FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អធិការរងទទួលផែនសណ្ដាប់ធ្នាប់ស្រុកកោះកុង និងនាយប៉ុស្ដិ៍ព្រែកខ្សាច់ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ត្រូវផ្អាកការងារបណ្ដោះអាសន្ន ដើម្បីស៉ើបអង្កេតករណីដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍

05-05-2026 21:42

(កោះកុង)៖ អធិការរងទទួលផែនសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាច់ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវផ្អាកការងារបណ្ដោះអាសន្ន ដើម្បីស៉ើបអង្កេតករណីដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបើកកិនមនុស្សស្លាប់។

ការសម្រេចផ្អាកការងារបណ្ដោះអាសន្ននេះ ធ្វើឡើងក្រោយលោក ខឹម ច័ន្ទដារ៉ា អាយុ៣៨ឆ្នាំ មុខរបរយោធិន សូមអន្ដរាគមន៍ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបណ្តឹងបរិហារករណីភាពមិនប្រក្រតី ក្នុងការចុះអនុវត្តច្បាប់ដោយបានចោទប្រកាន់ថា មន្ត្រីនគរបាលបានដោះលែងជនបង្កដែលបានបុកកិនប្អូនថ្លៃស្រីរបស់គាត់ស្លាប់ នៅចំណុចផ្លូវគ្រួសក្រហម ចម្ងាយពីស្ពានខ្លែងពែង ស្ថិតនៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង កាលពីល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។

ក្នុងន័យនេះដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌ដល់គ្រប់ភាគីពាក់ព័ន្ធ ស្នងការដ្ឋាននគរបាលខេត្តកោះកុង សម្រេចផ្អាកការងារជាបណ្ដោះអាសន្ន ចំពោះលោកវរសេនីយ៍ទោ ដុំ ដា អធិការរងទទួលផែនការងារសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកកោះកុង និងលោកវរសេនីយ៍ត្រី សំ តារា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ នៃអធិការដ្ឋាននគរបាលស្រុកគិរីសាគរ ដើម្បីទទួលការស៊ើបអង្កេតបន្ត ក្នុងករណីខាងលើនេះ៕