FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ ជំរុញឱ្យសមាជិក សមាជិកាគណបក្សពង្រឹង ឯកភាពផ្ទៃក្នុងឲ្យបានល្អ

09-05-2026 15:56

(កំពង់ធំ)៖ ថ្លែងក្នុងពិធីចុះជួបសំណេះ សំណាលសួសុខទុក្ខជាមួយសមាជិកសមាជិកាគណបក្សឃុំ នៅទីស្នាក់ការគណបក្សឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានជំរុញដល់សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវតែឯកភាពផ្ទៃក្នុងឲ្យបានល្អ។

លោកស្រីសង្កត់ធ្ងន់ថា កិច្ចការសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាកិច្ចការស្នូលអត្ថិភាពដ៏សំខាន់បំផុតដើម្បីបោះជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ ដូចនេះក្រុមការងារចុះមូលដ្ឋានឃុំ ក៏ដូចជាប្រធាន អនុប្រធាន សមាជិកសមាជិកាគណបក្សទាំងអស់ត្រូវយល់នឹងឈរលើការមូលមតិគ្នាតែមួយ ដោយចូលរួមជាមួយគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមនានាដោយផ្អែកលើការពិនិត្យពិភាក្សាឱ្យបានត្រឹមត្រូវនឹងទាន់ពេលវេលា ប្រកបដោយមនសិការខ្ពស់។

លោកស្រីបន្ថែមថា ភាពស្មោះត្រង់ជាកាតព្វកិច្ចចំបងក្នុងគណបក្សដើម្បីផ្តល់ទំនុកចិត្ត និងភាពជឿជាក់ផ្ទៃក្នុងបក្ស ពិសេសសមាជិកសមាជិកាគណបក្សទាំងអស់ព្រមទាំងពង្រឹងនូវបញ្ហាសតិអារម្មណ៍ស្មារតីកាន់តែល្អប្រសើរឡើងដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលមិនអាចគណបក្សនយោបាយណាមួយមកបំបែកបានឡើយ ពិសេសយុវជនគ្រប់អាយុបោះឆ្នោតដែលមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញការគាំទ្រពីគ្រប់ទិសទីឈានដល់កម្រិតកំពូលនៃជ័យជំនះរបស់បក្ស។

លើសពីនេះទៅទៀតលោកស្រី ជំរុញក្រុមការងារគណបក្សទាំងអស់ធ្វើសកម្មភាពផ្សព្វផ្សាយពីសមិទ្ធិផលនានាជាប្រចាំដើម្បីក្រើនរំលឹក និងបង្ហាញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សក្នុងការជួយជ្រោមជ្រែងកសាងឡើង នឹងដើម្បីបន្សាបនូវឥទ្ធិពលក្រុមបក្សប្រឆាំងដែលកន្លងមកបានឆ្លៀតឱកាសវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជារបស់យើង។

លោកស្រី បានរំលេចឡើងនូវបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ សូមឲ្យសមាជិកគណបក្សទាំងអស់ជឿជាក់លើរដ្ឋាភិបាលកម្ពុជា ដែលលោកមមាញឹកក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធីនិងស្របទៅតាមច្បាប់អន្តរជាតិជាមូលដ្ឋាន តែយើងទាមទារពេលវេលាក្នុងការដោះស្រាយបញ្ហានេះ។

សូមបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលនេះមានអ្នកចូលរួមចំនួន ៦៧នាក់ ស្រី១៣នាក់ ដែលមកពី ១៥ភូមិ ព្រមទាំងផ្តល់ជូនម្នាក់ៗទទួលបាន ក្រមា១ សារ៉ុង១ បំពុងទឹកក្តៅ១ និងថវិកា ២ម៉ឺនរៀល៕