លោក ផាន់ វណ្ណរ័ត្ន ប្រាប់ពីយុទ្ធសាស្ត្រ បង្ក្រាបគ្រឿងញៀនបច្ចេកវិទ្យាខ្ពស់ នៅតំបន់មេគង្គ និងការឆ្លុះបញ្ចាំងមេរៀនគ្រប់គ្រងហានិភ័យ ក្នុងជីវិតពិត
21-05-2026 19:00
(ភ្នំពេញ)៖ តាមរយៈ Facebook លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារងតុលាការកំពូល នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា កាលពីថ្ងៃទី២-៤ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ នៅក្នុងសិក្ខាសាលាតំបន់ ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិប្រឆាំងនឹងការជួញដូរគ្រឿងញៀន (Regional Seminar on International Cooperation Against Drug Trafficking) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ លោកបានចូលរួមជាវាគ្មិនកិត្តិយស និងបានចែករំលែកបទបង្ហាញស្តីពី «ទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការ ប្រតិបត្តិការនៅក្នុងតំបន់មេគង្គ» (Overview of Operational Cooperation in the Mekong Region)។
ជាតំណាងកម្ពុជា លោក ផាន់ វណ្ណរ័ត្ន បានលើកឡើងពីបញ្ហាប្រឈមដ៏ធំមួយ៖ «គ្រឿងញៀនសម័យថ្មី មិនមែនដើរដោយកម្លាំងបាយទៀតទេ គឺដើរដោយបច្ចេកវិទ្យាខ្ពស់ AI, ប្រព័ន្ធផ្សព្វផ្សាយកូដនីយកម្ម និងប្រព័ន្ធហិរញ្ញវត្ថុគ្រីបតូ (Cryptocurrency)»។ ទោះជាយ៉ាងណា កម្ពុជាបានសហការបង្ក្រាបយ៉ាងចាស់ដៃ ដោយក្នុងឆ្នាំ២០២៣ តែមួយ យើងបានចូលរួមបង្ក្រាប និងរឹបអូសទ្រព្យសម្បត្តិពីក្រុមឧក្រិដ្ឋជនបានរហូតដល់ប្រមាណ ១០ លានដុល្លារអាមេរិក។
លោក ផាន់ វណ្ណរ័ត្ន បានបង្ហាញ ៣មេរៀនគន្លឹះជាក់ស្តែង សម្រាប់ស្ថាប័នពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ពីកិច្ចការងារច្បាប់ និងការបង្ក្រាបកម្រិតអន្តរជាតិនេះ មានចំណុចយុទ្ធសាស្ត្រ និងការឆ្លុះបញ្ចាំងចំនួន៣ ដែលបងប្អូនអាចយកទៅរៀនសូត្រ និងអនុវត្តក្នុងជីវិតពិតបាន៖
១៖ កាត់ផ្តាច់សរសៃឈាមហិរញ្ញវត្ថុ និង «ការសិក្សាស្វែងយល់ឱ្យច្បាស់មុនពេលពង្រីកខ្លួន» ក្នុងការបង្ក្រាបបទល្មើស ការរឹបអូសទ្រព្យសម្បត្តិ និងការកាត់ផ្តាច់ប្រភពលុយ គឺជារឿងសំខាន់បំផុត។ ងាកមកមើលក្នុងពិភពអាជីវកម្មវិញ ក៏មិនខុសគ្នាដែរ៖
* មេរៀនជាក់ស្តែងពីគ្រួសារ៖ ភរិយារបស់ខ្ញុំផ្ទាល់ ធ្លាប់បានខិតខំប្រឹងប្រែងពង្រីកមុខរបរយ៉ាងខ្លាំង ក្រោយ កូវីដ ១៩ និងក្នុងអំឡុងពេលដែលស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់កំពុងជួបវិបត្តិមិនល្អ។ ប៉ុន្តែ ដោយសារតែខ្វះការសិក្សាស្រាវជ្រាវ និងវាយតម្លៃពីហានិភ័យឱ្យបានច្បាស់លាស់ជាមុន វាបានបណ្តាលឱ្យជួបការខាតបង់ជាច្រើន។
* ការអនុវត្ត៖ មុននឹងសម្រេចចិត្តពង្រីកអាជីវកម្ម ឬបោះទុនវិនិយោគក្នុងសម័យសេដ្ឋកិច្ចស្រពិចស្រពិល ចាំបាច់ត្រូវសិក្សាពីទិន្នន័យ ទីផ្សារ និងហានិភ័យជុំវិញឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន ជៀសវាងការដើរខុសយុទ្ធសាស្ត្រ។
២៖ ស្វែងរកដៃគូសហការ និង «តថភាពពិតនៃឧបសគ្គភូមិសាស្ត្រនយោបាយ» យុទ្ធសាស្ត្រប្រឆាំងគ្រឿងញៀនត្រូវការដៃគូ និងកិច្ចសហការ ប៉ុន្តែការអនុវត្តជាក់ស្តែង វាមិនងាយស្រួលឡើយ។
ជាក់ស្តែង ប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ដែលសុទ្ធតែជាសមាជិកក្នុងតំបន់ទន្លេមេគង្គ បានជួបប្រទះបញ្ហាសង្គ្រាមផ្ទៃក្នុង និងការបិទព្រំដែន ដែលកត្តានេះហើយបានបង្កជាឧបសគ្គរាំងស្ទះយ៉ាងខ្លាំង ធ្វើឱ្យកិច្ចសហប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឆ្លងដែនមិនអាចទទួលបានប្រសិទ្ធភាពល្អពេញលេញតាមការរំពឹងទុក។
* ការអនុវត្ត៖ ក្នុងការរកស៊ី ឬការងារដឹកនាំ យើងគប្បីត្រៀមលក្ខណៈជាមុនសម្រាប់ «ហានិភ័យដែលមើលមិនឃើញ» ឬ «ប្រធានស័ក្តិ» ពីព្រោះទោះបីជាយើងមានដៃគូ ឬផែនការល្អយ៉ាងណា ក៏កត្តាខាងក្រៅអាចមកបង្កការរំខានបានដែរ។ ត្រូវតែមាន ផែនការបម្រុងជានិច្ច។
៣៖ ការទាញយកទិន្នន័យភ្លាមៗ
យុទ្ធសាស្ត្រអនាគតរបស់កម្ពុជាគឺការជំរុញឱ្យមានប្រព័ន្ធទិន្នន័យរួមគ្នាបែបឌីជីថលទាន់ហេតុការណ៍ ដើម្បីក្តាប់ព័ត៌មាន និងភស្តុតាងឆ្លងដែនឱ្យបានលឿន។ សម្រាប់បងប្អូន មិនថាតែធ្វើការងាររដ្ឋ ឯកជន ឬរកស៊ីនោះទេ ការទទួលបានព័ត៌មាន និងទិន្នន័យលឿនរហ័ស ត្រឹមត្រូវ និងទាន់ពេល គឺជាអាវុធដ៏មានឥទ្ធិពលបំផុត ក្នុងការសម្រេចចិត្តប្រកបដោយភាពវៃឆ្លាត។
ផ្អែកលើបទពិសោធន៍ច្បាប់ និងកិច្ចពិភាក្សាកម្រិតតំបន់ ខ្ញុំសូមចែករំលែកនូវអនុសាសន៍យុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាប និងទប់ស្កាត់គ្រឿងញៀន៖
* ពង្រឹងការស៊ើបអង្កេតហិរញ្ញវត្ថុទន្ទឹមនឹងការបង្ក្រាបបទល្មើស គឺមិនត្រូវផ្តោតតែលើការចាប់សារធាតុញៀននោះទេ ត្រូវតែដេញតាមខ្សែញាក់ និងខ្សែសង្វាក់លុយកាក់ដើម្បីបង្កក និងរឹបអូសទ្រព្យសម្បត្តិមេខ្លោង ដែលនេះជាវិធីសាស្ត្រទប់ស្កាត់ការរស់ឡើងវិញនៃបណ្តាញឧក្រិដ្ឋជន។
* បង្កើតក្រុមការងារចម្រុះ និងច្បាប់ពិសេស ដោយគប្បីបង្កើតក្រុមការងារច្បាប់និងបច្ចេកវិទ្យាដែលមានភាពបត់បែនខ្ពស់ ដើម្បីតាមដានបទល្មើសដែលកើតឡើងលើប្រព័ន្ធអនឡាញ កូដនីយកម្ម និងរូបិយប័ណ្ណឌីជីថល។
* យន្តការសហការរវាងរដ្ឋ និងឯកជន គឺមានន័យថាស្ថាប័នអនុវត្តច្បាប់គប្បីសហការជិតស្និទ្ធជាមួយក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត និងស្ថាប័នហិរញ្ញវត្ថុ (ធនាគារ) ដើម្បីស៊ើបអង្កេត និងទប់ស្កាត់រាល់លំហូរហិរញ្ញវត្ថុ និងការជួញដូរខុសច្បាប់បានទាន់ពេលវេលា។ ដែលចំណុចនេះ នៅអារ៉ាប់រួម ការប្រើប្រាស់ទូរស័ព្ទមានលក្ខណៈតឹងរឹង បើគ្មានលិខិតឆ្លងដែន ឬអត្តសញ្ញាណប័នទេ ពុំអាចប្រើប្រាស់បានឡើយ។
* តុល្យភាពរវាង «ការបង្ក្រាប» និង «ការស្តារនីតិសម្បទា» គឺអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះមេខ្លោងជួញដូរ ប៉ុន្តែត្រូវផ្តល់ឱកាសស្តារនីតិសម្បទា និងអប់រំឡើងវិញដល់អ្នកញៀនរងគ្រោះ ឬជនល្មើសកម្រិតស្រាល ដើម្បីកាត់បន្ថយតម្រូវការទីផ្សារគ្រឿងញៀនក្នុងសហគមន៏។
វិធីសាស្ត្រការពារខ្លួន និងក្រុមគ្រួសារ៖
គប្បីចំណាយពេលពិភាក្សា និងតាមដានការប្រើប្រាស់បច្ចេកវិទ្យារបស់សមាជិកគ្រួសារ ព្រោះឧក្រិដ្ឋជនតែងប្រើប្រាស់កម្មវិធីជជែកកំសាន្តសម្ងាត់ដើម្បីអូសទាញ និងគប្បីមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបបួលវិនិយោគ ឬការផ្ទេរប្រាក់មិនច្បាស់លាស់តាមរយៈគ្រីបតូ។
សរុបមក៖ «រួមគ្នា យើងអាចការពារអនាគតនៃតំបន់ និងក្រុមគ្រួសាររបស់យើងបាន តាមរយៈកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់»៕



