FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ មិនអាចជោគជ័យបានទេ បើកម្ចាត់ត្រឹមក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ (Video inside)

24-05-2026 09:47

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងការបោសសំអាត​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតែជាកិច្ចការចាំបាច់សម្រាប់កម្ពុជា។ ក្នុងនោះសម្តេចតេជោ បានសង្កត់ធ្ងន់ថា ការបោសសំអាតអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើឡើងទន្ទឹមគ្នារវាង​ការ​បោសសំអាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធ។

ការចង្អុលបង្ហាញនូវវិធានការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធានមន្ទីរ អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិធានការចំពោះមន្ត្រីពាក់ព័ន្ធបទល្មើសឆបោកតាមបច្ចេកវិទ្យានេះ សម្តេចតេជោ បានដាក់ចេញពីកម្រិត។

កម្រិតទី១៖ អ្នកដែលជាប់ពាក់ព័ន្ធមិនត្រឹមតែដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខ​តុលាការ​ថែមទៀត។ សម្រាប់កម្រិតទី១ សម្តេចតេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេថែមទៀត

កម្រិតទី២៖ ដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយខេត្ត ចៅហ្វាយស្រុកនា មិនអើពើ មិនធ្វើ ដកចេញទៅ។

លោក ជា ធីរិទ្ធ បានដកស្រង់ប្រសាសន៍ដើមរបស់សម្តេចមកបញ្ជាក់ដូច្នេះ ««អ្នកមិនអាចទទួលជោគ​ជ័យ​បានទេ បើអ្នកដើរទៅវាយអ្នកឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ»។

លោក ជា ធីរិទ្ធ បានដកស្រង់ប្រសាសន៍ដើមរបស់សម្តេចមកបញ្ជាក់ទៀតថា «គ្មានការយោគយល់​ណា​មួយអាចទៅរួច នៅពេលដែលអ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំមាន​គុណសម្បត្តិចំពោះជាតិ កុំនិយាយថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ត្រូវតែធ្វើឱ្យពិភពលោកបានឃើញនូវឆន្ទៈក្នុងការបោសសំអាតទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ សម្តេចតេជោ បានណែនាំឱ្យដកចៅហ្វាយខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណា ដែលមិនព្រមបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕