងចីរភាព ឆ្ពោះទៅការសម្រេចទស្សនវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានការអភិវឌ្ឍជឿនលឿន និងជាប្រទេសអព្យាក្រឹតកាបូន។
បច្ចុប្បន្នដែនជម្រកសព្រៃស្រែពកមានវត្តមានសត្វមួយចំនួនដូចជា៖ ក្រពើភ្នំ សត្វខ្ទីង ខ្លារខិន ដំរី ឈ្លូស ប្រើស ជ្រូកព្រៃ មាន់ព្រៃ ស្វា ក្ងោក និងប្រភេទសត្វផ្សេងៗទៀត និងមាន អនុផលព្រៃឈើផ្សេងៗទៀត ដូចជា ផ្សិត បន្លែ ផ្លែឈើផ្សេងៗដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់ការពារដែនជម្រកសត្វព្រៃស្រែពកនេះអាចអាស្រ័យផលបានជារៀងរាល់ឆ្នាំ៕























