សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមអបអរសាទរជូនប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
20-05-2026 15:18
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ បានផ្ញើសាលិខិតសម្តែងនូវការអបអរសាទរយ៉ាងស្មោះសរបំផុត និងសព្ទសាធុការពរជូនចំពោះលោក José Manuel Ramos-Horta ប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ។
នៅក្នុងសារលិខិតនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ក្នុងនាមប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្នុងនាមរូបខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះសម្តែងនូវការអបអរសាទរយ៉ាងស្មោះសរបំផុត និងសព្ទសាធុការពរជូនចំពោះលោក រដ្ឋាភិបាល និងប្រជាជនទីម័រឡេស្តជាទីរាប់អាន ក្នុងឱកាសខួបលើកទី២៤ នៃទិវាបុណ្យជាតិនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេ»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ខណៈពេលដែលទីម័រឡេស្តេ រំលឹកដល់ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ដំណើរដ៏គួរឱ្យកត់សម្គាល់ និងសមិទ្ធផលរបស់ប្រទេសទីម័រឡេស្តេ នៅតែជាប្រភពនៃការជំរុញទឹកចិត្តដែលឈរលើមូលដ្ឋានគ្រឹះនៃភាពខ្លាំង និងភាពធន់របស់ប្រជាជនឧស្សាហ៍ព្យាយាម ក៏ដូចជាថ្នាក់ដឹកនាំទីម័រឡេស្តេ។ សម្តេចជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ទីម័រឡេស្តេ នឹងបន្តអភិវឌ្ឍ និង រីកចម្រើនជាឧត្តមគតិមួយដែលកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងនាមជាមិត្តយូរអង្វែង និងដៃគូ ប្តូរផ្តាច់។
ការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ នាពេលថ្មីៗនេះ ពិតជាផ្តល់នូវឱកាសដ៏មាន សារៈសំខាន់ជាងពេលណាៗទាំងអស់ សម្រាប់យើងបន្តធ្វើការជាមួយគ្នាក្នុងការជំរុញចក្ខុវិស័យរួម របស់យើងចំពោះសន្តិភាព និងវិបុលភាពនៅក្នុងកាលៈទេសៈសកលថ្មី និងកំពុងវិវត្តន៍នេះ។ សម្តេចទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ដើម្បីជំរុញផលប្រយោជន៍ទៅវិញទៅមក របស់ប្រទេសយើងទាំងពីរបន្ថែមទៀត និងសូមជូនពរលោក មានសុភមង្គល សុខភាពល្អ និងជោគជ័យត្រចះត្រចង់លើរាល់គ្រប់ភារកិច្ចរបស់លោក ព្រមទាំងប្រជាជនលោក សូមសមប្រកប ដោយសុខុមាលភាព និងវិបុលភាព៕


