FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រគល់ពា​នរង្វាន់ជ័យលាភី នៃការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិ លើកទី៥ ឆ្នាំ២០២៦

21-05-2026 16:21

(ភ្នំពេញ)៖ លោក ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភី នៃការប្រកួតប្រជែង​សេរសំបុត្រថ្នាក់ជា​តិ​​លើកទី៥ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចូរសរសេរសំបុត្រ​ទៅ​​កាន់​មិត្តភក្តិម្នាក់ពីមូល​ហេតុដែលទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុង​ពិភព​​ឌី​ជីថល- Write a letter to a friend about why human connection matters in a digital world.»។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ត្រីរាជការ ក.ប.ទ. តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លោក លោកស្រី តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សជាច្រើនកុះករ នៅទីស្តីការ ក.ប.ទ.។

នៅក្នុងឱកាសនេះ រដ្ឋលេខាធិការ ឯក វណ្ណឌី បានកោតសរសើរ វាយតម្លៃខ្ពស់ និងបានលើកទឹកចិត្តដល់ក្មួយ​ៗជ័យលាភីទាំងអស់ ឱ្យខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ ដែលជាទំពាំងស្នងឬស្សីនាពេលអនាគត។

លោករដ្ឋលេខាធិការ បានបន្តថា វិស័យ​ប្រៃសណីយ៍ មានសក្តានុពលក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រ​ជា​​​​ជនកម្ពុជា ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើអាជីវកម្ម ទំនាក់ទំនងគ្នារវាងទីក្រុង និងជនបទ​។

ជាមួយគ្នានេះ សំបុត្រដែលបេក្ខជនបានផ្ញើតាមសេវាប្រៃសណីយ៍ ដើម្បីដាក់ចូលរួមប្រកួតប្រជែងមានចំនួនសរុប ២,៦៨៧ សំបុត្រ មក​ពី៤១សាលា និង១៨ រាជធានី-ខេត្ត។ គណៈកម្មការបានធ្វើកំណែវាយតម្លៃដាក់ពិន្ទុយ៉ាងយកចិត្តទុកដាក់លើសំណេ​រ​របស់បេក្ខជនទាំងអស់ ដោយសម្រេ​ចជ្រើសរើសសំណេរ​មាន​ខ្លឹមសារល្អជាងគេ និងសម្ភាសន៍តាមអនឡាញអំពីអត្ថន័យនៃសំបុត្រ និងការយល់ដឹងទូទៅពាក់ព័ន្ធនឹងទំនាក់ទំនងរវាងមនុស្សមានសារៈសំខាន់ចាំបាច់នៅក្នុង​ពិភព​​ឌី​ជីថល របស់បេក្ខជនម្នាក់ៗ។
ជាលទ្ធផល គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប។ សម្រាប់សំណេររបស់បេក្ខជនជ័យលាភីលេខ១ គណៈកម្មការបានជ្រើសរើសជាតំណាងរបស់កម្ពុជា និងបានផ្ញើទៅចូលរួមប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union) ដែលមានការចូលរួមប្រកួតប្រជែង ពីបណ្ដាប្រទេសសមាជិកចំនួន១៩២ នៅលើពិភពលោក ហើយលទ្ធផលនៃការប្រកួតនេះ នឹងត្រូវប្រកាសនៅក្នុង ខែតុលា ឆ្នាំ២០២៦ ខាងមុខ។

តាមរយៈការប្រកួតប្រជែងនេះ ឯកឧត្តមរដ្ឋលេខាធិការ មានសង្ឃឹមជឿជាក់ថា សិស្សានុសិស្សទាំងអស់ពិតជាបានទទួលចំណេះដឹង បទពិសោធន៍ល្អៗ ដែលជួយដល់ការបង្កើនសមត្ថភាព ការស្រាវជ្រាវ ការយល់ដឹង ទំនុកចិត្ត និងការសម្រេចជោគជ័យក្នុងការសិក្សា ក៏ដូចជាការប្រកួតប្រជែងដទៃទៀត ទាំងក្នុងប្រទេស និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋលេខាធិការ បានផ្តល់កិត្តិយសផ្តល់វិញ្ញាបនបត្រដល់សិស្សជ័យលាភី ព្រមទាំងប្រគល់រង្វាន់លើកទឹកចិត្ត រួមមាន៖
* ជ័យលាភីលេខ១ សិស្សឈ្មោះ ហេង រក្សា ភេទស្រី មកពីអនុវិទ្យាល័យពងទឹក ខេត្តកែប ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃចំនួន១ កាបូបចំនួន១ និងថវិកា​​ចំនួន៤ លានរៀល
* ជ័យលាភីលេខ២ សិស្សឈ្មោះ ឡូត សំរិទ្ធិការ្យ ភេទស្រី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ភ្នំពេញ ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កុំព្យូទ័រយួរដៃចំនួន១ កាបូបចំនួន១ និងថវិកាចំនួន២ លានរៀល
* ជ័យលាភីលេខ៣ សិស្សឈ្មោះ លី ធីតាវឌ្ឍនា ភេទស្រី មកពីសាលាពន្លឺវិជ្ជាអន្តរជាតិ​ ខេត្តកំពង់​​ចាម​ទទួលបាន មេដាយចំនួន១ សៀវភៅតែមប្រិ៍ចំនួន១ វិញ្ញាបនបត្រចំនួន១ កាបូបចំនួន១ និងថវិកាចំនួន ១ លា​នរៀល
* និង ជ័យលាភីលេខ៤ ដល់ លេខ១០ ទទួលបានវិញ្ញាបនបត្រចំនួន១ ប្រាក់លើកទឹកចិត្តចំនួន៥0 ម៉ឺនរៀល តែមប្រិ៍ចំនួន១​ ឈុ​ត និងកាបូបចំនួន១​។

សូមជម្រាបជូនថា ការប្រកួត​ប្រជែង​សរសេរសំបុត្រថ្នាក់ជាតិនេះ បានផ្តល់ឱកាសដ៏ល្អ​សម្រាប់​សិស្សា​នុសិស្សបញ្ចេញ​ទេពកោសល្យ បង្កើនសមត្ថភាព គំនិតច្នៃប្រឌិត និងទេពកោសល្យយ៉ាងប៉ិនប្រសប់របស់ក្មួយៗលើការសរសេរ ការស្រាវជ្រាវ ការវិភាគបញ្ហា និងដំណោះស្រាយទៅលើបញ្ហា។

នៅក្នុង​​​ពិភព​​ឌី​ជីថល មនុស្សបានផ្សារភ្ជាប់គ្នាទៅដល់ចម្ងាយឆ្ងាយ និងផ្តល់លទ្ធភាពលើការទំនាក់ទំនងគ្នាយ៉ាងសម្បូរបែប។ ប្រធានបទនៅឆ្នាំនេះ ហាក់បានពញ្ញាក់ស្មារតីយើងថា «ទំនាក់ទំនងរវាង​មនុ​ស្សដោយផ្ទាល់​​​នៅតែមានសារៈសំខាន់»​ បើទោះបីជាបច្ចេកវិទ្យាបានចូលមកដល់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើង និងយើងចូលរួមចំណែក ក្នុងការធ្វើឱ្យប្រសើរឡើងនៃគុណភាពជីវិតរបស់យើងនៅផ្នែកណាមួយក៏ដោយ។

តាមរយៈកម្មវិធីនេះ សិស្សានុសិស្សបានយល់ដឹងនិងប្រើប្រាស់​សេវា​បញ្ញើរបស់ប្រៃស​ណីយ៍ ដែលបច្ចុប្បន្ន កំពុងពង្រីកបណ្តាញរបស់ខ្លួនឱ្យកាន់តែទូលំទូលាយទៅជិតនឹងសហគមន៍៕