FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្ទេរទណ្ឌិតជាក្មេងទំនើងចំនួន ៧៩០នាក់ ទៅព​​​ន្ធនាគារខេត្តពោធិ៍សាត់ និងឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ

21-05-2026 17:52

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ ដើម្បីគាំទ្រដល់កម្លាំងជួរមុខ កំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។

សេចក្តីប្រកាសព័ត៌មាន ​របស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បញ្ជាក់ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ ដូចខាងក្រោម៖

​១. មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់)៖ ចំនួន៦៥១នាក់។
២. ពន្ធនាគារខេត្តឧត្តរមានជ័យ៖ ចំនួន ១៣៩នាក់។

​ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ គឺក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង និងដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផងដែរ។

កម្មវិធីបណ្តុះបណ្តាលទាំងនោះ រួមមាន ជំនាញកសិកម្ម ដូចជាការដាំដុះបន្លែបង្ការ ការចិញ្ចឹមសត្វ និងជំនាញសំណង់ ដូចជា ការចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិ។

​កម្មវិធីបណ្តុះបណ្តាលខាងលើនេះ នឹងត្រូវអនុវត្តឡើងក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធពីមន្ត្រីជំនាញកសិកម្ម និងមន្ត្រីជំនាញផ្នែកកសាងលេណដ្ឋាន៕