FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អំពាវនាវពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

09-05-2026 18:03

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រក្សាស្មារតីសាមគ្គី តស៊ូ កុំញញើត និងកុំរាថយ ចំពោះមុខការគំរាមកំហែង និងបញ្ហាប្រឈមនានា។ កម្លាំងសាមគ្គីជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យកម្ពុជាពង្រឹងបាននូវសេដ្ឋកិច្ចជាតិឱ្យមានភាពធន់ និងខឿនការពារជាតិដ៏រឹងមាំ ឈានឆ្ពោះទៅកាន់វឌ្ឍនភាព សម្រេចបានគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចរដ្ឋសភាធិបតី បានអំពាវនាវបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សស្រុកស្អាង។

សម្តេចបានគូសបញ្ជាក់ថា គ្រប់សមាជិកបក្ស និងប្រជាពលរដ្ឋម្នាក់ៗ គឺជាបង្អែកដ៏រឹងមាំ និងជាភ្នែកជាច្រមុះក្នុងការការពារសន្តិសុខជាតិនៅគ្រប់ទីកន្លែង។ ក្នុងបរិបទដែលកម្ពុជាប្រឈមនឹងការឈ្លានពានពីប្រទេសជិតខាង និងបរិបទស្មុគស្មាញរបស់ពិភពលោកដែលហ៊ុមព័ទ្ធដោយសង្គ្រាម កម្ពុជាដាច់ខាតត្រូវតែពង្រឹងខ្លួនឯងឱ្យកាន់តែខ្លាំងក្លា និងបង្កើនស្មារតីម្ចាស់ការពឹងផ្អែកលើខ្លួនឯងឱ្យបានខ្ពស់បំផុត។ ត្រូវយល់ថា គ្មាននរណាម្នាក់អាចការពារ និងរក្សាអនាគត និងជោគវាសនារបស់យើងបានល្អជាងខ្លួន យើងផ្ទាល់នោះឡើយ សមដូចពុទ្ធភាសិតថា «អត្តាហិ អត្តនោ នាថោ» ពោលគឺ ខ្លួនទីពឹងខ្លួន។

នៅក្នុងពិធីដែលមានអ្នកចូលរួមប្រមាណជាង ៥០០ នាក់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី និងលោកជំទាវ ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនសមាជិកចូលរួមទាំងអស់ ដោយបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយតែងតែនៅជាប់ជាមួយយើងទាំងអស់គ្នាគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

សម្តេចប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានស្នើដល់សមាជិក សមាជិកាគណបក្សទាំងអស់ បន្តជឿជាក់លើថ្នាក់ដឹកនាំដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពាន តាមរយៈសមរភូមិការទូត និងយោធា គ្រប់រូបភាពតាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិ។

សម្តេចប្រធានរដ្ឋសភា ព្រមទាំងអង្គពិធីទាំងមូល បានសម្តែងការអបអរសាទរចំពោះជោគជ័យធំធេង នូវបេសកកម្មការទូត សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅប្រទេសហ្វីលីពីន ពិសេសជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ ឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ក្រោមការសម្របសម្រួលរបស់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងជាប្រធានអាស៊ាន។ នៅក្នុងជំនួបនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ៗថា «ខ្សែបន្ទាត់ព្រំដែន មិនអាចត្រូវបានផ្លាស់ប្ដូរ ឬកំណត់ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ»។

អង្គពិធីក៏បានប្រកាសគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ (UNCLOS) ដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយប្រទេសថៃ បន្ទាប់ពីថៃលុបចោលជាឯកតោភាគី នូវអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ស្តីពីសមុទ្រត្រួតស៊ីគ្នានោះ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនគ្រួសារវីរៈកងទ័ព កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានបង្ហាញពីស្មារតីស្នេហាជាតិ ឯកភាពជាតិ សាមគ្គីភាពរឹងមាំ ចូលរួមយ៉ាងសស្រាក់សស្រាំទាំងស្មារតី ថវិកា និងសម្ភារ ដោយបានប្រមូលផ្ដុំគ្នា សម្ដែងមតិគាំទ្រស្វែងរកសន្តិភាព គាំទ្រលើកទឹកចិត្តកងកម្លាំងរបស់យើងក្នុងការការពារបូរណភាពទឹកដី។ សម្តេចបានផ្តាំផ្ញើដល់ក្រុមការងារទាំងអស់ បន្តយកចិត្តទុកដាក់ ចុះសួរសុខទុក្ខគ្រួសារយុទ្ធជនសមរភូមិមុខ ឱ្យបានកក់ក្តៅជាទីបំផុត ជាការតបស្នងសងគុណចំពោះពលិកម្មដ៏ធំធេងរបស់វីរយុទ្ធជនយើង ចំពោះជាតិមាតុភូមិ។

សូមជម្រាបថា លោកជំទាវ មិន មាណវី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា សមាជិកាគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានតែងតាំងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង។ ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ជាជំនួយការឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងមានតួនាទីជាជំនួយការឱ្យគណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចលនាស្ត្រីគណបក្សខេត្ត។

សម្តេចប្រធានរដ្ឋសភា បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន ជាបិតាលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ ការលើកកម្ពស់សមភាពយេនឌ័រ បានបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្តការលើកកម្ពស់សិទ្ធិស្ត្រី និងផ្ដល់ភាពអង់អាចដល់ស្ត្រីឱ្យមានឱកាសបានចូលរួមជាអ្នកធ្វើសេចក្ដីសម្រេចចិត្តក្នុងការងារផ្សេងៗ ដោយចាត់ទុក «ស្ត្រីជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ»។

សម្តេចរដ្ឋសភាធិបតី បានស្នើក្រុមការងារចលនាស្ត្រី ត្រូវពង្រឹងអង្គការចាត់តាំងមូលដ្ឋានទាំងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។ ត្រូវបន្តផ្សព្វផ្សាយ និងអប់រំអំពីកម្មវិធីនយោបាយរបស់គណបក្ស ឱ្យជ្រាបចូលដល់គ្រប់ស្រទាប់ស្ត្រីនៅមូលដ្ឋាន និងត្រូវក្តាប់ឱ្យជាប់នូវរាល់សមិទ្ធផលដែលគណបក្សសម្រេចបាន ដើម្បីយកទៅបកស្រាយ ពន្យល់ និងឆ្លើយតបទៅនឹងការញុះញង់នានាក្នុងគោលដៅរក្សាសាមគ្គីភាព និងជំនឿចិត្តដាច់ខាតមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងក្រៃលែង ដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែផ្ដល់ការគាំទ្រ និងបានបោះឆ្នោតជូនគណបក្ស រហូតទទួលបានលទ្ធផលឈ្នះភ្លូកទឹក ភ្លូកដី ដើម្បីឈានទៅសម្រេចបានការដឹកនាំប្រទេសក្នុងនីតិកាលទី៧នេះ និងការបោះឆ្នោតជាបន្តបន្ទាប់ទៀត៕