ក្រោមការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី, វិស័យវិស័យសុខាភិបាលបច្ចុប្បន្នមានការរីកចម្រើនជាទីមោទន:
24-05-2026 09:19
(ត្បូងឃ្មុំ)៖ លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការងារពង្រឹងគុណភាពសេវា នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦នៅក្នុងខេត្តត្បូងឃ្មុំ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។
សមាសភាពចូលរួមមាន លោកស្រី នី ចាន់ធីតា អភិបាលរង នៃគណ:អភិបាលខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យទាំង៤ ប្រធានមន្ទីរពេទ្យខេត្ត អភិបាលរងក្រុង ស្រុក ទទួលបន្ទុកសុខាភិបាលក្រុងសួង, ស្រុកអូររាំងឪ, ក្រូចឆ្មារ, តំបែរ, ពញាក្រែក និងមេមត់ ប្រធានការិយាល័យស្រុកប្រតិបត្តិសុខាភិបាលទាំង៦ និងប្រធានមន្ទីរពេទ្យបង្អែកអូររាំងឪ, ព្រះនរោត្តមសីហនុ ត្បូងឃ្មុំ, ក្រូចឆ្មារ, តំបែរ, ពញាក្រែក និងមេមត់។
លោកបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា កម្មវិធីចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកអូររាំងឪ, ព្រះនរោត្តមសីហនុ ត្បូងឃ្មុំ, ក្រូចឆ្មារ, តំបែរ, ពញាក្រែក និងមេមត់ របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ខែឧសភា ឆ្នាំ២០២៦ ។
ក្នុងឱកាសបំពេញបេសកកម្មនេះ លោកបណ្ឌិត កែរ រដ្ឋា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលបានលះបង់ខ្ពស់ក្នុងការងារបំរើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយវិជ្ជាជីវៈ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិនត្រូវរើសអើងអ្នកជំងឺណាម្នាក់ ជាពិសេសអ្នកជំងឺក្រីក្រ អ្នកជំងឺមានបណ្ណមូលនីធិសមធម៌ ងាយរងគ្រោះ ងាយហានិភ័យ ជនមានពិការភាព និងអ្នកជំងឺ ប.ស.ស -។ ល។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីតែងតែគិតគូពីសុខភាព សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅក្នុងនោះ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។ ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព ។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំដ៏ឈ្លៀសវៃ និងប៉ិនប្រសប់របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា មន្ត្រីក្រសួងសុខាភិបាល ក្នុងអណ្ណតិរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យសុខាភិបាលបច្ចុប្បន្នមានការរីកចម្រើនជាទីមោទន: ។ ហើយក្នុងឆ្នាំ២០២៥កន្លងទៅនេះ រាជរដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់អភិវឌ្ឍមន្ទីរពេទ្យចំនួន៦១ កំរិត១ និងកំរិត២ អោយមានសមត្ថភាពផ្នែកវះកាត់ សង្គ្រោះបន្ទាន់ សង្រ្គោះទារក និងថែទាំអ្នកជំងឺធ្ងន់ធ្ងរ បង្ខិតសេវាសុខាភិបាលអោយកាន់តែកៀកនឹងប្រជាពលរដ្ឋ ដេីម្បីកាត់បន្ថយការបញ្ជូនទៅមន្ទីរពេទ្យថ្នាក់ជាតិ កាត់បន្ថយការចំណាយ និងពេលវេលារបស់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ៕



























































