FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគាំទ្រទាំងផ្នែកស្មារតី និងធនធាន ដើម្បីធានា​ដល់កិច្ចការលើកកម្ពស់តម្លៃ និងសីលធម៌សង្គម

05-05-2026 16:29

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ បានថ្លែងបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតប្រធានកិត្តិយសរបស់គណៈកម្មាធិការ, សម្តេចទាំងទ្វេ តែងតែបានគាំទ្រទាំងផ្នែកស្មារតី និងធនធាន ដើម្បីធានាដល់កិច្ចការលើកកម្ពស់តម្លៃ និងសីលធម៌សង្គម។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីភាពក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤-២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦-២០២៧ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ សណ្ឋាគារ សាន់ & មូន រីវើសាយ។

បន្ថែមពីនេះលោកជំទាវបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះការខិតខំរបស់គណៈកម្មាធិការក្នុងការអនុវត្តអនុសាសន៍ទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងការបំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់រាល់សកម្មភាពទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងវប្បធម៌ប្រពៃណីខ្មែរ ជាពិសេសគឺការធ្វើបច្ចុប្បន្នភាពលើសកម្មភាព របស់គណៈកម្មាធិការដើម្បីឆ្លើយតបទៅនឹងបរិការណ៍ និងការវិវត្តថ្មីរបស់សង្គម។

លើសពីនេះជាការគិតគូរ ដល់ការលើកទិសដៅការងារលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានផ្តល់អនុសាសន៍ប្រកបទៅដោយភាពឈ្លាសវៃ ភាពធន់ និងភាពអាចបត់បែនបាន ដើម្បីគណៈកម្មាធិការអាចអនុវត្តយ៉ាងរលូនក្នុងស្ថានភាពសាកលលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស ជាពិសេសគឺក្នុងសម័យឌីជីថលនេះ។

សូមបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ហៅកាត់ថា គ.ជ.ស.ស.ខ. ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ក្នុងគោលបំណងថែរក្សា ការពារវប្បធម៌ជាតិ ធានាដល់ការគោរពសីលធម៌ និងសុភមង្គលគ្រួសារ ដោយការលើកកម្ពស់ស្ថានភាព តម្លៃ និងសុខុមាលភាពស្ត្រីខ្មែរ។

ជារៀងរាល់ ២ឆ្នាំម្តង គណៈកម្មាធិការតែងតែធ្វើសន្និបាតបូកសរុបលទ្ធផល និងលើកទិសដៅការងារ ហើយក្នុងរយៈពេល ២០ឆ្នាំមកនេះ គណៈកម្មាធិការសម្រេចបានសមិទ្ធផលជាច្រើនដូចជា យុទ្ធនាការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយ ការលើកកម្ពស់សីលធម៌ សុជីវធម៌ក្នុងការរស់នៅប្រចាំថ្ងៃ ការបង្ការនិងបង្ក្រាបបទល្មើសភាពយន្ត ការជំរុញការអនុវត្តច្បាប់ដែលមានស្រាប់ ការទប់ស្កាត់អំពើហិង្សានិងការជួញដូរមនុស្សដល់ទីតាំងផ្ទាល់ និងការលើកកម្ពស់សីលធម៌សង្គមតាមរយៈប្រព័ន្ធឌីជីថល៕