រដ្ឋបាលរាជធានីភ្នំពេញ រៀបចំធ្វើពិធីក្រុងពាលី សុំសេចក្តីសុខ រៀបចំកម្មវិធីសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សា រាជធានី-ខណ្ឌ នៅថ្ងៃស្អែក
23-05-2026 19:11
(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំធ្វើពិធីក្រុងពាលីបែបសាសនា តាមប្រពៃណីទំនៀមទំលាប់ខ្មែរ ក្រោមអធិបតីរបស់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ សមាជិកក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងខាងអាជ្ញាធរដែនដីរាជធានីភ្នំពេញ មានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
វត្តមានក្នុងឱកាសនោះដែរ មានលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, លោក ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងលោក លោកស្រី គណៈអភិបាលរាជធានីភ្នំពេញ លោកនាយក នាយករងរដ្ឋបាលរាជធានីភ្នំពេញ លោក លោកស្រី អភិបាលខណ្ឌទាំង១៤។
ពិធីក្រុងពាលីខាងលើតាមបែបសាសនាធ្វើឡើង ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ក្នុងកម្មវិធីរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នាកោះពេជ្រ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ៕

























