FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តព្រះវិហារ ប្រគល់រថយន្តគិលានសង្គ្រោះដល់មណ្ឌលសុខភាពតាកឹង ដើម្បីពង្រឹងសេវាសង្គ្រោះជូនប្រជាពលរដ្ឋ

16-05-2026 17:54

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់រថយន្តគិលានសង្គ្រោះចំនួន ០១គ្រឿង ជូនដល់មណ្ឌលសុខភាពតាកឹង សម្រាប់ប្រើប្រាស់ក្នុងការបម្រើសេវាសង្គ្រោះ និងដឹកជញ្ជូនអ្នកជំងឺជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា។

ការប្រគល់រថយន្តគិលានសង្គ្រោះនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានទទួលការឧបត្ថម្ភរថយន្តគិលានសង្គ្រោះពីក្រសួងសុខាភិបាល ដើម្បីបន្តចែកជូនដល់មូលដ្ឋានសុខាភិបាលដែលមានតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការងារសង្គ្រោះបន្ទាន់នៅតាមមូលដ្ឋាន។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា រថយន្តគិលានសង្គ្រោះនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ជួយសម្រួលដល់ការដឹកជញ្ជូនអ្នកជំងឺ និងការផ្តល់សេវាសង្គ្រោះបន្ទាន់ ជាពិសេសសម្រាប់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាល ឱ្យទទួលបានសេវាសុខាភិបាលប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលា។

ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកវេបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ និងផ្តល់រថយន្តគិលានសង្គ្រោះចំនួន ០១គ្រឿង ជូនដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ សម្រាប់បម្រើសេវាសង្គ្រោះជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងមនុស្សធម៌ខ្ពស់៕