គ្រោងចំណាយថវិការដ្ឋក្នុងឆ្នាំ២០២៧ ទាបជាងឆ្នាំ២០២៦បន្តិច ប៉ុន្តែនៅតែគិតលើវិស័យការពារជាតិជាចម្បង (Video inside)
21-05-2026 16:49
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៧ខាងមុខនេះ ចំណាយសរុបថវិការដ្ឋ ត្រូវបានគ្រោងក្នុងទំហំ ១៧.០៣% នៃ ផ.ស.ស. ឬថយប្រមាណ ១.៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦។ នេះបើយោងតាមសារាចរ ស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧។
ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ គ្រោងចំណាយថវិការដ្ឋសរុបចំនួន ៤០ ៩១៣ប៊ីលានរៀល ស្មើនឹងប្រមាណ ១០ពាន់លានដុល្លារស្មើនឹង ១៨.៨៥% នៃ ផ.ស.ស. ឬកើនចំនួន ៧.៨ភាគរយ ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥។
តាមសារាចរណ៍បានបញ្ជាក់ថា ចំណាយចរន្តថវិការដ្ឋត្រូវបានគ្រោងក្នុងទំហំ ១២.៤១% នៃផ.ស.ស. ក្នុងឆ្នាំ២០២៧ ដែលមានកំណើនប្រមាណ ៧.១% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦។ សម្រាប់ឆ្នាំ ២០២៨-២០២៩, ចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រាជាមធ្យមប្រមាណ ៥.២% ក្នុងមួយឆ្នាំ ដែលនឹងមានទំហំក្នុងរង្វង់ ១១.៨៥% នៃ ផ.ស.ស. នៅឆ្នាំ២០២៩។
សម្រាប់ចំណាយបន្ទុកបុគ្គលិក ក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រា ៨.២% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៦ ដោយបានគិតគូរការដំឡើងបៀវត្ស ព្រមទាំងការដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីបន្តលើកកម្ពស់ និងគាំទ្រដល់សុខុមាលភាពមន្ត្រីរាជការ ក្នុងកាលៈទេសៈចំពោះមុខនេះ។
ចំពោះចំណាយមិនមែនបន្ទុកបុគ្គលិក ក្នុងឆ្នាំ២០២៧ ត្រូវបានគ្រោងឱ្យមានកំណើនក្នុងអត្រា ៦.៤% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៦ ស្របតាមគោលការណ៍ពង្រឹងសក្តិសិទ្ធិភាពនៃការវិភាជថវិកា តាមរយៈការខិតខំតម្រង់ការវិភាជថវិកាឱ្យបានត្រឹមត្រូវ និងចំគោលដៅ បន្តត្បិតត្បៀតលើមុខសញ្ញាចំណាយមិនចាំបាច់ និងមិនសូវចាំបាច់ ព្រមទាំងរក្សាឱ្យបាននូវនិរន្តរភាព ប្រតិបត្តិការរបស់ក្រសួង ស្ថាប័ន និងជាពិសេសគាំទ្រដល់ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់, ការផ្តល់អាទិភាពលើវិស័យសង្គមកិច្ច, ការលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តគោលនយោបាយគាំពារសង្គម សំដៅលើកកម្ពស់សមធម៌ និងភាពសុខដុមក្នុងសង្គម។
ទន្ទឹមនេះ រាជរដ្ឋាភិបាល បានគិតគូរបង្កើនធនធានបន្ថែម ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយត្រូវចែករំលែកចំណូលពីសេវាសាធារណៈក្នុងអត្រា ១៥% សម្រាប់ ជាគុណប្រយោជន៍ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការ «មូលនិធិភាតរភាព» ចាប់ពីឆ្នាំ ២០២៧ តទៅ និងបានត្រៀមកញ្ចប់ថវិកា ក្នុងឥណទានថវិកាមិនទាន់បែងចែករបស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តនូវមុខសញ្ញាថ្មីៗ និងកម្មវិធីអន្តរាគមន៍ ដើម្បីរក្សាលំនឹងជីវភាពប្រជាជន និងលើកកម្ពស់សមធម៌សង្គម ក្នុងករណីចាំបាច់ផងដែរ។
តាមសារាចរណ៍នេះ វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ត្រូវបានគ្រោងប្រមាណចំណាយប្រមាណ ២.៧១%សម្រាប់ឆ្នាំ ២០២៧ នៃ ផ.ស.ស. សំដៅបន្តពង្រឹងសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី សន្តិសុខ និងសុវត្ថិភាព, ការយកចិត្តទុកដាក់លើជីវភាព និងសុខុមាលភាពកងកម្លាំងប្រដាប់អាវុធ ព្រមទាំងការគ្រប់គ្រង និងថែទាំយុទ្ធោបករណ៍ និងសម្ភារៈបច្ចេកទេស, ការអនុវត្តកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ, ការអនុវត្តកិច្ចការសន្តិសុខមិនប្រពៃណី, ការពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព», ការធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យព្រំដែន, ការអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈជូនកងកម្លាំងនគរបាលជាតិ និងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃយុត្តិធម៌។
ចំណែក វិស័យសង្គមកិច្ច ត្រូវបានគ្រោងប្រមាណ ៤.៨២%នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧ ពោលគឺនៅតែចាត់ទុកជាវិស័យអាទិភាពទី១ ក្នុងនោះសំដៅបន្តរក្សាលំនឹងជីវភាពប្រជាជន ព្រមទាំងលើកកម្ពស់សមធម៌សង្គម, បន្តលើកកម្ពស់ គុណភាពអប់រំ និងគាំទ្រដល់ការពង្រឹង និងពង្រីកការទទួលបានសេវាអប់រំ, ការអភិវឌ្ឍជំនាញ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ពិសេសនៅក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្ម, លើកកម្ពស់ គុណភាពសេវាសុខាភិបាល និងការពង្រីកការទទួលបានសេវាថែទាំសុខភាព ឆ្ពោះទៅការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជា, ជំរុញការអនុវត្តគោលនយោបាយជាតិគាំពារសង្គម, ការបន្ត ផ្តល់របបសន្តិសុខសង្គម, ការលើកកម្ពស់សមភាពយេនឌ័រ, និងការបន្តគាំទ្រដល់គោលនយោបាយ អាទិភាពផ្សេងទៀត ក្នុងផ្នែកសង្គមកិច្ច, សាសនា, វប្បធម៌ និង បរិស្ថាន។
រីឯវិស័យសេដ្ឋកិច្ច ត្រូវបានគ្រោងប្រមាណ ៣.២៨% នៃ ផ.ស.ស. សម្រាប់ឆ្នាំ ២០២៧ ដោយផ្តោតសំខាន់លើការលើកកម្ពស់ ផលិតភាពស្របតាមស្តង់ដា និងតម្រូវការទីផ្សារ, ការលើកកម្ពស់ផលិតភាពកសិកម្ម និងការជួយ គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្ម តាមរយៈការបន្តដាក់ពង្រាយមន្ត្រីបច្ចេកទេស កសិកម្ម ទៅគ្រប់ឃុំ-សង្កាត់ទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិកម្មទំនើប, ការគាំទ្រការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម, ការជួសជុល និងការថែទាំប្រព័ន្ធធារាសាស្ត្រ ផ្លូវ ស្ពាន និងផ្លូវលំជនបទ, ការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានរ៉ែគ្រប់ប្រភេទ និងការអភិវឌ្ឍ វិស័យថាមពល និងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨, គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០, ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥, គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ ២០២២-២០៣៥ និង គោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្មឆ្នាំ ២០២១-២០៣០៕
ចុចអាន៖ https://t.me/freshnewsasia/284577
