FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាងសង់បដិមា «ព្រះគោ ព្រះកែវ» លើទីតាំងរង្វង់មូលដែលធ្លាប់តម្កល់ «ព្រះវិស្ណុគង់លើស្តេចគ្រុឌ» ដែលបានដង្ហែទៅដាក់នៅខេត្តសៀមរាប

08-05-2026 12:45

(ឧត្តរមានជ័យ)៖ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រារព្ធពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់បដិមា «ព្រះគោ ព្រះកែវ» នៅចំណុចរង្វង់មូលដែលធ្លាប់តម្កល់បដិមា «ព្រះវិស្ណុគង់លើស្តេចគ្រុឌ» ដែលបានដង្ហែទៅកាន់ ខេត្តសៀមរាបវិញកាលពីពេលថ្មីៗកន្លងទៅនេះ។

ការសាងសង់រង្វង់មូលបដិមា «ព្រះគោ ព្រះកែវ» នាពេលនេះ គឺមានគោលបំណងអភិរក្ស និងលើកតម្កើងសិល្បៈវប្បធម៌ខ្មែរ ព្រមទាំងបញ្ជ្រាបតម្លៃវប្បធម៌ជាតិទៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមយុទ្ធសាស្ត្រ «អភិវឌ្ឍន៍អមដោយការអភិរក្ស»

ការយកបដិមា «ព្រះគោ ព្រះកែវ» ដែលជាតួអង្គដ៏ល្បីក្នុងរឿងព្រេងបុរាណខ្មែរ មកតម្កល់នៅទីសាធារណៈ ក៏ជាការរំលឹក និងបណ្តុះស្មារតីកូនខ្មែរជំនាន់ក្រោយ ឱ្យស្គាល់ពីតម្លៃអក្សរសាស្ត្រ វប្បធម៌ និងជំនឿដូនតា ដែលបង្កប់នូវនិមិត្តរូបនៃសេចក្តីសុខ សុភមង្គល និងភាពសម្បូររុងរឿង។

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ រដ្ឋបាលខេត្តឧត្តរមានជ័យក្រោមការដឹកនាំរបស់លោក មាន ចាន់យ៉ាដា អភិបាលខេត្ត បានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ការស្ថាបនាផ្លូវបេតុងប្រវែងជាង ៣,៤០០ម៉ែត្រ ក្នុងក្រុងសំរោង ការរៀបចំសួនច្បារសាធារណៈ និងការដំឡើងរូបសំណាកនិមិត្តរូបនានា ដើម្បីលើកសោភ័ណភាពទីក្រុង និងជំរុញខេត្តឧត្តរមានជ័យ ឱ្យក្លាយជាតំបន់សេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពល តាមបណ្តោយព្រំដែន៕