កម្ពុជា បន្តបញ្ជូនកងទ័ពមួកខៀវប្តូរវេនជិត ២០០នាក់ ចេញទៅបំពេញបេសកកម្មមនុស្សធម៌ក្រោមឆត្រ UN នៅសាធារណរដ្ឋលីបង់
09-05-2026 19:12
(កណ្តាល)៖ លោកឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់កងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៨៦៣ ចំនួន ១៨៤នាក់ ក្នុងនោះយោធិនជានារីចំនួន ៣៣នាក់ និងជូនដំណើរកងអនុសេនាធំវិស្វកម្មវិស្វកម្មពហុជំនាញលេខ៦៨៣ ចំនួន១៨៤នាក់ ដែលមានយោធិននារី ប្រមាណ៣៣នាក់ ដែលប្តូរវេនចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋលីបង់។
ក្នុងឱកាសនេះលោកឧត្តមសេនីយ៍ទោ សែម រតនា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមាតុភូមិនិវត្តន៍ របស់កម្លាំងទាំង ១៨៤នាក់ នៃកងវិស្វកម្មពហុជំនាញលេខ៨៦៣ ដែលបានបំពេញបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋលីបង់ ប្រកបដោយជោគជ័យ និងបានវិលត្រឡប់មកកាន់មាតុភូមិវិញនាពេលនេះ ខណៈកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៦៨៣ នឹងធ្វើយុទ្ធដំណើរទៅកាន់តំបន់បេសកកម្ម និងក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ។
ឧត្តមសេនីយ៍ សែម រតនា ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត, នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងលោកស្រី ជូនចំពោះបងប្អូនកងកម្លាំង និងក្រុមគ្រួសារទាំងអស់ផងដែរ។ ជាពិសេសបានក្រើនរំលឹកបងប្អូនទាំងអស់ឱ្យរួបរួមសាមគ្គីឯកភាពគ្នាជាធ្លុងមួយជាមួយយុទ្ធមិត្តគ្រប់រូប និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការឱ្យបានល្អ។
យកឱកាសនេះ ឧត្តមសេនីយ៍ទោ សែម រតនា បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ជាពិសេសក្រសួងសុខាភិបាល ដែលតែងមានវត្តមានក្នុងការជួយធ្វើតេស្តរកជំងឺគ្រុនចាញ់ដល់កងកម្លាំងមាតុភូមិនិវត្តន៍។
ចំពោះកងអនុសេនាធំលេខ៦៨៣ ចំនួន១៨៤នាក់ យោធិនជានារី៣៣នាក់ ដែលត្រូវធ្វើយុទ្ធដំណើរទៅកាន់តំបន់បេសកកម្ម, លោកឧត្តមសេនីយ៍ទោ សែម រតនា បានរម្លឹកឱ្យមានការចងចាំ និងប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំថា «ទៅគ្រប់ មកគ្រប់» «នៅឱ្យគេស្រឡាញ់ ចាកចេញឱ្យគេនឹករលឹក» និង «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» ជាដើម ហើយនៅពេលឡើងយន្តហោះបងប្អូនត្រូវម្ចាស់ការលើសម្ភារៈខ្លួនឯងដោយត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវនាំយកវត្ថុហាមឃាត់ឡើងលើយន្តហោះជាដាច់ខាត និងត្រូវចេះរៀបចំអង្គុយជាក្រុម ដែលត្រូវមានអ្នកចេះភាសាអង់គ្លេស ដើម្បីជួយទំនាក់ទំនងការងារ និងការបំពេញបែបបទឯកសារនៅពេលមានតម្រូវការ។
ឧត្តមសេនីយ៍ទោ សែម រតនា ក៏បានរម្លឹកថា នៅពេលចុះយន្តហោះបងប្អូនត្រូវបែងចែកភារកិច្ចក្នុងការយកសម្ភារៈបុគ្គល និងសម្ភារៈរួមទៅរៀបចំឱ្យមានស្តង់ដារ និងអនាម័យនៅតាមកន្លែងស្នាក់នៅ និងក្នុងបន្ទាយ ដោយមានបង់លេខសម្គាល់ឱ្យបានត្រឹមត្រូវត្រូវ រួមគ្នាថែរក្សាឱ្យបានហ្មត់ចត់ និងចាត់ទុកទ្រព្យសម្បត្តិអង្គភាពដូចជាទ្រព្យរបស់យើងដូច្នោះដែរ។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ទោ សែម រតនា បានបញ្ជាក់ពីតួនាទីរបស់កងកម្លាំងវិស្វកម្មពហុជំនាញលេខ៦៨៣ ដែលចេញដំណើរបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនាពេលនេះនឹងត្រូវទៅធ្វើការងារបេសកកម្មជាច្រើន រួមមានលើសកម្មភាពដោះមីន គ្រាប់អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងបន្តសាងសង់សំណង់ផ្តេក សំណង់បញ្ឈរ នៅតាមតំបន់ព្រំដែនប្រទេសលីបង់ និងអ៉ីស្រាអែល ជាដើម៕

