ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន៖ ក្រសួងអប់រំ ចាត់ទុកគ្រឹះស្ថានសិក្សាឯកជន ជាដៃគូដ៏សំខាន់ ដែលចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព
06-05-2026 11:42
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកវិស័យឯកជន និងគ្រឹះស្ថានសិក្សាឯកជន គឺជាដៃគូដ៏សំខាន់ ដែលចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព។ នេះជាការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ។
សម្រាប់លោកឧបនាយករដ្ឋមន្ត្រី បើចង់ឲ្យគុណភាពអប់រំកើនឡើង ចាំបាច់ត្រូវអភិវឌ្ឍក្នុងវិស័យអប់រំ ហើយការចូលរួមរបស់មាតាបិតា គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យសាលារៀនឯកជនអាចវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ទៅលើបន្ទប់ពិសោធន៍ ទៅលើកម្មវិធីសិក្សាពេញមួយថ្ងៃ ទៅការបណ្តុះបណ្តាលគ្រូដ៏មានគុណភាព ក៏ដូចជាការរៀបចំកម្មវិធីសិក្សាកម្រិតអន្តរជាតិ រួមទាំង ការសិក្សាភាសាខ្មែរ និងការសិក្សាភាសាបរទេសជាដើម។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី អបអរពិធីគម្រប់ខួប ១៨ឆ្នាំនៃផលជះវិជ្ជមាននិងបរិវត្តកម្មក្នុងវិស័យអប់រំ និងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីអន្តរជាតិ Pearson Edexcel មកពីចក្រភពអង់គ្លេស នៅតាមសាលារៀនវ៉េស្ទឡាញន៍របស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ SUN & MOON Riverside។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឱកាសនេះ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីនៃសារៈសំខាន់នៃវិស័យឯកជន នៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធអប់រំ ក៏ដូចជា ក្នុងការអភិវឌ្ឍប្រទេសជាតិ។ យើងដឹងហើយថា នៅកម្ពុជា មានជាង ១០ ០០០សាលារៀន ពីមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ក៏ដូចជាឧត្តមសិក្សា យើងមានជាង ២០០សាលា […] ក្នុងន័យនេះ ក្រសួងអប់រំ ចាត់ទុកវិស័យឯកជន និងគ្រឹះស្ថានសិក្សាឯកជន គឺជាដៃគូដ៏សំខាន់ ដែលចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំប្រកបដោយគុណភាព។ អីចឹង បើយើងចង់ឲ្យគុណភាពអប់រំកើនឡើង ចាំបាច់ត្រូវអភិវឌ្ឍក្នុងវិស័យអប់រំ ហើយការចូលរួមរបស់មាតាបិតា គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យសាលារៀនឯកជនអាចវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ទៅលើបន្ទប់ពិសោធន៍ ទៅលើកម្មវិធីសិក្សាពេញមួយថ្ងៃ ការបណ្តុះបណ្តាលគ្រូដ៏មានគុណភាព ក៏ដូចជាការរៀបចំកម្មវិធីសិក្សាកម្រិតអន្តរជាតិ រួមទាំង ការសិក្សាភាសាខ្មែរ និងការសិក្សាភាសាបរទេសជាដើម។
បើតាមលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក្រសួងអប់រំ កំពុងតែសិក្សាដើម្បីពិនិត្យមើលតំបន់ ដែលមានសាលាឯកជនវិនិយោគ ធ្វើយ៉ាងណាកុំឲ្យមានការវិនិយោគលើតំបន់មួយច្រើនពេក ដើម្បីការពារកុំឲ្យកើតមានបញ្ហាលើការវិនិយោគវិស័យអប់រំ និងដើម្បីវិស័យឯកជន ផ្តល់សេវាអប់រំប្រកបដោយគុណភាព។ លោកក៏បានប្រកាស បន្តគាំទ្រ និងសហការគ្នាទៅវិញទៅមកជាមួយវិស័យអប់រំឯកជន ដើម្បីចែករំលែកចំណែកដឹងផ្នែកអប់រំផងដែរ។
គិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥ ចំនួនសាលារៀននៅទូទាំងប្រទេសសរុប ១៩ ៥៩១ ក្នុងនោះសាលារៀនសាធារណៈមាន ១៣ ៩៤៨សាលា សាលារៀនឯកជន ២ ២៩៥ សាលា និងមត្តេយ្យសិក្សាសហគមន៍ ៣.៣៤៨កន្លែង, ចំណែកគ្រឹះស្ថានឧត្តមសិក្សាទូទាំងប្រទេសមាន ១៩៤កន្លែង ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ៧៩ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ១១៥ ដែលមានសិស្ស និងនិស្សិតសរុប ៤ ១៧១ ៩៦២ នាក់៕










