សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ផ្តោតលើភាពទទួលបានការងារ និងសហគ្រិនភាពរបស់និស្សិត
08-05-2026 11:18
(ភ្នំពេញ)៖ និស្សិតជាងពីររយនាក់ផ្នែកច្បាប់ និងសេដ្ឋកិច្ច នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានរៀបចំវេទិកាការងារខ្នាតតូច ដែលរៀបចំឡើងនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦។
កម្មវិធីនេះ ទទួលបានការគាំទ្រពីទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង(AUF) និងក្រោមហិរញ្ញប្បទានពីមូលនិធិ Fonds Équipe France នៃស្ថានទូតបារាំងប្រចាំកម្ពុជា ក្នុងក្របខណ្ឌគម្រោង «ពង្រឹងរូបភាពភាសាបារាំងជាភាសានៃឱកាសសិក្សា ការងារ និងការបង្កើនសមត្ថភាពការងារ »។
វេទិកាមួយដើម្បីភ្ជាប់និស្សិត និងអ្នកជំនាញវិជ្ជាជីវៈ ក្នុងពិធីបើក លោក Laurent Mesmann តំណាងសាកលវិទ្យាធិកានិងជាទីប្រឹក្សាពិសេស ប្រធានគម្រោងថ្នាក់ពិសេសជាភាសាបារាំង នៃសាកលវិទ្យាល័ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរំលឹកអំពីបេសកកម្មសំខាន់របស់ស្ថាប័នថា «បេះដូងនៃបេសកកម្មរបស់យើងនៅ RULE ជាពិសេសក្នុងកម្មវិធី បណ្តុះបណ្តាលសញ្ញាបត្រពីរសហការណ៏ជាមួយសាកលវិទ្យាល័យ Lumière Lyon 2 គឺរៀបចំបណ្តុះបណ្តាលនិស្សិតផ្នែកច្បាប់និងសេដ្ឋកិច្ច-គ្រប់គ្រង ឱ្យត្រៀមខ្លួនសម្រាប់ការពិតនៃទីផ្សារការងារ»។
លោកក៏បានលើកទឹកចិត្តនិស្សិតឱ្យយកអត្ថប្រយោជន៍ពីសមត្ថភាពពិសេសរបស់ខ្លួន «ការចេះពីរភាសា ឬបីភាសា រួមជាមួយវប្បធម៌ទ្វេរផ្នែកច្បាប់ ឬសេដ្ឋកិច្ច គឺជាចំណុចខ្លាំងដ៏កម្រ។ ចូរប្រើវាឲ្យមានសក្តានុពល»។
កម្មវិធីនេះ មានការចូលរួមផងដែរពីលោកស្រី Élodie Wynar ភារៈធារីទទួលបន្ទុកកិច្ចសហប្រតិបត្តិការភាសាបារាំង នៃស្ថានទូតបារាំងប្រចាំកម្ពុជា និងលោក អ៊ឹម គ្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំនៅកម្ពុជា ព្រមទាំងសាស្ត្រាចារ្យនិងអ្នកជំនាញមកពីស្ថាប័នសាធារណៈ និងឯកជនជាច្រើន។
សម្រាប់លោក អ៊ឹម គ្រាវង្ស លោកបានគូសបញ្ជាក់ពីការវិវត្តនៃបេសកកម្មអប់រំនៅឧត្តមសិក្សាថា «ការបណ្តុះបណ្តាលសព្វថ្ងៃ មិនមែនត្រឹមតែផ្ទេរចំណេះដឹងជំនាញប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវត្រៀមសម្រាប់មុខរបរដែលកំពុងផ្លាស់ប្តូរ អភិវឌ្ឍជំនាញនាសតវត្សទី២១ លើកកម្ពស់សហគ្រិនភាព ជំរុញការចល័តជាលក្ខណៈអន្តរជាតិ និងគាំទ្រនិស្សិតឱ្យមានជំនាញ បើកចំហទៅកាន់ពិភពលោក»។
លោកក៏បានរំលឹកផងដែរថា «បច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅលើមាគ៌ាសិក្សានិងមុខរបរ » ហើយ AUF កំពុងវិនិយោគលើការអភិវឌ្ឍជំនាញឌីជីថល និងនវានុវត្តន៍ផ្នែកអប់រំ»។
ការរីកចម្រើនដ៏សំខាន់៖ ស្ថានភាពជាតិនិស្សិត-សហគ្រិនការប្រកាសសំខាន់បំផុតនៃវេទិកានេះ គឺការអនុវត្ត «លក្ខន្តិកៈជាតិនិស្សិត-សហគ្រិន» (SNEE) នៅ RULE ។ លក្ខន្តិកៈនេះត្រូវបានអនុម័តជាផ្លូវការ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៥ ដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាក្លាយជាប្រទេសទី១៣ ក្នុងចំណោមប្រទេសប្រើប្រាស់ភាសាបារាំង ដែលអនុវត្តជំហាននេះដោយមានការគាំទ្រពី AUF។
គំនិតផ្តួចផ្តើមនេះអនុញ្ញាតឱ្យនិស្សិតអាចអភិវឌ្ឍសហគ្រាស និងសកម្មភាពវិជ្ជាជីវៈរបស់ខ្លួន តាំងពីនៅសាកលវិទ្យាល័យ ដើម្បីពង្រឹងសមត្ថភាពការងាររបស់ពួកគេ។
កិច្ចពិភាក្សា៖ កម្មសិក្សា ការចល័តអន្តរជាតិ និងសហគ្រិនភាព បន្ទាប់ពីពិធីបើកវេទិការការងារ មានការរៀបចំកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «កសាងអនាគតវិជ្ជាជីវៈរបស់ខ្លួន៖ កម្មសិក្សា ការចល័តជាលក្ខណៈអន្តរជាតិ និងសហគ្រិនភាពជាយុទ្ធសាស្ត្រសំខាន់» ដែលដឹកនាំដោយអ្នកជំនាញ និងអតីតនិស្សិត RULE ចំនួនបីរូប។ ពួកគេបានចែករំលែកបទពិសោធន៍ជាក់ស្តែងអំពីទីផ្សារការងារ និងការសិក្សានៅបរទេស។
សក្ខីកម្មជំរុញទឹកចិត្ត កញ្ញា ប៉ុក ចក្រីមរកត មេធាវី និងអតីតនិស្សិតអាហារូបករណ៍នៃរដ្ឋាភិបាលបារាំង បានចែករំលែកបទពិសោធន៍ការងាររយៈពេលដប់ឆ្នាំជាមួយយុវជនចូលរួម។
«ដោយសារកិច្ចសហប្រតិបត្តិការល្អរវាងបារាំង និងកម្ពុជា ខ្ញុំអាចបន្តការសិក្សានៅប្រទេសបារាំង ហើយសព្វថ្ងៃមានការងារល្អមួយ»។
សាររបស់នាងទៅកាន់និស្សិតគឺ «ត្រូវមានទំនុកចិត្តលើខ្លួនឯង។ រាល់ការប្តេជ្ញាចិត្ត និងគោលដៅដែលយើងដាក់ចិត្តធ្វើ តែងតែមានផ្លូវបើកចំហសម្រាប់យើង»។
ចំណែកនិស្សិតវិញ លោក វុឌ្ឍី ច័ន្ទប្រមុខ និស្សិតឆ្នាំទី៣ ផ្នែកច្បាប់ បានចាត់ទុកវេទិកានេះថាជា «ឱកាសដ៏ល្អ» ៖ «វាបានបើកទ្វារមួយសម្រាប់ខ្ញុំ។ នៅពេលអនាគត ខ្ញុំចង់ក្លាយជាមេធាវីផ្នែកពន្ធដារ ព្រោះខ្ញុំចូលចិត្តលេខ និងចង់យល់ពីដំណើរការងារផ្នែកពន្ធដារ»។
កញ្ញា ង៉ាន សោភី និស្សិតឆ្នាំទី៤ ចាប់អារម្មណ៍លើអាជីពអន្តរជាតិ បានថ្លែងថា «យើងអាចរៀនបានច្រើនពីជីវិតការងារ ហើយវាផ្តល់បទពិសោធន៍ នៅពេលដែលយើងត្រូវការសម្រាប់អាជីព។ សម្រាប់ខ្ញុំ ខ្ញុំចង់ក្លាយជាមន្ត្រីម្នាក់ក្នុងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ»។
លោក ប៉េង ច័ន្ទរក្សា ក៏បានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើតបណ្តាញទំនាក់ទំនងផងដែរថា «នេះជាឱកាសដ៏ល្អក្នុងការភ្ជាប់ទំនាក់ទំនងជាមួយបងៗ និងតំណាងក្រុមហ៊ុនផ្សេងៗនៅតាមស្តង់ ដែលអនុញ្ញាតឱ្យខ្ញុំដាក់ពាក្យសុំកម្មសិក្សា និងការងារ»។
លោកបានបន្ថែមថា «អ្វីដែលជំរុញទឹកចិត្តខ្ញុំពីវាគ្មិន គឺពួកគេបានចាប់ផ្តើមពីការដាក់ពាក្យសុំកម្មសិក្សា និងការងារ ហើយបានចែករំលែកបទពិសោធន៍ជីវិតសិក្សានៅបរទេស ព្រមទាំងរបៀបត្រៀមខ្លួនសម្របខ្លួនទៅនឹងជីវិតថ្មី ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា។ នេះជាបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំ»។ លោកមានគម្រោងបន្តថ្នាក់អនុបណ្ឌិតនៅប្រទេសបារាំង ប្រសិនបើមានឱកាស។
ប្រព័ន្ធគាំទ្រដ៏ពេញលេញ កញ្ញា Eudœxie Gervais អ្នកស្ម័គ្រចិត្តនៅ RULE និងសមាជិកក្រុមការងាររៀបចំកម្មវិធីវេទិការការងារ បានពន្យល់អំពីចក្ខុវិស័យទូលំទូលាយនៃគម្រោង ៖
«គោលបំណងគឺបង្ហាញនិស្សិតអំពីឱកាសទាំងអស់ដែលពួកគេមានសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ មិនត្រឹមតែសម្រាប់និស្សិតឆ្នាំចុងក្រោយប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់និស្សិតឆ្នាំទី១ និងទី២ផងដែរ»។
នាងក៏បានរៀបរាប់ពីគម្រោងជាច្រើនដែលអនុវត្តដោយមានការគាំទ្រពី AUF «យើងកំពុងអនុវត្តគម្រោងជាច្រើនដែលជួយឱ្យនិស្សិតអភិវឌ្ឍជំនាញនិងពង្រឹងសមត្ថភាពការងារ។ អស់រយៈពេលប៉ុន្មានខែមកនេះ ដោយមានការគាំទ្រពី AUF យើងបានបោះពុម្ពព្រឹត្តិបត្រមួយ ដើម្បីជួយនិស្សិតអភិវឌ្ឍជំនាញភាសាបារាំង ការសរសេរ និងការបកប្រែ ព្រមទាំងរៀបចំជំនួបជាមួយអតីតនិស្សិត និងអនុវត្តស្ថានភាពនិស្សិត-សហគ្រិន។ វាពិតជាសំខាន់ណាស់សម្រាប់សមត្ថភាពការងាររបស់ពួកគេ»។
វេទិកាការងារខ្នាតតូចនេះ បង្ហាញពីបំណងប្រាថ្នារបស់ RULE ដោយសហការជាមួយ AUF និងស្ថានទូតបារាំង ក្នុងការធ្វើឱ្យភាសាបារាំងក្លាយជា « ស្ពានឆ្ពោះទៅកាន់ពិភពវិជ្ជាជីវៈ » សម្រាប់យុវជនកម្ពុជា៕


















