កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះពិនិត្យតាមអគារដែលសង្ស័យ និងបង្ក្រាបបទល្មើស Scam Online នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេសជាង៤០០នាក់
04-05-2026 16:10
(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការដ៏ក្តៅគគុកចុះពិនិត្យតាមអគារដែលសង្ស័យ និងបង្ក្រាបបទល្មើស Scam Online នៅក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនបរទេស ៤២០នាក់ ព្រមទាំងដកហូតវត្ថុជាច្រើនទៀត ដែលបម្រើឲ្យការប្រព្រឹត្តបទល្មើសមួយនេះ។
ក្រុមការងារចម្រុះខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ដោយមានការចូលរួមពីកម្លាំង ជំនាញស្នងការដ្ឋាននគរបាលខេត្ត កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានលទ្ធផលនៃការបង្ក្រាបនេះដូចខាងក្រោម៖
*ទី១៖ ទីតាំងអគារកម្ពស់៧ជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីសង្ស័យមានជនបរទេសរស់នៅប្រមូលផ្តុំ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានម្ចាស់ឈ្មោះ ជា សក់ហៀក ភេទស្រី និងមានឈ្មោះ ខឹម ថន ភេទប្រុស ជាតំណាង។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងចម្រុះ បានត្រួតពិនិត្យឃើញ អគារមានចំនួន ៦៣បន្ទប់ ជនបរទេស ២៩នាក់ប្រុស ជាជនជាតិចិន មានលិខិតឆ្លងដែន និងបណ្ណការងារត្រឹមត្រូវ ប្រើប្រាស់ទិដ្ឋាការស្នាក់នៅប្រភេទ EB ហើយរកពុំឃើញឧបករណ៍ សម្ភារសង្ស័យពាក់ព័ន្ធលួចប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams) ប៉ុន្តែម្ចាស់ទីតាំងមិនបានរាយការណ៍ជូនសមត្ថកិច្ចតាមនីតិវិធីទេ។
សមត្ថកិច្ចជំនាញបានអប់រំណែនាំឱ្យតំណាងម្ចាស់ទីតាំងបញ្ជូនព័ត៌មានជនបរទេសដែលស្នាក់នៅទីតាំងរបស់ខ្លួន ក្នុងបង្កើតប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេស (FPCS) និងផ្សព្វផ្សាយណែនាំដល់តំណាង់ម្ចាស់ទីតាំង អំពីច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣។
*ទី២៖ ទីតាំងអគារកម្ពស់៦ជាន់ មាន១០២បន្ទប់ ជាអគារស្នាក់នៅ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ក្នុងប្រតិបត្តិការ កម្លាំងចម្រុះបានរកឃើញជនបរទេសរស់នៅប្រមូលផ្តុំប្រមាណចំនួន ៣០៧នាក់ ស្រី៣៥នាក់ (ជាជនជាតិឥណ្ឌូនេស៊ី) ហើយរកពុំឃើញឧបករណ៍សម្ភារសង្ស័យពាក់ព័ន្ធលួចប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams)។
*ទី៣៖ ទីតាំងអគារកម្ពស់៤ជាន់ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនបរទេសរស់នៅប្រមូលផ្តុំចំនួន៨៤នាក់ ស្រី៥នាក់ (ចិនចំនួន៨១នាក់/ស្រី៤នាក់, មីយ៉ាន់ម៉ា២នាក់/ស្រី១ នាក់ និងប៉ាគីស្ថាន១នាក់)។ ក្នុងពេលប្រតិបត្តិការ រកឃើញសម្ភារសង្ស័យមួយចំនួនបម្រើឲ្យបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចជា laptop១០គ្រឿង និងទូរស័ព្ទ១៩គ្រឿង។
ជនជាតិចិន៦នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីសួរនាំបន្តនីតិវិធី និងជនជាតិចិន៧៥នាក់ស្រី៤នាក់, មីយ៉ាន់ម៉ា២នាក់ ស្រី១នាក់, ប៉ាគីស្ថាន១នាក់ប្រុស បញ្ជូនទៅមណ្ឌលកងវ៉ាខេត្ត ដើម្បីរៀបចំនីតិវិធីបញ្ជូនចេញ។ ចំពោះទីតាំងអគារសម្រេចបិទជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី៕

















