FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ពីសេប៊ូទៅកាន់តំបន់៖ កម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យសន្តិសុខ ពាណិជ្ជកម្ម និងការតភ្ជាប់ (Video inside)

09-05-2026 17:45

(ភ្នំពេញ)៖ ដំណើរចូលរួមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅសាធារណរដ្ឋហ្វីលីពីន រយៈពេល២ថ្ងៃ មិនមែនគ្រាន់តែជាការចូលរួមពិធីការការទូតធម្មតានោះទេ ប៉ុន្តែជាដំណើរមួយដែលបានបង្ហាញថា កម្ពុជា កំពុងបើកទ្វារខ្លួនឯងឆ្ពោះទៅរកការពង្រីកកិច្ចសហប្រតិបត្តិការអាស៊ានកាន់តែទូលំទូលាយ លើវិស័យសន្តិសុខ ពាណិជ្ជកម្ម ថាមពល និងការតភ្ជាប់តំបន់ ខណៈពិភពលោក កំពុងប្រឈមភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិសង្គ្រាមកាន់តែស្មុគស្មាញ។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយ ជុំវិញសកម្មភាពការទូត និងយុទ្ធសាស្ត្រការតភ្ជាប់តំបន់ថ្មីរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌអាស៊ាន៖

ខណៈដែលពិភពលោក និងតំបន់អាស៊ាន កំពុងប្រឈមការប្រែប្រួលភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងអំណាចនិងវិបត្តិសន្តិសុខ កម្ពុជា កំពុងព្យាយាមជម្រុញ និងពង្រីកបណ្តាញសហប្រតិបត្តិការតំបន់របស់ខ្លួនឱ្យកាន់តែទូលំទូលាយ តាមរយៈការជំរុញការទូតពហុភាគី ការតភ្ជាប់សេដ្ឋកិច្ច និងការកសាងស្ថិរភាពរួមក្នុងអាស៊ាន។

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅទីក្រុង Cebu នៃសាធារណរដ្ឋហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនត្រឹមតែផ្តោតលើការបន្ធូរបន្ថយភាពតានតឹងរវាងកម្ពុជា–ថៃប៉ុណ្ណោះទេ ប៉ុន្តែប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើសកម្មភាពការទូតយ៉ាងសកម្ម និងលេចធ្លោ ក្នុងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសសំខាន់ៗក្នុងអាស៊ាន ដូចជា វៀតណាម ឡាវ ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ពាណិជ្ជកម្ម ថាមពល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់។

អ្វីដែលលេចធ្លោបំផុតពីដំណើរទស្សនកិច្ចនេះ គឺកម្ពុជា កំពុងបញ្ជូនសារនយោបាយ និងការទូតដ៏ច្បាស់លាស់មួយទៅកាន់តំបន់ថា កម្ពុជា មិនចង់ឱ្យខ្លួនត្រូវបានមើលឃើញតែតាមរយៈ «វិបត្តិព្រំដែន» ឬភាពតានតឹងជាមួយថៃនោះទេ ប៉ុន្តែកំពុងព្យាយាមបង្ហាញខ្លួនជាប្រទេសមួយ ដែលកំពុងដើរតួនាទីកាន់តែសកម្មក្នុងការស្ថាបនាកិច្ចសហប្រតិបត្តិការអាស៊ាន លើវិស័យយុទ្ធសាស្ត្រសំខាន់ៗ ដូចជា សន្តិភាព សន្តិសុខ ថាមពល ពាណិជ្ជកម្ម ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចឌីជីថល។

តាមរយៈសកម្មភាពដ៏រស់រវើកទាំងនេះ កម្ពុជា កំពុងព្យាយាមផ្លាស់ប្តូររូបភាពរបស់ខ្លួន ពីប្រទេសស្ថិតក្នុងសម្ពាធភូមិសាស្ត្រនយោបាយទៅជាប្រទេសតភ្ជាប់តំបន់ ដែលចង់ប្រើការទូត កិច្ចសហប្រតិបត្តិការ និងការតភ្ជាប់សេដ្ឋកិច្ច ជាឧបករណ៍សម្រាប់ពង្រឹងស្ថិរភាព និងវិបុលភាពរួមក្នុងអាស៊ាន។

* កម្ពុជា ពង្រីកការទូតពហុភាគីក្នុងអាស៊ាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ត្រូវបានធ្វើឡើងក្នុងបរិបទដែលតំបន់ និងពិភពលោក កំពុងប្រឈមការប្រែប្រួលភូមិសាស្ត្រនយោបាយយ៉ាងស្មុគស្មាញ ចាប់ពីការប្រកួតប្រជែងរវាងមហាអំណាច វិបត្តិសន្តិសុខ ថាមពល ស្បៀងអាហារ រហូតដល់ការកើនឡើងនៃនិន្នាការបែងចែកប្លុកនយោបាយ និងសេដ្ឋកិច្ច។ ក្នុងបរិបទនេះអាស៊ាន កំពុងព្យាយាមរក្សា «មជ្ឈភាពអាស៊ាន» (ASEAN Centrality) ដើម្បីកុំឱ្យតំបន់អាស៊ីអាគ្នេយ៍ ក្លាយជាសមរភូមិនៃការប្រកួតប្រជែងឥទ្ធិពលរវាងមហាអំណាច។

នៅក្នុងកិច្ចប្រជុំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អាស៊ានត្រូវតែបន្តធ្វើជាគំរូនៃពហុភាគីនិយមផ្អែកលើច្បាប់ និងជាកម្លាំងសម្រាប់សន្តិភាព ស្ថិរភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនា។ ប្រសាសន៍នេះ បានឆ្លុះបញ្ចាំងពីជំហររបស់កម្ពុជា ដែលកំពុងព្យាយាមពង្រឹងតួនាទីរបស់ខ្លួន នៅក្នុងស្ថាបត្យកម្មការទូតអាស៊ាន ក្នុងនាមជាប្រទេសដែលគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ កិច្ចសន្ទនា និងយន្តការពហុភាគី ជាជាងការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺកម្ពុជា កំពុងព្យាយាមបង្ហាញខ្លួនកាន់តែច្បាស់ថា មិនចង់ឈរនៅគែមនៃការប្រកួតប្រជែងរវាងមហាអំណាចនោះទេ ប៉ុន្តែចង់ដើរតួនាទីជាប្រទេសមួយ ដែលអាចចូលរួមជំរុញសន្តិភាព ស្ថិរភាព និងការតភ្ជាប់តំបន់ តាមរយៈការទូតពហុភាគីក្នុងក្របខ័ណ្ឌអាស៊ាន។

* ទំនាក់ទំនងកម្ពុជា-ឡាវ-វៀតណាម កំពុងផ្លាស់ពីប្រវត្តិសាស្ត្រ ទៅការតភ្ជាប់យុទ្ធសាស្ត្រ

ជំនួបត្រីភាគីកម្ពុជា-ឡាវ-វៀតណាម នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ មិនមែនគ្រាន់តែជាការបន្តទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសជិតខាងទាំងបីប៉ុណ្ណោះទេ។ វាកំពុងបង្ហាញពីទិសដៅថ្មីមួយ នៃការប្រែក្លាយទំនាក់ទំនងប្រវត្តិសាស្ត្រ និងនយោបាយ ទៅជាការតភ្ជាប់យុទ្ធសាស្ត្រ ដែលផ្អែកលើសេដ្ឋកិច្ច ថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខតំបន់។ ក្នុងបរិបទដែលតំបន់អាស៊ីអាគ្នេយ៍ កំពុងប្រឈមការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង ប្រទេសទាំងបី កំពុងព្យាយាមពង្រឹង «អ័ក្សសហប្រតិបត្តិការឥណ្ឌូចិន» ឱ្យក្លាយជាបណ្តាញតភ្ជាប់យុទ្ធសាស្ត្រថ្មីមួយ ដែលអាចជួយពង្រឹងស្ថិរភាព និងការអភិវឌ្ឍរួមនៅក្នុងអនុតំបន់មេគង្គ។

គម្រោង និងគំនិតផ្តួចផ្តើម ដែលត្រូវបានពិភាក្សារវាងប្រទេសទាំងបី រួមមាន៖ ការតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំងបី ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញដឹកជញ្ជូន ការតភ្ជាប់វិស័យទេសចរណ៍ ការបង្កើនជើងហោះហើរត្រង់ទៅវិញទៅមក ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងការពារជាតិ ការជំរុញពាណិជ្ជកម្ម និងការវិនិយោគក្នុងអនុតំបន់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តួចផ្តើម ឱ្យមានការពិនិត្យលទ្ធភាពអភិវឌ្ឍគម្រោងតភ្ជាប់បណ្តាញអគ្គិសនីរវាងប្រទេសទាំងបី តាមរយៈការប្រើប្រាស់បណ្តាញបញ្ជូនអគ្គិសនីដែលមានស្រាប់។ ចំណុចនេះ បង្ហាញថា កម្ពុជា បាននិងកំពុងគិតមិនត្រឹមតែពីការតភ្ជាប់ផ្លូវ និងពាណិជ្ជកម្មធម្មតាប៉ុណ្ណោះទេ កម្ពុជាកំពុងគិតដល់សន្តិសុខថាមពលតំបន់ និងការបង្កើតបណ្តាញសេដ្ឋកិច្ចតភ្ជាប់គ្នា ក្នុងអនុតំបន់ឥណ្ឌូចិនថែមទៀត។

ក្នុងបរិបទនេះទំនាក់ទំនងកម្ពុជា-ឡាវ-វៀតណាម ក៏កំពុងផ្លាស់ប្តូរពីសម្ព័ន្ធភាពប្រវត្តិសាស្ត្រ ទៅជាសម្ព័ន្ធភាពតភ្ជាប់យុទ្ធសាស្ត្រ ដែលមានគោលដៅមិនត្រឹមតែរក្សាស្ថិរភាពនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតមូលដ្ឋានសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរួម សម្រាប់អនាគតនៃអនុតំបន់មេគង្គផងដែរ។

* វៀតណាម និងផ្លូវល្បឿនលឿន៖ ការភ្ជាប់សេដ្ឋកិច្ចអនាគត

ជំនួបទ្វេភាគីរវាងកម្ពុជា និងវៀតណាម នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ បានបង្ហាញយ៉ាងច្បាស់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងផ្លាស់ប្តូរពីទំនាក់ទំនងជិតខាង ទៅជាភាពជាដៃគូតភ្ជាប់សេដ្ឋកិច្ចយុទ្ធសាស្ត្រ ដែលមានគោលដៅភ្ជាប់សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងចរន្តពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។

ក្នុងជំនួបនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តដាក់ចេញវិធានការបន្ថែម ដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់គោលដៅ ២០ប៊ីលានដុល្លារអាមេរិក ព្រមទាំងបានអំពាវនាវឱ្យវិនិយោគិនវៀតណាម បន្តពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ប៉ុន្តែអ្វីដែលមានន័យយុទ្ធសាស្ត្រធំបំផុត គឺការពិភាក្សាអំពីការពន្លឿនការតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ។

គម្រោងនេះ មិនមែនគ្រាន់តែជាការសាងសង់ផ្លូវធម្មតានោះទេ ប៉ុន្តែអាចក្លាយជាសរសៃឈាមសេដ្ឋកិច្ចថ្មីមួយ ដែលភ្ជាប់រាជធានីភ្នំពេញ ទៅកាន់មជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់វៀតណាម និងភ្ជាប់កម្ពុជាទៅកាន់បណ្តាញភស្តុភារ និងច្រកពាណិជ្ជកម្មអន្តរជាតិ ក្នុងអនុតំបន់មេគង្គ។ ប្រសិនបើគម្រោងនេះ អាចអនុវត្តបានពេញលេញ វាអាចផ្លាស់ប្តូរចរន្តពាណិជ្ជកម្ម រវាងកម្ពុជានិងវៀតណាម ពីការដឹកជញ្ជូនបែបប្រពៃណី ទៅជាបណ្តាញដឹកជញ្ជូនសេដ្ឋកិច្ចល្បឿនលឿន ដែលអាចជួយកាត់បន្ថយថ្លៃដើមភស្តុភារ បង្កើនល្បឿនដឹកជញ្ជូន និងទាក់ទាញការវិនិយោគឧស្សាហកម្មកាន់តែច្រើនទៅកាន់តំបន់ព្រំដែន និងបណ្តោយផ្លូវសេដ្ឋកិច្ចថ្មីនេះ។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានពិភាក្សាលើគំនិតផ្តួចផ្តើមជាច្រើន ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន នយោបាយ សន្តិសុខ និងការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ក្នុងរិបទនេះដែរ កម្ពុជានិងវៀតណាម កំពុងព្យាយាមបង្កើតស្ថាបត្យកម្មតភ្ជាប់សេដ្ឋកិច្ចថ្មីមួយ ដែលមិនផ្អែកតែលើការធ្វើពាណិជ្ជកម្មរវាងប្រទេសជិតខាងប៉ុណ្ណោះទេ ប៉ុន្តែផ្អែកលើការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ភស្តុភារ និងចលនាប្រជាជន ដែលអាចក្លាយជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ចរយៈពេលវែងនៅក្នុងអនុតំបន់ឥណ្ឌូចិន។

* សិង្ហបុរី និងម៉ាឡេស៊ី៖ កម្ពុជា កំពុងទាក់ទាញសេដ្ឋកិច្ចគុណភាពខ្ពស់

ជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីសឹង្ហបុរី លោក Lawrence Wong និងនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជា មិនត្រឹមតែចង់ពង្រីកទំហំពាណិជ្ជកម្មប៉ុណ្ណោះទេ កម្ពុជាកំពុងព្យាយាមទាក់ទាញការវិនិយោគគុណភាពខ្ពស់ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដែលអាចជួយផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេលវែង។ ជាមួយសិង្ហបុរី កម្ពុជាបានផ្តោតលើវិស័យដែលមានតម្លៃបន្ថែមខ្ពស់ និងមានអត្ថន័យយុទ្ធសាស្ត្រដូចជា សន្តិសុខស្បៀង ការចៀសវាងពន្ធត្រួតគ្នា ការទាក់ទាញវិនិយោគ ថាមពល សន្តិសុខ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺការចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការលើសន្តិសុខស្បៀង និងការចូលជាធរមាននៃវិសោធនកម្មពាក់ព័ន្ធនឹងការចៀសវាងពន្ធត្រួតគ្នា។ ចំណុចនេះ បង្ហាញថា កម្ពុជា កំពុងព្យាយាមបង្កើតបរិយាកាសសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកាន់តែទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ ជាពិសេសវិនិយោគិនពីសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងភស្តុភារដ៏សំខាន់បំផុតមួយនៅអាស៊ីអាគ្នេយ៍។ ដោយឡែក ជាមួយម៉ាឡេស៊ីវិញ កម្ពុជាបានផ្តោតលើវិស័យដែលអាចបង្កើតទីផ្សារ និងឱកាសសេដ្ឋកិច្ចថ្មីៗ រួមមាន ឧស្សាហកម្មហាឡាល់ ពាណិជ្ជកម្ម វិនិយោគ សន្តិសុខ និងការពារជាតិ។

ការជំរុញឧស្សាហកម្មហាឡាល់ បានបង្ហាញថា កម្ពុជាកំពុងព្យាយាមភ្ជាប់ខ្លួនទៅកាន់ខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារអាហារហាឡាល់សកល ដែលជាទីផ្សារមានទំហំសេដ្ឋកិច្ចធំ និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ការគាំទ្រពីម៉ាឡេស៊ី ក្នុងការបញ្ជូនអ្នកបច្ចេកទេសផ្នែកអាហារហាឡាល់មកកម្ពុជា ក៏បានបង្ហាញដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ កំពុងផ្លាស់ពីកិច្ចសហប្រតិបត្តិការប្រពៃណី ទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានលក្ខណៈបច្ចេកទេស និងស្តង់ដារអន្តរជាតិកាន់តែខ្ពស់។ កម្ពុជា កំពុងព្យាយាមភ្ជាប់ខ្លួនទៅនឹងសេដ្ឋកិច្ចអាស៊ានកម្រិតខ្ពស់ ដែលផ្អែកលើបច្ចេកវិទ្យា ស្តង់ដារអន្តរជាតិ ហិរញ្ញវត្ថុ ភស្តុភារ និងវិស័យមានតម្លៃបន្ថែមខ្ពស់ មិនមែនត្រឹមតែជាសេដ្ឋកិច្ចផលិតកម្មថោក ឬទីផ្សារកម្លាំងពលកម្មប៉ុណ្ណោះទេ។

* ឥណ្ឌូណេស៊ី និងតួនាទីអាស៊ានកណ្តាល

ការជួបក្រៅផ្លូវការរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីឥណ្ឌីណេស៊ី លោក Prabowo Subianto នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ ទោះបីមិនមែនជាជំនួបទ្វេភាគីផ្លូវការធំដុំក៏ដោយ ប៉ុន្តែមានអត្ថន័យនយោបាយ និងភូមិសាស្ត្រនយោបាយសំខាន់ខ្លាំងសម្រាប់កម្ពុជា និងអាស៊ានទាំងមូល។ ឥណ្ឌូណេស៊ី មិនត្រឹមតែជាប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតក្នុងអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានចាត់ទុកថា ជាសសរស្តម្ភនយោបាយ របស់អាស៊ាន និងជាប្រទេសដែលមានឥទ្ធិពលសំខាន់ ក្នុងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់តំបន់អាស៊ីអាគ្នេយ៍។

ក្នុងបរិបទដែលការប្រកួតប្រជែងរវាងមហាអំណាច កំពុងកើនឡើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អាស៊ាន កំពុងព្យាយាមរក្សាមជ្ឈភាពអាស៊ាន ដើម្បីកុំឱ្យតំបន់អាស៊ីអាគ្នេយ៍ ក្លាយជាវាលប្រកួតឥទ្ធិពលរវាងមហាអំណាច។ នៅក្នុងបរិបទនេះ ទំនាក់ទំនងល្អជាមួយឥណ្ឌូណេស៊ី មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់កម្ពុជា ព្រោះវាអាចជួយពង្រឹងការគាំទ្រចំពោះតួនាទីកណ្តាលរបស់អាស៊ាន និងជួយរក្សាតុល្យភាពការទូតរបស់កម្ពុជា នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដែលកាន់តែស្មុគស្មាញ។

លើសពីនេះទៅទៀត ការពង្រឹងទំនាក់ទំនងជាមួយឥណ្ឌូណេស៊ី ក៏អាចបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខតំបន់បន្ថែមទៀត ព្រោះឥណ្ឌូណេស៊ី កំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងយោធាសំខាន់មួយនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺជំនួបនេះបានបង្ហាញថា កម្ពុជាកំពុងព្យាយាមពង្រីកបណ្តាញការទូតរបស់ខ្លួន ឱ្យលើសពីទំនាក់ទំនងជិតខាងប្រពៃណី ហើយចង់ភ្ជាប់ខ្លួនកាន់តែជិតស្និទ្ធជាមួយប្រទេសស្នូលរបស់អាស៊ាន ដើម្បីពង្រឹងតួនាទី និងសំឡេងរបស់ខ្លួន នៅក្នុងស្ថាបត្យកម្មតំបន់នាពេលអនាគត។

សេចក្តីសន្និដ្ឋាន៖ ដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅទីក្រុង Cebu មិនមែនគ្រាន់តែជាការចូលរួមពិធីការទូតធម្មតានោះទេ។ វាជាការបង្ហាញយ៉ាងច្បាស់ថា កម្ពុជាកំពុងព្យាយាមកសាងយុទ្ធសាស្ត្រការទូតតំបន់ថ្មីមួយ ដែលផ្អែកលើការតភ្ជាប់ កិច្ចសហប្រតិបត្តិការ សន្តិភាព និងការគោរពច្បាប់អន្តរជាតិ។

ក្នុងពេលដែលតំបន់ និងពិភពលោក កំពុងប្រឈមការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង កម្ពុជា កំពុងព្យាយាមបង្ហាញខ្លួនថា មិនចង់ក្លាយជាប្រទេសដែលត្រូវបានកំណត់ត្រឹមតែដោយវិបត្តិព្រំដែន ឬភាពតានតឹងនយោបាយនោះដែរ។ កម្ពុជាកំពុងបង្ហាញនូវតួនាទីរបស់ខ្លួនជាប្រទេសមួយ ដែលអាចភ្ជាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងស្ថិរភាពរួមនៅក្នុងតំបន់អាស៊ាននេះ។ ចាប់ពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងឡាវ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងការតភ្ជាប់អនុតំបន់ រហូតដល់ការទាក់ទាញសេដ្ឋកិច្ចគុណភាពខ្ពស់ពីសិង្ហបុរី និងម៉ាឡេស៊ី និងការពង្រឹងទំនាក់ទំនង ជាមួយឥណ្ឌូណេស៊ី ក្នុងនាមជាសសរស្តម្ភនយោបាយរបស់អាស៊ាន សកម្មភាពការទូតរបស់កម្ពុជា នៅទីក្រុង Cebu បានបង្ហាញថា កម្ពុជាកំពុងព្យាយាមពង្រីកទីតាំង និងតួនាទីរបស់ខ្លួន នៅក្នុងស្ថាបត្យកម្មតំបន់អាស៊ីអាគ្នេយ៍។

និយាយម្យ៉ាងទៀត ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែជាការចូលរួមកិច្ចប្រជុំកំពូលអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែអាចត្រូវបានមើលឃើញថា ជាការបើកទ្វារកម្ពុជា កាន់តែទូលំទូលាយទៅកាន់បណ្តាញសហប្រតិបត្តិការអាស៊ាន ក្នុងពេលដែលតំបន់កំពុងស្វែងរកសន្តិភាព ស្ថិរភាព និងការតភ្ជាប់កាន់តែជិតស្និទ្ធជាងមុន៕