កូនខ្មែរដំបូងសម្ដែងជាទេពមច្ឆា បង្ហាញមោទនភាពក្នុងការរួមចំណែកផ្សព្វផ្សាយទេសចរណ៍សៀមរាប ទៅកាន់មហាជន
17-05-2026 19:48
(សៀមរាប)៖ កូនខ្មែរដំបូងគេដែលសម្ដែងជាតួរទេពមច្ឆាក្នុងទូរកញ្ចក់ បានបង្ហាញនូវមោទនភាពដែលខ្លួនបានរួមចំណែកផ្សព្វផ្សាយទេសចរណ៍សៀមរាប ទៅកាន់សាធារណៈជនជាតិ និងអន្ដរជាតិ ដែលបានមកទស្សនានៅ Angkor Wildlife។
អ្នកស្រី ខាត់ ស្រីណុច អ្នកសម្ដែងមច្ឆា បានបញ្ជាក់ឲ្យដឹងថា ខ្លួនចាប់ផ្ដើមសម្ដែងដំបូងគេបង្អស់នៅឆ្នាំ២០២៥ ក្រោយហ្វឹកហាត់រយៈពេលជាង៣ខែ ពោលនៅអំឡុងខែកក្កដា ហើយសម្ដែងនៅខែតុលា ឆ្នាំ២០២៥។
អ្នកស្រី បានរៀបរាប់បែបនេះថា «ក្នុងអំឡុងខែ៧ ពួកយើងចាប់ផ្ដើមហ្វឹកហាត់ដោយខ្លួនឯង មានន័យថា ពួកយើងជាបុគ្គលិកខ្មែរទាំងអស់នៅ Angkor Wildlife យើងគិតថា យើងមានសមត្ថភាពងាចសម្ដែងបានដូចគ្នាដែរ។ ចឹងយើងចាប់ផ្ដើមហ្វឹកហាត់អំឡុងខែ៧ ហើយខែ១០ យើងចាប់ផ្ដើមសម្ដែងដំបូងគេបង្អស់ក្នុងឆ្នាំ២០២៥នេះតែម្ដង»។
ដោយឡែក កញ្ញា និល ពេជ្រដាលីន អ្នកសម្ដែងមច្ឆា បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំពិបាកត្រង់ថា ពួកខ្ញុំអត់មានតិកនិកក្នុងការ ក្នុងការគេចត្រីដូចជាប្រភេទត្រីធំៗ ត្រីរាជ និងត្រីគលរាំងជាដើម ហើយមួយទៀតអត់ទាន់សាំជាមួយសម្ពាធទឹក ដោយសារត្រូវមានតិកនិកហែលទឹកកុំឲ្យត្រីផ្អើល»។
មច្ឆាទាំងពីរបញ្ជាក់ថា ទោះជាយ៉ាងណាក្ដី ក្នុងនាមជាកូនខ្មែរដំបូងបង្អស់ដែលបានសម្ដែងជាទេពមច្ឆាក្នុងទឹក ដើម្បីឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនា គឺពិតជាមានក្ដីរំភើបយ៉ាងក្រៃលែង ដោយយល់ឃើញថា មិនមែនមានតែបរទេសនោះទេដែលអាចធ្វើបាន ពោលគឺកូនខ្មែរអាចធ្វើបានដូចគ្នា។ ជាពិសេស មានមោទនភាពដែលខ្លួនបានក្លាយជាចំណែកមួយក្នុងការជួយផ្សព្វផ្សាយ និងទាក់ទាញទេសចរមកកម្ពុជា។
Angkor Wildlife & Aquarium មានសត្វច្រើនប្រភេទ រួមទាំងត្រីទឹកសាប ត្រីទឹកប្រៃ សត្វព្រៃ និងសត្វល្មូនជាដើម។ លើសពីការទស្សនាសត្វ Angkor Wildlife & Aquarium ក៏ជាកន្លែងសិក្សាស្វែងយល់ពីសត្វ និងនាំភ្ញៀវទេសចរឱ្យស្គាល់ប្រភេទសត្វក្នុងស្រុកកាន់តែច្រើន។ អង្គរ វ៉ាយដ៍ឡាយហ្វ៍ និង អឹឃ្វារៀម (Angkor Wildlife and Aquarium) មានទីតាំងស្ថិតក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប និងមានចម្ងាយជាង ២០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប។ ទីតាំងនេះ មានអាងពិព័រណ៍ត្រីទឹកសាប និងត្រីទឹកប្រៃ ឧទ្យានសត្វ និងផ្ទះល្មូនជាដើម។
សូមជម្រាបថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពីបណ្ដាស្ថាប័នជាង១០អង្គភាព បានធ្វើដំណើរទស្សនកិច្ចស្តីពី «បេតិកភណ្ឌ» រយៈពេល៣យប់ ៤ថ្ងៃ នៅលើទឹកដីអង្គរ។ ក្រុមអ្នកសារព័ត៌មាន បានសិក្សាស្វែងយល់បន្ថែមពីប្រវត្តិសាស្រ្ត វប្បធម៌ អរិយធម៌ ប្រពៃណី និងបេតិកភណ្ឌនៅរមណីយដ្ឋានអង្គរ ជាពិសេសជំរុញដល់ការផ្សព្វផ្សាយទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិឲ្យកាន់តែទូលំទូលាយថែមទៀត៕







