FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្ទឹងត្រែង ក្រុងពលីតម្កល់បឋមសិលាស្ថាបនារង្វង់មូលតម្កល់រូបសំណាកព្រះនារាយណ៍ នៅក្រុងស្ទឹងត្រែង

05-05-2026 21:37

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងលោក ហាក់ វិមាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត នាថ្ងៃថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងហោមពិធីក្រុងពលីតម្កល់បឋមសិលា ដើម្បីស្ថាបនារង្វង់មូលតម្កល់រូបសំណាកព្រះនារាយណ៍ នៅចំណុចផ្លូវបំបែកជាបួន (គីឡូ៤) ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីព្រេនក្រុងពលី បានប្រព្រឹត្តទៅនាព្រឹកនោះ គឺមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត។

គម្រោងសាងសង់រង្វង់មូលនៅផ្លូវបំបែកជាបួន (ចំណុចគីឡូ៤) ក្នុងក្រុងស្ទឹងត្រែង គឺជាការផ្តួចផ្តើមរបស់លោក សរ សុពុត្រា និងមានឈ្មោះថា រង្វង់មូលព្រះនារាយណ៍ មានអង្កត់ផ្ចិតទំហំ ២៤ម៉ែត្រ ចំណុចផ្លូវខ្វែង ផ្លូវជាតិលេខ៩ និងផ្លូវខេត្តលេខ៦៤ ចូលមកក្នុងក្រុង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលកើតមានជាញឹកញាប់ និងបង្កើនសុវត្ថិភាពចរាចរ រៀបចំសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ ដោះស្រាយបញ្ហាសំណង់ខុសច្បាប់លើចំណីផ្លូវ និងបង្កើនសោភ័ណភាពក្រុង។

នៅចំណុចប្រសព្វផ្លូវបំបែកជាបួននេះ អាជ្ញាធរខេត្តគ្រោងតម្កល់រូបសំណាកព្រះនារាយណ៍ (ឬព្រះវិស្ណុ) គឺជាសមិទ្ធផលវប្បធម៌ និងជំនឿដ៏សំខាន់មួយដែលឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រខ្មែរនាសម័យមុនអង្គរ។

រូបសំណាក់នេះមានប្រវត្តិទាក់ទងនឹងសតវត្សទី៧ ក្នុងសម័យមុនអង្គរ ដោយមានរចនាបថ សំបូរព្រៃគុកបង្ហាញពីកំពូលអាទិទេពមួយក្នុងព្រហ្មញ្ញសាសនា ដែលតំណាងឱ្យព្រះរក្សាលោក និងនាំមកនូវសេចក្តីសុខសន្តិភាព និងបង្ហាញពីអត្តសញ្ញាណវប្បធម៌ដ៏យូរលង់។ កន្លងមកចំណុចបំបែកជាបួនរវាងផ្លូវជាតិ៩ ប្រសព្វនិងផ្លូវខេត្តលេខ៦៤ គឺជួបប្រទះនូវគ្រោះថ្នាក់ចរាចរជាញឹកញាប់ បង្កឡើងលើគ្រប់មធ្យោបាយធ្វើដំណើរ រហូតមានការរិះគន់ពីគ្រប់មជ្ឈដ្ឋានខណៈពេលឆ្លងកាត់ចំណុចប្រសព្វនោះ ពីព្រោះមិនមានរង្វង់មូលនិងភ្លើងសញ្ញាចរាចរណ៍ឱ្យអ្នកធ្វើដំណើរប្រុងប្រយ័ត្ននោះឡើយ។

នៅក្នុងចំណុចដដែលនេះ ដោយមានការគិតគូរយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត បានចាប់ផ្តើមសាងសង់រង្វង់មូលនិងតម្កល់រូបសំណាក់ព្រះនារាយណ៍ ដើម្បីឱ្យអ្នកដំណើរមានការប្រុងប្រយ័ត្នខ្ពស់ ហើយជាសមិទ្ធផលថ្មីមួយទៀតសំរាប់ខេត្តស្ទឹងត្រែង បន្ទាប់ពីមានការសាងសង់រូបផ្លែម្នាស់ទឹកឃ្មុំ ចំណុចផ្លូវបំបែកផ្លូវជាតិលេខ៧ និងផ្លូវខេត្តលេខ៦៤ បង្ហាញពីសក្កានុពលនៃដំណាំកសិកម្ម ជាពិសេសគឺដំណាំម្នាស់ក្នុងខេត្តស្ទឹងត្រែងមានឱជារស់ផ្លែមឆ្ងាញ់។

ខេត្តស្ទឹងត្រែង បានអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងខេត្តនេះ ដើម្បីលើកកម្ពស់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ដោយផ្អែកលើប្រវត្តិសាស្រ្តផងដែរ ក៏ដូចជាលើកកម្ពស់សោភ័ណភាព សុខភាព និងសុខមាលភាពសង្គម៕