FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងជំនួបជាមួយរដ្ឋមន្រ្តី ហួត ហាក់! ឯកអគ្គរដ្ឋទូតសិង្ហបុរី បង្ហាញចំណាប់អារម្មណ៍ថា៖ «កម្ពុជាមានអ្វីៗជាច្រើនសម្រាប់ផ្ដល់ជូន ជាមួយនឹងបដិសណ្ឋារកិច្ចដ៏ល្អ»

09-05-2026 14:12

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Steven Pang Chee Wee ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងសិង្ហបុរី នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបពិភាក្សានេះ លោក Steven Pang Chee Wee បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងបានបង្ហាញការកោតសរសើរចំពោះការរីកចម្រើនរបស់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នានា ដែលបានរួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍កាន់តែទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិ។ ជាពិសេស ការបន្តគាំទ្រកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការផ្សព្វផ្សាយទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការពង្រឹងការតភ្ជាប់ជើងហោះហើរ។

ក្នុងឱកាសនេះដែរ ភាគីទាំងពីរបានផ្តោតលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី តាមរយៈការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា ការរៀបចំកញ្ចប់ទេសចរណ៍រួមសម្រាប់ភ្ញៀវអន្តរជាតិ ការបង្កើនការតភ្ជាប់ជើងហោះហើរ និងការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) សម្រាប់វិនិយោគិន អ្នកបង្កើតមាតិកា និងក្រុមហ៊ុនទេសចរណ៍សិង្ហបុរី មកកាន់កម្ពុជា ព្រមទាំងបន្តគាំទ្រការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍ ជាពិសេសលើជំនាញទេសចរណ៍ឌីជីថល បដិសណ្ឋារកិច្ច និងការគ្រប់គ្រងទេសចរណ៍សម័យថ្មី។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ និងលើកកម្ពស់វិស័យទេសចរណ៍ឱ្យមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែងខ្ពស់។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី ហួត ហាក់ បានស្នើឱ្យភាគីសិង្ហបុរីបន្តជួយជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងការហោះហើរត្រង់បន្ថែមទៅកាន់គោលដៅទេសចរណ៍សក្តានុពលរបស់កម្ពុជា ព្រមទាំងបានបញ្ជាក់ថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសក្តានុពលទេសចរណ៍យ៉ាងសម្បូរបែប ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិផងដែរ។

ជាកិច្ចឆ្លើយតប រដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-សិង្ហបុរី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៥,៦លាននាក់ ក្នុងនោះភ្ញៀវទេសចរសិង្ហបុរីមានចំនួន ៤៤,១៨៩នាក់។ ដោយឡែក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជា និងសិង្ហបុរី បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស និងការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញលំហូរភ្ញៀវទេសចរ និងការវិនិយោគរវាងប្រទេសទាំងពីរ៕