រដ្ឋបាលខេត្តបន្ទាយមានជ័យ បង្ហាញលទ្ធផលប្រតិបត្តិការចុះបង្ក្រាបទីតាំងលាក់ខ្លួនរបស់ជនបរទេសដែលរត់គេចពីការបង្ក្រាបបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត
05-05-2026 20:14
(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញលទ្ធផលប្រតិបត្តិការចុះបង្ក្រាបទីតាំងលាក់ខ្លួនរបស់ជនបរទេសដែលរត់គេចពីការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះដឹកនាំបញ្ជាផ្ទាល់ដោយលោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ សហការជាមួយក្រុមការងារអគ្គស្នងការនគរបាលជាតិ ក្រោមការដឹកនាំដោយឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ, ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរង និងក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ តំណាងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត មានការចូលរួមពីកម្លាំងជំនាញស្នងការនគរបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង បានចុះធ្វើរដ្ឋបាលលើ ២ទីតាំង អគារមានកម្ពស់៤ជាន់ និងអគារកម្ពស់១០ជាន់ ជាអគារស្នាក់នៅ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ៤នាក់ ស្រី១នាក់ ជាជនជាតិឥណ្ឌូនេស៊ី និងរកពុំឃើញមានសម្ភារៈសង្ស័យបម្រើឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយក្រុមការងារចម្រុះខេត្តបានផ្សព្វផ្សាយអំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ និងធ្វើកិច្ចសន្យា។
ជាមួយគ្នានោះ ក្រុមការងារចម្រុះខេត្តដដែលបានចូលរួមសហការជាមួយក្រុមការងារអគ្គស្នងការនគរបាលជាតិ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងផ្ទះវីឡាចំនួន២កន្លែង ស្ថិតក្នុងភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាទីតាំងសំងំលាក់ខ្លួនរបស់ជនបរទេស ដែលបានរត់គេចពីការបង្ក្រាបបទល្មើស Online Scams ដោយឃាត់ខ្លួនចំនួន ២៣៩នាក់ ក្នុងនោះជនជាតិចិន ២១០នាក់ និងជនជាតិចិនតៃវ៉ាន់ ២៩នាក់ និងមានវត្ថុតាងមួយចំនួន៕































