គណៈកម្មការជំរឿនមន្ត្រី ធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
17-05-2026 10:14
(ភ្នំពេញ)៖ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បានចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ គណៈកម្មការជំរឿន ចុះទៅតាមគោលដៅអង្គភាពដែលត្រូវធ្វើជំរឿននីមួយៗ ដោយផ្ទាល់តែម្តងបែបនេះ គឺដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី និងមិនឱ្យប៉ះពាល់ដល់ដំណើរការនៃការផ្តល់សេវាសធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿននេះផងដែរ។
ក្នុងដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នេះ មានការអញ្ជើញចុះពិនិត្យ និងតាមដានជាប់ជាប្រចាំនៅទីតាំងដោយផ្ទាល់ដោយ លោក ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង។
ជាក់ស្តែងសម្រាប់ការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានការអញ្ជើញចូលរួមធ្វើជំរឿនដោយផ្ទាល់ពី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យាគ្រប់ជាន់ថ្នាក់ ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមអង្គភាពចំណុះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមសហការអនុវត្ត និងបានមកបង្ហាញខ្លូន ក្នុងពេលចុះធ្វើជំរឿនាពេលនេះ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ឬលិខិតឆ្លងដែនរបស់ព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម តាមការកំណត់របស់គណៈកម្មការជំរឿន។
សូមជម្រាបថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាក្រសួងទី៥ ដែលគណៈកម្មការជំរឿន បានធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងកិច្ចការនារី។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃពេញ គឺថ្ងៃទី១៥ និងទី១៦ ខែឧសភា ឆ្នាំ២០២៦។ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង ធ្វើឡើងក្នុងគោលបំណង ដើម្បីទទួលបានទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា៕










