ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ចេញសេចក្តីក្រើនរំលឹកដល់សាធារណជន អំពីពាក្យចចាមអារាមរបស់ជនខិលខូចដែលមានបំណងទុច្ចរិត ផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដោយអះអាងថា នឹងទូទាត់ប្រាក់ក្នុងកម្រិតណាមួយ សម្រាប់ជាសំណងលើបំណុលដែលអ្នកដាក់ពាក្យស្នើសុំទាមទារទូទាត់បំណុល
23-05-2026 17:33
(ភ្នំពេញ)៖ ក្រុមហ៊ុន រីចឆ៍ & ផាតនើរ អ្នកជម្រះបញ្ជីគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ផេ សឺវីស ម.ក ក្រោមការតែងតាំងរបស់ធនាគារជាតិ នៃកម្ពុជា តាមរយៈប្រកាសលេខ ១៤.០២៦.២៦០. ប្រ.ក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ សូមជម្រាបជូន និងក្រើនរំលឹកដល់សាធារណជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះ យើងខ្ញុំ បានទទួលនូវពាក្យចចាមអារាមថា មានជនខិលខូចមួយចំនួនដែលអះអាងថាខ្លួនជាបុគ្គលិករបស់អ្នកជម្រះបញ្ជី ឬជាមន្ត្រីរបស់ធនាគារជាតិ នៃកម្ពុជា ឬតតិយជន បានផ្សព្វផ្សាយនូវព័ត៌មានមិនពិត ដោយអះអាងថា នឹងទូទាត់ប្រាក់ក្នុងកម្រិតណាមួយសម្រាប់ជាសំណងលើបំណុលដែល អ្នកដាក់ពាក្យស្នើសុំទាមទារទូទាត់បំណុលរបស់គ្រឹះស្ថាន បានដាក់មកអ្នកជម្រះបញ្ជី ដោយតម្រូវឱ្យមានការបង់ថ្លៃសេវាជូនដល់ជនទាំងនោះ។
យើងខ្ញុំសូមបញ្ជាក់ថា ព័ត៌មានចចាមអារាមខាងលើនេះ គឺជាព័ត៌មានមិនពិត។ យើងខ្ញុំសូមជម្រាបថា រហូតដល់ពេលបច្ចុប្បន្នដំណើរការនៃការជម្រះបញ្ជីកំពុងស្ថិតក្នុង ដំណាក់កាលប្រមូលទិន្នន័យ និងទទួលពាក្យស្នើសុំទាមទារទូទាត់បំណុល ហើយអ្នកជម្រះបញ្ជី នៅមិនទាន់អាចកំណត់អំពីការទូទាត់ណាមួយ ជូនអ្នកដាក់ពាក្យស្នើសុំ
ទាមទារទូទាត់បំណុលនៅឡើយ។ អ្នកជម្រះបញ្ជីសូមបញ្ជាក់បន្ថែមថា ការទូទាត់បំណុលនឹងត្រូវធ្វើឡើងដោយផ្អែកលើស្ថានភាពនៃទ្រព្យរបស់គ្រឹះស្ថានដែលជម្រះបាន ធៀបទៅនឹងបំណុលដែលនឹងត្រូវទទួលស្គាល់ជាក់ស្ដែង ហើយក្នុងករណីមានការទូទាត់ ការទូទាត់ទាំងនោះនឹងត្រូវតែធ្វើឡើងចេញពីគណនីធនាគាររបស់ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច- ផេ សឺវីស ម.ក ប៉ុណ្ណោះ ដោយមិនមានការទូទាត់ជាសាច់ប្រាក់ដោយផ្ទាល់ និងមិនតម្រូវឱ្យមានបង់កម្រៃសេវាណាមួយឡើយ។
យើងខ្ញុំ សូមក្រើនរំលឹកជូនដល់សាធារណជនទាំងអស់ឱ្យមានការប្រុងប្រយ័ត្នយ៉ាងខ្ពស់បំផុតចំពោះព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិតរបស់ជនខិលខូចមួយចំនួន ឆ្លៀតឱកាសឆបោកដែលនាំឱ្យមានការខាតបង់ផលប្រយោជន៍របស់អ្នកពាក់ព័ន្ធ៕
