FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិស័យកសិ-ឧស្សាហកម្មសរសៃសូត្រធម្មជាតិ ផលិតពីស្លឹកមន បោះជំហានផ្គត់ផ្គង់លើទីផ្សារអន្តរជាតិ

21-05-2026 17:23

(ស្ទឹងត្រែង)៖ វិស័យកសិ-ឧស្សាហកម្ម នៅក្នុងខេត្តស្ទឹងត្រែង កំពុងបោះជំហានទៅរករបត់ថ្មីមួយទៀត តាមរយៈការបង្កើតខ្សែច្រវាក់ផលិតកម្មដាំដើមមន និងចិញ្ចឹមដង្កូវនាង ដើម្បីផលិតជាសូត្រធម្មជាតិ សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារអន្តរជាតិ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង លោក ទុំ នីរ៉ូ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា ក្រុមហ៊ុនកសិកម្ម «ហ័ងអញ វៀតណាម» ដែលមានទីតាំងស្ថិត នៅក្នុងស្រុកបុរីអូស្វាយសែនជ័យ បាននិងកំពុងអនុវត្តគម្រោងដាំដុះដើមមនយកស្លឹក សម្រាប់ធ្វើជាចំណីដង្កូវនាង ក្នុងគោលបំណងផលិតជាសូត្រធម្មជាតិ។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា បច្ចុប្បន្នខ្សែច្រវាក់ផលិតកម្មនេះ ស្ថិតក្នុងដំណាក់កាលផលិតវត្ថុធាតុដើមនៅឡើយ ដោយសារខេត្តស្ទឹងត្រែងមិនទាន់មានរោងចក្រកែច្នៃផ្ទាល់។ ផលិតផលសូត្រដែលប្រមូលបាន ត្រូវដឹកជញ្ជូនទៅកាន់រោងចក្រកែច្នៃរបស់ក្រុមហ៊ុន ស្ថិតនៅក្នុងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ដើម្បីផលិតជាសរសៃសូត្រសម្រេច រួចបន្តនាំចេញទៅកាន់ទីផ្សារធំ គឺប្រទេសឥណ្ឌា។

ពាក់ព័ន្ធនឹងឱកាសពង្រីកសក្ដានុពលសេដ្ឋកិច្ចក្នុងស្រុក លោកប្រធានមន្ទីរ បានបន្ថែមថា តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានស្នើឲ្យក្រុមហ៊ុនពិចារណា បើករោងចក្រកែច្នៃសរសៃសូត្រនេះផ្ទាល់ នៅក្នុងខេត្តស្ទឹងត្រែងតែម្ដង។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានប្ដេជ្ញាចិត្តថា នឹងបង្កើតរោងចក្រកែច្នៃនាពេលអនាគត នៅពេលណាដែលទិន្នផលដាំដុះ និងការផលិតសូត្រកើនឡើងដល់កម្រិតមួយ ដែលអាចផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្មរបស់រោងចក្របានប្រកបដោយស្ថិរភាព៕