FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ប្រគល់គោគួរបាននិម្មិតរូបចំនួន២៥៥ក្បាល និងពពែ២៧០ក្បាល ជូនសាសនិកឥស្លាម ក្នុងខេត្តតាកែវ កំពត និងកែប និងបណ្តាភូមិមួយចំនួននៃខេត្តកណ្តាល និងរាជធានីភ្នំពេញ

23-05-2026 21:44

(តាកែវ)៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក រ៉ូហ្វី អូស្មាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា បានអញ្ជើញក្នុងពិធីសំណេះសំណាល និងប្រគល់គោគួរបាននិម្មិតរូប ចំនួន២៥៥ក្បាល និងពពែ២៧០ក្បាល ជូនសាសនិកឥស្លាមក្នុងខេត្តតាកែវ កំពត និងកែប និងបណ្តាភូមិមួយចំនួននៃខេត្តកណ្តាល និងរាជធានីភ្នំពេញ គិតជាថវិកាសរុបប្រមាណជិត ១៧ម៉ឺនដុល្លារអាមេរិក សម្រាប់សម្លេះក្នុងពិធីបុណ្យរ៉យ៉ាហាជ្ជី ដែលនឹងប្រារព្ធនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។

អំណោយខាងលើ ទទួលបានពីសប្បុរជន នៃប្រទេសម៉ាឡេស៉ី និងសិង្ហបុរី តាមរយៈគ្លីនិកម៉ើត ឌុល សេត ដែលពិធីប្រគល់និម្មិតរូបនេះ ត្រូវបានធ្វើឡើងចំនួន២ទីតាំង គឺនៅភូមិត្រពាំងលើក ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ និងភូមិដំណាក់ហ្លួង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

លោក រ៉ូហ្វី អូស្មាន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់លោកបណ្ឌិតទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដោយក្ដីនឹករលឹកជាទីបំផុត។

ក្នុងឱកាសនោះ លោកបានលើកឡើង អំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននិងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយមិនមានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

លោកបានបន្ថែមថា កម្ពុជា គឺជាប្រទេសគំរូដ៏ឆ្នើមលើឆាកអន្តរជាតិលើផ្នែកសុខដុមនីយកម្មសាសនា ដែលទទួលបានការកោតសរសើរពីអង្គការសម្ព័ន្ធពិភពឥស្លាម (MWL) និងបណ្តាប្រទេសជាច្រើនទៀតនៅលើពិភពលោក ហើយក្រោមគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនារបស់រាជរដ្ឋាភិបាល ប្រជាពលរដ្ឋទូទៅរស់នៅជាមួយគ្នា ដោយគ្មានការរើសអើង ទោះជាកាន់សាសនាខុសគ្នាក៏ដោយ។ ដូចនេះ សូមរួបរួមគ្នាជាធ្លុងមួយ ជឿជាក់លើការដឹកនាំរាជរដ្ឋាភិបាល ហើយត្រូវរួមគ្នាប្រឆាំងដាច់ខាតចំពោះឧបាយកលញុះញង់ បំបែកបំបាក់ណាមួយ ដែលមានបំណងបំផ្លាញសេចក្តីសុខសាន្តរបស់សហគមន៍យើង និងប្រទេសជាតិយើងទាំងមូល។

លោកបានថ្លែងអំណរអរគុណដល់សប្បុរជនប្រទេសម៉ាឡេស៉ី និងសិង្ហបុរី ដែលខិតខំប្រឹងប្រែងផ្តល់ជំនួយគោគួរបានដល់សហគមន៍ឥស្លាមកម្ពុជា ផ្តល់ជំនួយផ្សេងៗ និងធ្វើសកម្មភាពភាពមនុស្សធម៍ជាច្រើន នៅក្នុងសហគមន៍ឥស្លាមកម្ពុជា ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាសង្គមជាតិទាំងមូល ជាមួយរាជរដ្ឋាភិបាល៕