អ្នកគ្រូទើបប្រឡងជាប់គ្រូកិច្ចព្រមព្រៀងថ្មីៗ លើកដៃស្នើឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួយឧបត្ថម្ភការព្យាបាលជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយ (Video inside)
16-05-2026 16:04
(ភ្នំពេញ)៖ អ្នកគ្រូម្នាក់ ដែលទើបប្រឡងជាប់គ្រូកិច្ចព្រមព្រៀង ឈ្មោះ ម៉ូវ សុផាន់ អាយុ២៦ឆ្នាំ បានលើកដៃម្រាមដប់ សំពះស្នើយ៉ាងទទូចនៅលើបណ្តាញសង្គម ដើម្បីផ្ញើសារទៅកាន់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មេត្តាជួយឧបត្ថម្ភការព្យាបាលជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយផង។
កំពុងបង្រៀននៅខេត្តព្រៃវែង បានចំនួន ៤ខែ ស្រាប់តែធ្លាក់ខ្លួនឈឺ អ្នកគ្រូ ម៉ូវ សុផាន់ បានដាក់ច្បាប់ ចំនួន ៣ខែ ដោយសារឈឺធ្វើទុក្ខរហូត។ យុវតី ដែលកំព្រាម្តាយតាំងពីវ័យក្មេងរូបនេះ បាននិងកំពុងព្យាបាលជំងឺ ចំនួន ២ខែហើយ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ អ្នកគ្រូ ម៉ូវ សុផាន់ បានបញ្ជាក់ថា «កាលនៅរៀនសាកលខ្ញុំប្រឹងតស៊ូរៀនផងធ្វើការផងលំបាកណាស់ ត្រូវផ្គត់ផ្គង់ខ្លួនឯងថែមទាំងជួយគ្រួសារតិចតួច។ ម្ដាយខ្ញុំជាអ្នកធ្វើស្រែ ពុកកម្មករគេ។ មួយថ្ងៃបានត្រឹម២០០០០៛ ទៅ ៣០ ០០០៛ទេ។ ទើបចូលបង្រៀនបាន៤ខែ ក្លាយជាបន្ទុកពួកគាត់។ ពុកខានធ្វើការ១ខែជាងហើយ ព្រោះយកខ្ញុំដើរព្យាបាលជំងឺ។ នៅរៀនសន្សំសំចៃហូបចុកត្បិតត្បៀត បូករួមកើតមកម្ដាយបង្កើតស្លាប់ចោលសុខភាពមិនល្អតាំងពីក្មេង»។
អ្នកគ្រូ បានឲ្យដឹងទៀតថា ដំបូងឡើយអ្នកគ្រូឈឺតិចតួច តែព្យាបាលមិនជា។ លុះពេលឈឺខ្លាំង ក៏ទៅមន្ទីរពេទ្យកាល់ម៉ែត ហើយពេទ្យប្រាប់ថា ជំងឺខូចតម្រងនោមនេះដល់ដំណាក់កាលចុងក្រោយហើយ និងមានតែវិធីលាង ឈាមរហូតទេ។ បច្ចុប្បន្ន អ្នកគ្រូបាននិងកំពុងលាងឈាមនៅមន្ទីរពេទ្យរុស្ស៉ី។
ដោយសារតែធ្លាក់ខ្លួនឈឺទាំងវ័យក្មេង និងចង់រស់នៅបន្តទៀត អ្នកគ្រូ ម៉ូវ សុផាន់ បានបង្ហោះសារលើបណ្តាញសង្គមឈ្មោះ សិរី ម៉ា ដោយអំពាវនាវយ៉ាងទទូចដល់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជួយសង្គ្រោះអ្នកគ្រូផង។
អ្នកគ្រូបានសរសេរសារថា «សូមគោរពដល់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងាសាធារណៈ និងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស សូមផ្ដល់ក្ដីមេត្តាជួយសង្រ្គោះជីវិតក្មេងស្រីម្នាក់នេះផង ខ្ញុំទើបតែអាយុ២៦ឆ្នាំ មិនចង់លាងឈាមមួយជីវិតទេ។ ខ្ញុំទើបតែប្រឡងជាប់គ្រូកិច្ចព្រមព្រៀងថ្មីៗ ទើបតែបង្រៀនបាន ៤ខែស្រាប់តែធ្លាក់ខ្លួនឈឺ ពេទ្យថាខូចតម្រងនោមដំណាក់កាលចុងក្រោយ។ ខ្ញុំគ្រឿងកំប៉ុងក៏មិនសូវញ៉ាំ ស្រាក៏មិនដែលផឹកដែរ។ ដោយសារខ្ញុំរវល់តែរៀន និងធ្វើការមិនបានតាមដានសុខភាពខ្លួនឯង ហើយពេលខ្ញុំកើតមកម្ដាយបង្កើតស្លាប់ចោល ទើបសុខភាពមិនសូវល្អតាំងពីក្មេង»។
អ្នកគ្រូបានសរសេរសារបន្តថា «ខ្ញុំចង់ទៅព្យាបាលវះកាត់ប្ដូរតម្រងនោមនៅឥណ្ឌា ប៉ុន្តែខ្ញុំនិងគ្រួសាគ្មានលទ្ធភាពទៅបានទេ ព្រោះត្រូវចំណាយថវិកាច្រើនលើសលប់ពេក។ សូមលើកម្រាមដៃដប់សូមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងសប្បុរសជនទាំងអស់ជួយដល់ខ្ញុំផង ដើម្បីខ្ញុំបានទៅជួបមុខកូនសិស្សម្ដងទៀត កូនសិស្សទាំង ៣៧នាក់កំពុងរង់ចាំខ្ញុំ។ បើខ្ញុំបន្តលាងឈាមរហូតមិនអាចទៅជួបពួកគាត់បានទេ។ ប្រសិនបើសប្បុរសជនផ្ដល់ក្ដី មេត្តាជួយដល់ខ្ញុំ ខ្ញុំដូចកើតម្ដងទៀត»៕



