FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុប្រធានទី២ ព្រឹទ្ធសភា ណែនាំឱ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ

09-05-2026 16:18

(កំពង់ធំ)៖ លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានថ្លែងណែនាំឱ្យសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវរួបរួមសាមគ្គីគ្នា និងឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងសាមគ្គីភាព ឯកភាពជាតិខ្មែរតែមួយ ដើម្បីបង្ហាញការគោរព និងគាំទ្រដល់ថ្នាក់ដឹកនាំដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងបង្ហាញដល់បរទេសជិតខាង ពិសេសប្រទេសសៀមដែលកំពុងឈ្លានពានព្រំដែនរបស់យើង។

លោកបណ្ឌិត ធន់ វឌ្ឍនា ថ្លែងដូចនេះនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ក្នុងកម្មវិធីស្វែងយល់បញ្ហាប្រឈម និងឱកាស នៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អមដំណើរដោយលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងតំណាងមន្ត្រីស្ថានទូតនានាប្រចាំប្រទេសកម្ពុជា។

លោកបណ្ឌិត ធន់ វឌ្ឍនា បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានចូលរួមក្នុងកម្មវិធីនេះ និងជួបជុំជាមួយក្រុមប្រឹក្សាឃុំព្រមទាំងលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំទាំងអស់លើកឡើងពីកង្វល់ និងបញ្ហាប្រឈមនានានៅចំពោះមុខផ្ទាល់ ដើម្បីរកដំណោះស្រាយឱ្យបានទាន់ពេលវេលាស្របតាមតម្រូវការរបស់ក្រុម ការងារនិងមូលដ្ឋានផងដែរ។

លោកបណ្ឌិតបានបន្តទៀតថា មកដល់ពេលនេះយើងត្រូវតែរឹងមាំទាំងអស់គ្នាសាមគ្គីភាពនិងឯកភាពជាតិខ្មែរតែមួយដើម្បីបង្ហាញការគោរពនិងគាំទ្រដល់ថ្នាក់ដឹកនាំដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ព្រមទាំងបង្ហាញដល់បរទេសជិតខាង ពិសេសប្រទេសសៀមដែលកំពុងឈ្លានពានព្រំដែនរបស់យើង។ ម្យ៉ាងវិញទៀតដូចជាវត្តមានតំណាងស្ថានទូតនានា បានមើលឃើញពីភាពត្រឹមត្រូវរបស់កម្ពុជា ដែលត្រូវការសន្តិភាពដោយឈរលើគោលការណ៍ ច្បាប់អន្តរជាតិជាមូលដ្ឋាន។

លោកបានសង្កត់ធ្ងន់ថា ទោះបីពេលនេះយើងជួបប្រទះបញ្ហាច្រើន ក៏ប៉ុន្តែការអភិវឌ្ឍមូលដ្ឋាននៅតែបន្តព្រោះវាជាតម្រូវការចាំបាច់របស់ប្រជាជនដោយគ្មានទីបញ្ចប់។ ដូចនេះដើម្បីការងារប្រព្រឹត្តទៅដោយរលូននិងទទួលបានការគាំទ្រលុះត្រាតែយើងមានការឯកភាព និងសាមគ្គីភាពគ្នា។

សូមបញ្ជាក់ថា បន្ទាប់ពីចប់ពិធីលោកបណ្ឌិត និងក្រុមការងារព្រមទាំងតំណាងមន្ត្រីស្ថានទូតបានធ្វើដំណើរទស្សនកិច្ចទៅប្រាសាទសំបូរព្រៃគុហ៍ ដើម្បីស្វែងយល់ពីសម្បត្តិវប្បធម៌ជាតិរបស់ខ្មែរ ក៏ដូចជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកដ៏អស្ចារ្យនេះផងដែរ៕