FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីការ «ការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola)»

23-05-2026 17:17

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុ ជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។

ជំងឺនេះក៏បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ រហូតមកដល់ពេលនេះកម្ពុជា មិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ។

ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំងប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជន តាមបណ្ដាញទំនាក់ទំនងសង្គម។ ជាមួយនេះក្រសួងបានត្រៀមវិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា។ ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្ដាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់រហូតដល់៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។

វីរុសនេះត្រូវបានគេរកឃើញនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។

ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្សមាន ៤ ប្រភេទ រួមមាន អេបូឡា (Ebola)ស៊ូដង់ (Sudan) តៃហ្វ័ររេស (Tai Forest) និង ប៊ុនឌីប៊ូហ្គីយ៉ូ (Bundibugyo)។

បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡាមួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានិភ័យខ្ពស់។ មិនមានឱសថព្យាបាលជាក់លាក់ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។