កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចប្រព្រឹត្តបទល្មើស Online Scams នៅខណ្ឌ៧មករា ឃាត់ខ្លួនជនបរទេស៥៥នាក់
09-05-2026 18:25
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស (Online Scams) ស្ថិតនៅ សណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ ១១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ, លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា, លោក ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា, កម្លាំងអាវុធហត្ថខណ្ឌ៧មករា ដោយមានការសម្របសម្រួលពីលោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យជាក់ស្ដែង ឃើញថាទីតាំងនេះជាប្រភេទសណ្ឋាគារ ដែលមានកម្ពស់ចំនួន៩ជាន់ ស្មើនឹង៤០បន្ទប់ ក្នុងនោះបានរកឃើញជនបរទេសសរុប ចំនួន៥៥នាក់ ស្រី៩នាក់ មាន១សញ្ជាតិ (ជនជាតិឥណ្ឌូនេស៊ី)។ សម្ភារៈដកហូត ទូរស័ព្ទដៃ ចំនួន២៨០គ្រឿង, Latop ៨គ្រឿង, លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន៣០ច្បាប់, រថយន្តម៉ាក ALPHRAD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ2CC-3190។
លទ្ធផលកោសល្យវិច័យ មានរូបភាពនារីស្រស់ស្អាត និងមាន Script ដែលបង្រៀនពីការនិយាយលួងលោមបែបស្នេហា។ ជនសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស ឆបោក Online Scame ក្រោមរូបភាពលួងលោមអូសទាញបែបស្នេហា (Romance scams) ដែលជនរងគ្រោះនៅប្រទេសឥណ្ឌូនេស៊ី។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្ដនីតិវិធី៕




