មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហារ ផ្សព្វផ្សាយគម្រោងគាំទ្រជីវភាពជនភៀសសឹក តាមរយៈការចិញ្ចឹមមាន់ស្រែ និងសហគមន៍កសិកម្មទំនើប
14-05-2026 09:40
(ព្រះវិហារ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ អំពីការគាំទ្រដល់ជនភៀសសឹកនៅខេត្តព្រះវិហារ ក្នុងការចិញ្ចឹមមាន់ស្រែ និងបង្ហាញពីទស្សនទានសហគមន៍កសិកម្មទំនើប នៅទីតាំងជម្រកបណ្ដោះអាសន្ន ស្ថិតនៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនេះ លោក ឃឹម ហ្វីណង់ ថ្លែងថាពិធីនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសជនភៀសសឹក ឱ្យមានឱកាសទទួលបានជំនាញ និងការគាំទ្រផ្នែកកសិកម្ម ដើម្បីបង្កើនជីវភាពរស់នៅ និងស្ដារសេដ្ឋកិច្ចគ្រួសារឱ្យមានភាពប្រសើរឡើងតាមរយៈការចិញ្ចឹមមាន់ស្រែ ដែលជារបរងាយស្រួលអនុវត្ត និងអាចបង្កើតប្រាក់ចំណូលប្រចាំថ្ងៃ។
លោក ឃឹម ហ្វីណង់ បានបន្តថា ក្រសួងកសិកម្ម និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា បន្តយកចិត្តទុកដាក់ក្នុងការគាំទ្រដល់ប្រជាពលរដ្ឋងាយរងគ្រោះ តាមរយៈការផ្តល់បច្ចេកទេស ពូជមាន់ អាហារសត្វ និងការបណ្តុះបណ្តាលជំនាញចិញ្ចឹមសត្វ ដើម្បីធានាឱ្យការអនុវត្តមានប្រសិទ្ធភាព និងអាចអភិវឌ្ឍទៅជាមុខរបរប្រកបដោយចីរភាព។
ជាមួយគ្នានេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំណរគុណដល់ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់គាំទ្រប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ជាពិសេសជនភៀសសឹកដែលកំពុងជួបការលំបាក ដោយបានបង្កើតឱកាសឱ្យពួកគាត់អាចមានមុខរបរ និងបង្កើនចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។
អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងជំរុញឱ្យប្រជាពលរដ្ឋចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានអត្ថប្រយោជន៍ពីការចែករំលែកបទពិសោធន៍ បច្ចេកទេស ផលិតកម្ម និងទីផ្សារ ដែលជាកត្តាសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែងបាន។ កម្មវិធីនេះគឺជាផ្នែកមួយនៃការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងពង្រឹងសន្តិសុខស្បៀង៕

















