FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦! រដ្ឋមន្ត្រីក្រសួងអប់រំ ថ្លែងថា «ជំនាញអ្វីក៏ល្អ និងមានតម្លៃ ឱ្យតែយើងសិក្សា ឱ្យបានចេះច្បាស់លាស់»

23-05-2026 17:23

(ភ្នំពេញ)៖ វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ បានរៀបចំធ្វើឡើង រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ក្រោមកិច្ចសហការ រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា, សហព័ន្ធនិស្សិតកម្ពុជានៅបរទេស, សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX) និងក្រុមហ៊ុនសាលាថេក។

វេទិកានេះ ក្រោមប្រធានបទ «ការបណ្ដុះជំនាញអាទិភាពសម្រាប់កម្ពុជានាថ្ងៃអនាគត» បានរៀបចំបើក ក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ វេទិកានេះ រៀ​បចំធ្វើឡើង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។

ក្នុងកម្មវិធីនេះ មានការចូលរួមពីសំណាក់ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានក្រុមប្រឹក្សាភិបាល នៃសហព័ន្ធនិស្សិតកម្ពុជា នៅបរទេស តំណាងសាកលវិទ្យាល័យ តំណាងវិស័យឯកជន លោកគ្រូ-អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិស្សានុសិស្សជាច្រើនរូប។

ថ្លែងក្នុងឱកាសបើកវេទិកានេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណ ដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំវេទិកានេះឡើង។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់មូលធនមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្សារភ្ជាប់គម្លាតរវាងការអប់រំថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សា។

លោករដ្ឋមន្ដ្រី បានលើកឡើងថា នៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ និងការវិវឌ្ឍពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើបច្ចេកវិទ្យា ព្រមទាំងតម្រូវការធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម ដូចជាជំនាញកែច្នៃម្ហូបអាហារ និងការប្រើប្រាស់ដ្រូន (Drone)។

លោកបានប្រាប់ឲ្យសិស្សានុសិស្ស ចាំបាច់ត្រូវពង្រឹងសមត្ថភាពលើផ្នែក STEM និងភាសាបរទេស ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការសិក្សានៅក្នុងស្រុក និងការត្រៀមខ្លួន ទៅសិក្សានៅបរទេស ហើយវេទិកានេះ នឹងផ្ដល់នូវព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីជួយយុវជន ក្នុងការស្វែងរកសក្ដានុពលពិតប្រាកដរបស់ខ្លួន។

តាងនាមក្រសួងអប់រំ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្ដាំផ្ញើ និងលើកទឹកចិត្តដល់យុវជនទាំងអស់ ឱ្យប្រើប្រាស់ពេលវេលាក្នុងវេទិកានេះ ឱ្យមានប្រសិទ្ធភាពបំផុត ដើម្បីពិគ្រោះយោបល់ជាមួយលោកគ្រូ អ្នកគ្រូ ស្វែងយល់ពីសក្ដានុពលរបស់ខ្លួន និងសិក្សាពីតម្រូវការទីផ្សារការងារជាក់ស្ដែង សំដៅជ្រើសរើសមុខជំនាញឱ្យបានត្រឹមត្រូវ។

បន្ថែមលើនេះ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ជំនាញអ្វីក៏ល្អ និងមានតម្លៃដែរ ឱ្យតែយើងសិក្សាឱ្យបានចេះច្បាស់លាស់ និងប្រាកដប្រជា ដូចនេះ សិស្សានុសិស្សត្រូវបណ្ដុះស្មារតីប្ដេជ្ញាចិត្ត សិក្សារៀនសូត្រពេញមួយជីវិត គួបផ្សំនឹងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយការច្នៃប្រឌិត។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏ប្រាប់ឲ្យប្រកាន់ខ្ជាប់នូវចរិយាធម៌ និងឥរិយាបថល្អ ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែង ក្នុងយុគសម័យឌីជីថលនាពេលអនាគត រួមចំណែកដល់ការលើកកម្ពស់មូលធនមនុស្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព។

សូមជម្រាបថា វេទិកានេះ ធ្វើឡើងក្នុងគោលបំណង ជំរុញឱ្យយុវជនកម្ពុជាទទួលបានព័ត៌មានអប់រំត្រឹមត្រូវ ច្បាស់លាស់ និងស្វែងរកភាពជាខ្លួនឯង ដើម្បីទទួលបានជោគជ័យក្នុងការបន្តថ្នាក់ឧត្តមសិក្សា និងជ្រើសរើសអាជីពនាពេលអនាគត។

ក្នុងរយៈពេលពីរថ្ងៃនៃកម្មវិធីវេទិកានេះ ក៏មានសកម្មភាពសំខាន់ៗជាច្រើន ដូចជា សន្និសីទអប់រំ វេទិកាពិភាក្សា កិច្ចសន្ទនា និងពិព័រណ៍អប់រំ ដែលមានការចូលរួមពីអ្នកជំនាញ អតីតនិស្សិត សហគ្រិន យុវជនដឹកនាំ និងវាគ្មិនអញ្ជើញមកពីក្នុង និងក្រៅប្រទេស។

អ្នកចូលរួមនឹងទទួលបានព័ត៌មាន និងបទពិសោធន៍ជាក់ស្ដែងពាក់ព័ន្ធនឹងការបន្តការសិក្សានៅកម្ពុជា និងក្រៅប្រទេស ឱកាសអាហារូបករណ៍ជាតិ និងអន្តរជាតិ ការអភិវឌ្ឍអាជីព សហគ្រិនភាព និងជំនាញចាំបាច់សម្រាប់អនាគត៕