មនុស្សជិត ១ពាន់នាក់ចូលរួមព្រឹត្តិការណ៍រត់កម្សាន្តសប្បុរសធម៌ «១ម៉ឺនជំហានដើម្បីសិស្ស ១ម៉ឺននាក់» នៅក្នុងខេត្តតាកែវ
24-05-2026 11:27
(តាកែវ)៖ ក្រុមមនុស្សប្រមាណជិត ១ ០០០នាក់ ដែលជាសិស្ស និស្សិត មន្រ្តីរាជការ កីឡាករ កីឡាការនី និងបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានជួបជុំគ្នានៅបរិវេណសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវដើម្បីចូលរួមកម្មវិធីដើរ និងរត់កម្សាន្តសប្បុរសធម៌ក្រោមប្រធានបទ «១ម៉ឺនជំហានដើម្បីសិស្ស ១ម៉ឺននាក់» ក្នុងស្មារតីសាមគ្គីភាព និងគាំទ្រដល់ការអប់រំ។
លោក ស៊ុត ខុន អភិបាលរងខេត្តតាកែវ បានចាត់ទុកព្រឹត្តការណ៍នេះ ពិតមានសារៈសំខាន់ខ្លាំងដែលមិនមែនត្រឹមតែជាការរត់ដើម្បីកម្សាន្ត និងស្វែងរកថវិការប៉ុណ្ណោះនោះទេ ប៉ុន្តែវាជាការរួមចំណែកដ៏ខ្ពង់ខ្ពស់ក្នុងការជួយសម្រាលការលំបាក និងផ្តល់ឱកាសឱ្យកុមារ ក៏ដូចជាសិស្សានុសិស្សខ្វះខាតចំនួន ១ម៉ឺននាក់ ឱ្យទទួលបានការអប់រំកាន់តែប្រសើរឡើង។
លោកអភិបាលរងខេត្តតាកែវ បានថ្លែងអំណរគុណចំពោះគ្រប់ស្ថាប័នពាក់ព័ន្ធ និងសប្បុរសជនទាំងអស់ដែលបានរួមដៃគ្នាបង្កើតព្រឹត្តិការណ៍នេះឡើង និងបានចាត់ទុកការហាត់ប្រាណ និងលេងកីឡា គឺជាឱសថដ៏ស័ក្តិសិទ្ធិសម្រាប់សុខភាពរាងកាយ និងស្មារតី។ ការដើរ ឬរត់ ១ម៉ឺនជំហាននៅថ្ងៃនេះ ក្រៅពីបានសុខភាពល្អ វាក៏ជាការបង្កើតនូវទម្លាប់រស់នៅស្អាត រស់នៅមានសុខភាពល្អ និងបង្កើននូវសាមគ្គីភាព មិត្តភាពយ៉ាងជិតស្និទ្ធរវាងគ្នានិងគ្នាផងដែរ។
សម្រាប់លោក ស៊ុត ខុន ព្រឹត្តិការណ៍នេះក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការដាស់តឿន និងបំផុសចលនាឱ្យប្រជាពលរដ្ឋ យុវជននៅក្នុងខេត្តតាកែវ ងាកមកស្រឡាញ់ និងលេងកីឡាកាន់តែច្រើនឡើង ដើម្បីជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន។
គួបញ្ជាក់ថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ័្មន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹតផងដែរ៕


















