FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន​ សែន រំលឹកអនុស្សាវរីយ៍ជាមួយភរិយា ដែលដាំស្លជូនសម្តេចទទួលទានតាំងពីកម្លោះក្រមុំ និងបន្តរៀបចំបាយម្ហូបដល់សព្វថ្ងៃ, សម្តេចប្រសិទ្ធនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជា «ចុងភៅម្ហូបឆ្ងាញ់» (Video inside)

08-05-2026 08:20

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ បានបង្ហោះសាររំលឹកអនុស្សាវរីយ៍ជាមួយភរិយា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែដាំស្លផ្ទាល់ដៃជូនសម្តេចពិសារតាំងពីកម្លោះក្រមុំ រហូតមកដល់សព្វថ្ងៃនៅតែរៀបចំបាយម្ហូប ជូនសម្តេចគ្រប់ពេល។

ជាមួយគ្នានេះ សម្តេចតេជោ សូមប្រសិទ្ធនាមជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ថាជា «ចុងភៅម្ហូបឆ្ងាញ់»។

សម្តេចបានបង្ហោះរូបភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដាំស្ល អមដោយខ្លឹមសារដូច្នេះថា៖ «៣សប្តាហ៍មុន ខ្ញុំនិពន្ធចម្រៀងមួយបទ ដែលមានចំណងជើង បាយម្ហូបស្រីដាំ ដែលរំលឹកដល់៥១ឆ្នាំមុនគ្រូពេទ្យក្រមុំដាំស្លផ្ទាល់ដៃ ឲ្យកម្លោះយោធាក្នុងខែសីហា ១៩៧៥ ដែលពេលនោះខ្ញុំធ្លាក់ខ្លួនពិការភ្នែកឆ្វេងទៅហើយ តែគាត់នៅតែទទួលខ្ញុំឲ្យសម្រាកនៅមន្ទីរពេទ្យ ដែលគាត់ទទួលខុសត្រូវនៅឃុំឈូក ស្រុកក្រូចឆ្មា និងដាំស្លផ្ទាល់ដៃឲ្យខ្ញុំទទួលទានទៀតផង។

សូមបញ្ជាក់ថា ខ្ញុំចូលមន្ទីរពេទ្យនេះមិនមែនជាអ្នកជម្ងឺទេ តែជាភ្ញៀវរបស់ប្រធានមន្ទីរពេទ្យ ដែលក្រោយមកបានក្លាយជាភរិយារបស់ខ្ញុំ។

ម្សិលមិញខ្ញុំទទួលបានរូបថតប៉ុន្មានសន្លឹក ដែលគាត់ធ្វើម្ហូបកាលពីឆ្នាំ២០០១ ពេលទស្សនាវដ្តីបរទេសមកសម្ភាសគាត់ពេលកំពុងដាំស្ល។

ក្មេងស្រីដែលគាត់កន្តៀត គឺជាចៅស្រីទី១ ដែលទើបមានអាយុជាងមួយខួបដែលតែងតែនៅជាមួយជីដូនជីតា។

ដោយសារគាត់ដាំស្លឲ្យខ្ញុំទទួលទាន តាំងពីនៅកម្លោះក្រមុំ និងបន្តរៀបចំបាយម្ហូបឲ្យខ្ញុំគ្រប់ពេលរហូតសព្វថ្ងៃ និងក្រោយទទួលបានរូបនេះ
ខ្ញុំសូមប្រសិទ្ធនាមគាត់ថា «ចុងភៅម្ហូបឆ្ងាញ់»។ សង្ឃឹមថាគាត់មិនបានមើលការបង្ហោះសារនេះទៅចុះ ព្រោះខ្ញុំមិនបានសុំការយល់ព្រមពីគាត់លើឈ្មោះនេះទេ។ សូមអរគុណចុងភៅម្ហូបឆ្ងាញ់»