FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥៣២គ្រួសារ រស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្តទទួលបានអំណោយពីសប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ឧសភា

07-05-2026 21:21

(កំពង់ស្ពឺ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្តចាត់ក្រុមការងារដឹកនាំដោយលោក យូ ឡាណា អគ្គលេខាធិការរងទី២ រួមជាមួយលោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីថ្នាក់កណ្តាល មន្ត្រីប្រតិបត្តិសាខា អនុសាខា យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ដែលទទួលបានពីសប្បុររសជន ក្នុងឱកាសទិវា ៨ឧសភា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៥៣២គ្រួសារ មកពី៣ឃុំ គឺឃុំក្រាំងអំពិល ឃុំទំព័រមាស និងឃុំខ្ទុំក្រាំង នៃស្រុកសំរោងទង។ ពិធីចែកអំណោយខាងលើនេះរៀបចំឡើងនៅវត្តអង្គចំណោមមានជ័យ ស្ថិតភូមិច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ។

សកម្មភាពមនុស្សធម៌នាថ្ងៃនេះ គឺជាការឆ្លើយតបទៅនឹងទំនុកចិត្តដែលសប្បុរសជនគ្រប់មជ្ឈដ្ឋានបានផ្តល់ជូនកាកបាទក្រហមកម្ពុជា និងជាសក្ខីភាពមួយយ៉ាងច្បាស់ដែលបង្ហាញពីតម្លាភាព និងគណនេយ្យភាព របស់កាកបាទក្រហមកម្ពុជា ក្នុងការប្រើប្រាស់ថវិកាដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានជាពិសេសក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (ទិវា ៨ ឧសភា) ឱ្យចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីជួយសម្រាលទុក្ខលំបាកដល់ជនងាយរងគ្រោះបំផុតនៅតាមសហគមន៍ ដែលត្រូវការឱ្យជួយជាចាំបាច់។

លោក មុត ភន ប្រធានគណៈកម្មាធិការអនុសាខាស្រុកសំរោងទង បានថ្លែងថានេះជាសកម្មភាពមួយបានផ្តល់នូវសារៈសំខាន់ យ៉ាងចាំបាច់ក្នុងការចូលរួមចំណែកជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

លោកបន្តថាក្នុងចំណោមក្រុងស្រុកទាំង៩ នៃខេត្តកំពង់ស្ពឺ ស្រុកសំរោងទងមាន ១៥ ឃុំ ២៩៤ភូមិ មានប្រជាជនរស់នៅ ១៩០,៧៥៨នាក់ ស្រី៩៨,១៦២នាក់។ បច្ចុប្បន្នទូទាំងស្រុកមានគ្រួសារក្រីក្រសរុបចំនួន ៧,១៥៥គ្រួសារ គ្រួសារងាយរងហានិភ័យសរុបចំនួន២,៣៦៣, ចាស់ជរាគ្មានទីពឹងចំនួន ១០៨ នាក់ គ្រួសារផ្ទុកមេរោគអេដស៍សរុបចំនួន ១៣៩នាក់ ជនពិការសរុបចំនួន៣,៥៦៩នាក់។

ឆ្លៀតក្នុងឱកាសនោះលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថាកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរនិងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ រួមមានចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើនពិបាកក្នុងការចិញ្ចឹមជីវិត ជនពិការ កុមាកំព្រារ និងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ ជាដើម។ល។

ជាមួយគ្នានេះ លោកបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក ការស្រឡាញ់យ៉ាងជ្រាលជ្រៅ ថ្វីបើលោកមិនបានអញ្ជើញមកក៏ពិតមែន តែលោកបានចាត់ក្រុមការងារពីទីស្នាក់ការកណ្តាលចុះមកសាកសួរសុខទុក្ខដោយផ្ទាល់។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនាមជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងក្នុងនាមឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ បានផ្តាំផ្ញើជូនបងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អ ជាពិសេសស្ត្រីមានផ្ទៃពោះ។

ទន្ទឹមនឹងនេះលោក យូ ឡាណា ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការទៅពិនិត្យផ្ទៃពោះទៅពិនិត្យសុខភាពឱ្យបានយ៉ាងតិច ៤ដង មុនពេលសម្រាល, ពិនិត្យឈាមដើម្បីបង្ការការចម្លងមេរោគអេដស៍ និងស្វាយពីម្ដាយទៅកូន, ក្រោយពេលសម្រាលត្រូវនាំកូនទៅទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូសតាមកាលកំណត់។

មួយវិញទៀតសូមបងប្អូនទាំងអស់ ចូលរួមកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមិនឆ្លងចំនួន៤ រួមមាន ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ តាមរយៈកាត់បន្ថយកុំប្រៃពេក កុំខ្លាញ់ និងកុំផ្អែមពេក, បញ្ឈប់ការជក់បារី និងចៀសវាងការប្រើប្រាស់បារីអេឡិចត្រូនិក (Vape) ដែលកំពុងរីករាលដាលក្នុងស្រទាប់យុវជន, ចូរហាត់ប្រាណឱ្យបានទៀងទាត់ និងបរិភោគទឹកឱ្យបានច្រើន។ បន្ថែមលើនេះរដូវភ្លៀងជិតចូលមកដល់ សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះ ជំងឺគ្រុនឈាម ត្រូវគេងក្នុងមុងទាំងយប់ទាំងថ្ងៃ និងលុបបំបាត់ជម្រកមូសខ្លា (សំបកកង់ឡាន ថូផ្កា ឬវត្ថុដក់ទឹក...) និងមានអនាម័យ ត្រូវហូបស្អាត ផឹកស្អាត (ដាំទឹកឆ្អិន) និងរស់នៅស្អាត។ ជាងនេះទៀតយុវជនត្រូវជៀសឆ្ងាយពីគ្រឿងញៀន និងរួមគ្នាបង្ការការរីករាលដាលនៃមេរោគអេដស៍ក្នុងចំណោមយុវជន និងប្រជាជនគន្លឹះ។

គួរបញ្ជាក់ផងដែរថា អំណោយកាកបាទក្រហមកម្ពុជា ដែលបានចែកជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប និងឃីត (សារុង ក្រមា មុង ភួយ) ១កញ្ចប់។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភបន្ថែមក្នុង ១គ្រួសារៗ ទទួលបានថវិកា ២ម៉ឺនរៀល។ ជាមួយគ្នានេះគណៈប្រតិភូបានប្រគេនទេយ្យវត្ថុ និងបច្ច័យមួយចំនួន ដល់ព្រះសង្ឃគង់នៅវត្តអង្គចំណោមមានជ័យផងដែរ៕