សម្តេចតេជោ ហ៊ុន សែន៖ សម័យនេះ មិនមែនជាសម័យប៊ីចេង និងសារុងទៀតនោះទេ (Video inside)
14-05-2026 13:14
(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានក្រើនរំលឹកដល់មន្ត្រីឱ្យប្រឹងប្រែងក្នុងការបម្រើប្រជាពលរដ្ឋ បម្រើដោយភាពស្មោះត្រង់ និងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីទទួលបានការគាំទ្រ ការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា សម័យនេះមិនមែនជាសម័យដែលប្រជាពលរដ្ឋត្រូវការប៊ីចេង និងសារុងទៀតនោះទេ តែពលរដ្ឋត្រូវការការបម្រើមួយល្អប្រសើរ។
ការក្រើនរំលឹករបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងប្រធានមន្ទីរ អង្គភាពក្នុងខេត្តស្វាយរៀង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ។
នៅក្នុងពិធីសំណេះសំណាលនេះ ក្រៅពីការលើឡើងនូវបញ្ហាសកល តំបន់ ក៏ដូចជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តោតជាសំខាន់លើកិច្ចការនានាពាក់ព័ន្ធការគ្រប់គ្រងរដ្ឋបាលនៅតាមមូលដ្ឋាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយទប់ស្កាត់ភាពអសកម្មនៅតាមមូលដ្ឋានដូចជាក្មេងទំនើង ការឆក់ប្លន់ ជាពិសេសការចូលរួមបង្ក្រាបបទល្មើសឆបោកអនឡាញ។ សម្តេចតេជោ ក៏បានណែនាំឱ្យយកចិត្តទុកដាក់លើការចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ អគ្គសិនី ការចូលរួមគាទ្រការប្រមូលពន្ធជូនរដ្ឋ ការដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដោយជ្រើសអាទិភាពលើការដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការ ការយកចិត្តទុកដាក់លើគ្រួសារយុទ្ធជនកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ពិការ និងគ្រួសារអតីតយុទ្ធជន។
ក្រៅពីបញ្ហាខាងលើនេះទៅ កិច្ចការផ្តល់សេវាជូនប្រជាពលរដ្ឋ ការគិតគូរពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ ក៏ជាកិច្ចការចាំបាច់ដែលសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកជាពិសោធន៍នៃការដឹកនាំរបស់សម្តេចថា សម្តេចអាចឈរជើងមកដល់បច្ចុប្បន្ន និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋលើតំណែងជានាយករដ្ឋមន្ត្រីជិត៤០ឆ្នាំ ក៏ព្រោះតែទង្វើល្អ មិនមែនព្រោះតែទង្វើអាក្រក់នោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកមន្ត្រីពីពាក្យស្លោករបស់កម្ពុជា «ទូកទៅ កំពង់នៅ»។ ការលើកពាក្យស្លោកនេះ គឺសម្តេចក្រើនរំលឹកដល់មន្ត្រីឱ្យចងចាំថា ទង្វើដែលធ្វើក្នុងពេលកាន់តួនាទីបែបណា នឹងដក់ជាប់ក្នុងការចងចាំរបស់ប្រជាពលរដ្ឋ ទោះត្រូវទៅដល់ទីណាក៏ដោយ។ ទង្វើដែលល្អ នឹងបន្សល់ការគោរពស្រឡាញ់ពីប្រជាពលរដ្ឋ ទង្វើដែលមិនល្អ នឹងបន្សល់នូវការខឹងស្អប់ពីសំណាក់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានបញ្ជាក់ថា គេអាចផ្លាស់ប្តូរអ្វីបាន តែមិនអាចផ្លាស់ប្តូរការគិតរបស់ប្រជាពលរដ្ឋបាននោះឡើយ។
សម្តេចតេជោប្រមុខរដ្ឋស្តីទី ដែលជាមេដឹកនាំមួយរូបទទួលបានការគោរពស្រឡាញ់ខ្ពស់ពីពលរដ្ឋកម្ពុជានោះ បានដាស់តឿនដល់មន្ត្រីឱ្យធ្វើជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយ។ ជាពិសេសការផ្តល់សេវាតម្រូវការ និងចាំបាច់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បើចង់បន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។
ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនេះ សម្តេចតេជោ បានថ្លែងទៅកាន់មន្ត្រីថា សម័យនេះ មិនមែនជាសម័យប៊ីចេង និងសារុង យកទៅប្តូរការគាំទ្ររបស់ប្រជាពលរដ្ឋនោះទេ។ អ្វីដែលអាចទទួលការគាំទ្រពីប្រជាពលរដ្ឋ គឺមើលពីតម្រូវការរបស់ប្រជាពលរដ្ឋ ដូចជាការការផ្តល់សេវាល្អ ផ្លូវល្អ និងសន្តិសុខសណ្តាប់ធ្នាប់ល្អក្នុង សង្គម៕
















































