ឋានសួគ៌បៃតងនៅភ្នំខ្នងព្រះ! សម្រស់ថ្ងៃរះដ៏វិសេសវិសាលដែលម្នាក់ៗគួរមកមើលឱ្យឃើញនឹងភ្នែកម្ដងក្នុងមួយជីវិត
08-05-2026 08:16
(ពោធិ៍សាត់)៖ ក្នុងគោលបំណងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន និងជំរុញការផ្សព្វផ្សាយទេសចរណ៍បៃតងឱ្យកាន់តែរីកសុះសាយ កាលពីថ្ងៃទី០១-០២ ខែឧសភា ឆ្នាំ២០២៦ លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារចុះបេសកកម្មដោយផ្ទាល់ ដើម្បីពិនិត្យស្ថានភាពផ្លូវ សន្តិសុខសណ្តាប់ធ្នាប់ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមអ្នកស្នេហាការឡើងភ្នំជាង ១០០នាក់ នៅតំបន់ទេសចរណ៍ធម្មជាតិ «ភ្នំខ្នងព្រះ» ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។
ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានណែនាំដល់សហគមន៍ទេសចរណ៍ឱ្យយកចិត្តទុកដាក់ខ្ពស់លើការសម្រួលតម្រាយផ្លូវ ដើម្បីធានាឱ្យមានភាពងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរ, បង្កើនការយាមកាម និងរៀបចំសណ្តាប់ធ្នាប់ជូនភ្ញៀវកម្សាន្ត, ពង្រឹងសេវាកម្មផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងបង្កើនចំណូលជូនគ្រួសារសហគមន៍។
លោកប្រធានមន្ទីរបានលើកឡើងនូវទស្សនគួរឱ្យចាប់អារម្មណ៍ ដោយប្រៀបធៀបទៅនឹងវប្បធម៌នៃប្រទេសជប៉ុន ដែលចាត់ទុកការឡើងភ្នំ គឺជាពិធីដ៏ពិសិដ្ឋមួយ។ លោកបានបញ្ជាក់ថា នៅជប៉ុន គេមានជំនឿថា មនុស្សមានប្រាជ្ញានឹងឡើងភ្នំហ្វូជីយ៉ាងតិចម្តងក្នុងមួយជីវិត ដើម្បីមើលពន្លឺ 'goraikō' ឬព្រះអាទិត្យរះលើកំពូលភ្នំ។ សម្រាប់កម្ពុជាយើង ភ្នំខ្នងព្រះ ក៏ជាទីកន្លែងដ៏វិសេសវិសាល ដែលផ្តល់នូវថាមពល និងការយល់ដឹងពីតម្លៃនៃធនធានធម្មជាតិ មិនអាចកាត់ថ្លៃបាន។
សកម្មភាពចុះផ្ទាល់នេះ គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវ "យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន" ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងគោលដៅប្រែក្លាយតំបន់ការពារធម្មជាតិឱ្យទៅជាមេដែកទាក់ទាញទេសចរណ៍បៃតង។
លោកប្រធានមន្ទីរបរិស្ថានខេត្ត សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់៖
*កុំបង្អង់យូរ ឥឡូវនេះគឺជា «រដូវកាលបៃតង» ដែលព្រៃភ្នំកំពុងបង្ហាញសម្រស់ស្រស់ត្រកាលបំផុត។
*បទពិសោធន៍ផ្ទាល់ភ្នែក៖ ការទស្សនារូបភាព មិនស្មើនឹងការបានមកប៉ះបរិយាកាសពិត នៃពន្លឺព្រះអាទិត្យពណ៌មាសចាំងជះពាសពេញភ្នំស្រស់ស្អាតដូចក្នុងសុបិននោះឡើយ។
«តស់! មកទទួលយកបទពិសោធន៍កីឡាឡើងភ្នំដ៏អស្ចារ្យ និងស្វែងរកភាពស្ងប់ស្ងាត់នៅលើខ្នងភ្នំព្រះ ដែលជាឋានសួគ៌លើដីរបស់កម្ពុជាយើងទាំងអស់គ្នា!»៕























