FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វត្តមានក្រពើភ្នំ និងជីវៈចម្រុះដ៏សម្បូរណ៍បែប ក្នុងដែនជម្រកសត្វព្រៃស្រែពកនឹងទាក់ទាញការស្រាវជ្រាវ អ្នកទេសចរអន្តរជាតិ​ ឱ្យរួមគ្នាការពារ និងអភិរក្សសម្បត្តិធម្មជាតិ​ សម្រាប់មនុស្សជំនាន់ក្រោយ​ (Video inside)

24-05-2026 08:02

(មណ្ឌលគិរី)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងរិស្ថាន បានលើកឡើងថា វត្តមានក្រពើភ្នំ កាន់តែច្រើនឡើង​ និងជីវចម្រុះដ៏សម្បូរណ៍បែបនៅក្នុងដែនជម្រកសត្វព្រៃស្រែពក នឹងទាក់ទាញការស្រាវជ្រាវ និងអ្នកទេសចរអន្តរជាតិ មកទស្សនានៅកម្ពុជា។ ខណៈទន្លេស្រែពក គឺជាទីតាំងយុទ្ធសាស្ត្រ និងជាទីជម្រកធម្មជាតិដ៏ល្អបំផុតសម្រាប់ការអភិរក្សក្រពើភ្នំ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពិធីលែងកូនក្រពើភ្នំ ចំនួន១០ក្បាល ក្នុងនោះឈ្មោះ ១ក្បាល ដែលជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ប្រភេទសត្វកម្រនៅក្នុងទន្លេស្រែពក កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នាខេត្តមណ្ឌលគិរី លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា ទន្លេស្រែកពក គឺជាជម្រកដែលក្រពើភ្នំរស់នៅស្រាប់ ចំណែកការនាំកូនក្រពើភ្នំ មកលែងបន្ថែមនេះ ដើម្បីបង្កើនចំនួនរបាយក្រពើភ្នំ​ ដែលមានវត្តមានស្រាប់នៅក្នុងដែនជម្រកសត្វព្រៃស្រែកពក។ ពីព្រោះកាលពីឆ្នាំ២០២១ ក្រុមការងារក្រសួងបរិស្ថាន និងអង្គការដៃគូ បានរកឃើញសម្បុកកូនក្រពើភ្នំ បានញាស់ក្នុងធម្មជាតិដោយជោគជ័យ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា៖ «វត្តក្រពើភ្នំ នឹងជួយដល់ប្រព័ន្ធអេកូឡូស៉ីនៅក្នុងតំបន់ការពារធម្មជាតិ នឹងទាក់ទាញការចាប់អារម្មណ៍ក្នុងការសិក្សាស្រាវជ្រាវ​ ក៏ដូចជាការចង់ឃើញ ចង់ស្វែងយល់បន្ថែមទៀតអំពីសម្បត្តិធម្មជាតិ ដ៏មានតម្លៃ និងកម្រនៅលើពិភពលោក ពីអ្នកទេសចរ និងអ្នកសិក្សាស្រាវជ្រាវ»

លោក ខ្វៃ អាទិត្យា បានស្នើសុំឱ្យមានការចូលរួមបន្ថែមទៀតគ្រប់ភាគីពាក់ព័ន្ធ ដើម្បីការពារសម្បត្តិធនធានធម្មជាតិ ជីវៈចម្រុះ សត្វកម្រដែលកំពុងមានវត្តមាននៅក្នុងដែនជម្រកការពារធនធានធម្មជាតិទូទាំងប្រទេសកម្ពុជា ឱ្យនៅគង់វង្សតជំនាន់។

បើតាមលោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា បានថ្លែងថា ទន្លេស្រែពក ជាទីតាំងយុទ្ធសាស្ត្រ និងជាទីជម្រកធម្មជាតិដ៏ល្អបំផុតសម្រាប់ការអភិរក្សក្រពើភ្នំ ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក។​ ការសិក្សាស្រាវជ្រាវនៅតាមដងទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក គឺជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងនេះ។

នាយកអង្គការ WWF-កម្ពុជា បានឱ្យដឹងថា ទន្លេស្រែពក ត្រូវបានជ្រើសរើស មិនមែនដោយចៃដន្យនោះទេ ប៉ុន្តែផ្អែកលើការវាយតម្លៃផ្នែកអេកូឡូស៊ី និងវិទ្យាសាស្ត្រយ៉ាងច្បាស់លាស់។ តំបន់នេះ នៅតែជាប្រព័ន្ធទន្លេមួយក្នុងចំណោមប្រព័ន្ធទន្លេចុងក្រោយនៅកម្ពុជា ដែលទីជម្រកធម្មជាតិសម្រាប់សត្វក្រពើភ្នំ នៅតែមានសភាពសមស្រប ប្រព័ន្ធដីសើមធម្មជាតិ និងអាងទឹកជ្រៅនៅតែដំណើរការបានល្អ ហើយសំខាន់ជាងនេះទៅទៀត គឺមានភស្តុតាងបញ្ជាក់ថា សត្វក្រពើភ្នំកំពុងបន្តបង្កាត់ពូជនៅទីនោះ។

លោកបណ្ឌិត Dipankar Chyau Patnaik បានបន្តថា ការវាយតម្លៃលើភាពសមស្របនៃទីជម្រក ក៏បានបញ្ជាក់ថា តំបន់នេះបំពេញ តាមលក្ខខណ្ឌអេកូឡូស៊ី និងជីវសាស្ត្រសំខាន់ៗ ស្របតាមស្តង់ដារអន្តរជាតិ រួមទាំងគោលការណ៍របស់អង្គការ IUCN ផងដែរ។ ការវាយតម្លៃទាំងនេះ ក៏បានបង្ហាញថា ទោះបីមានហានិភ័យខ្លះក៏ដោយ ក៏ហានិភ័យទាំងនោះ អាចគ្រប់គ្រងបាន តាមរយៈការពង្រឹងការការពារ ការអនុវត្តច្បាប់ និងការគ្រប់គ្រងរួមជាមួយសហគមន៍។

ជាមួយគ្នានេះដែរ លោកបណ្ឌិត បានបញ្ជាក់ថា ទោះជាយ៉ាងណាក៏ដោយ ក៏ត្រូវទទួលស្គាល់ការពិតមួយដែរថា ចំនួនសត្វក្រពើភ្នំដែលនៅសេសសល់ មានចំនួនតិច បែកខ្ញែក និងងាយរងគ្រោះយ៉ាងខ្លាំង។ ប្រសិនបើគ្មានការ អន្តរាគមន៍សកម្មទេ ការស្តារឡើងវិញដោយធម្មជាតិមួយមុខ ប្រហែលជាមិនគ្រប់គ្រាន់ សម្រាប់ធានាការរស់រានមានជីវិតរយៈពេលវែងរបស់ប្រភេទសត្វនេះឡើយ។

សូមបញ្ជាក់ថា ទន្លេស្រែពក ក្នុងដែនជម្រកសត្វព្រៃស្រែពក មិនមែនគ្រាន់តែជាទីជម្រកមួយប៉ុណ្ណោះទេ ប៉ុន្តែ ជានិមិត្តរូបនៃក្តីសង្ឃឹម ភស្តុតាង និងឱកាស ព្រមទាំងជាកន្លែងដែលវិទ្យាសាស្ត្រ គោលនយោបាយ និងសកម្មភាពរបស់សហគមន៍ បានរួមគ្នាដើម្បីស្ដារធម្មជាតិឡើងវិញ៕