FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឆ្នាំនេះមិនមានការ ប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លនោះទេ

04-05-2026 15:59

(ភ្នំពេញ)៖ ព្រះរាជពិធីច្រត់ព្រះនង្គ័ល នឹងមិនមានការប្រារព្ធឡើងឡើយនៅ​ឆ្នាំ២០២៦​នេះ។ ព្រះរាជពិធីច្រត់ព្រះនង្គលដែលជាព្រះរាជពិធីវប្បមង្គលមួយនៅកម្ពុជានោះ តែង​ប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃ ៤រោច ខែពិសាខ ក្រោមព្រះរាជាធិបតីភាពព្រះ​មហា​ក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងផ្សងមើលពីប្រផ្នូល​ស្រុកទេស និងការ​បង្ក​បង្កើន​ផលទៅតាមការបរិភោគ​របស់​គោឧសភ​រាជ ក៏ដូចជាដាស់តឿន ក្រើនរំឭក​ដល់​ប្រជា​ពលរដ្ឋខ្មែរ ដែល​ពឹងផ្អែកលើរបរកសិកម្មជាចម្បងឱ្យដឹងថារដូវរស្សា ជារដូវធ្វើស្រែ​ចម្ការ​​បាន​ចូលមកដល់ហើយ។

ឆ្នាំ២០២៦នេះ ដើមឡើយព្រះរាជពិធីច្រត់ព្រះនង្គ័លគ្រោងរៀបចំឡើង​នៅទឹកដី​ខេត្ត​ព្រៃវែង នាថ្ងៃ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ។ តែដោយសារការប្រឈួនរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោ​ត្តម សីហមុនី ជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះរាជពិធីត្រូវបានផ្អាកទៅវិញ។

យោងតាម Fresh AI បានបង្ហាញថា ពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីប្រពៃណីដ៏សំខាន់មួយរបស់កម្ពុជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ គោលបំណងសំខាន់នៃពិធីនេះ គឺដើម្បី ផ្សងមើលប្រផ្នូលរបស់ស្រុកទេស តាមរយៈការបរិភោគចំណី៧មុខរបស់ គោឧសភរាជ និងជាការប្រកាសពី ការចាប់ផ្ដើមរដូវវស្សា សម្រាប់វិស័យកសិកម្មដល់ប្រជាកសិករ។ ព្រះរាជពិធីនេះតែងតែប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពិធីត្រូវបានរៀបចំឡើងនៅតាមបណ្ដាខេត្តផ្សេងៗ ជំនួសឱ្យវាលព្រះមេរុដើម ដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋបានចូលរួម ជាក់ស្ដែងនៅខេត្តកំពង់ធំក្នុងឆ្នាំ២០២៣ និងនៅខេត្តកំពង់ស្ពឺក្នុងឆ្នាំ២០២៤។

នៅប្រទេសឥណ្ឌាបុរាណ និងនៅព្រះរាជាណាចក្រកម្ពុជា ការប្រកបរបរ​កសិ​កម្មជាមុខរបរចម្បង ដោយពឹងពាក់ទាំងស្រុងលើស្រូវអង្ករ និងភោគ​ផលដំណាំដទៃៗទៀត។ ការបង្កើតផលិតផលស្រូវ អង្ករ ឬក៏ផលដំណាំ​ផ្សេងៗ ដូចជាពោត សណ្តែក ល្ង ដោយព្រះរាជាតាម​រយៈព្រះរាជ​ពិធី​ខាង​លើនេះ បណ្តាលមកពីកត្តាចម្បងមួយ គឺលក្ខណៈស័ក្តិសិទ្ធិរបស់តួអង្គ «ស្តេច» ក្នុងក្រសែភ្នែករបស់ប្រជានុរាស្ត្រ។ មានន័យថា ផលដំណាំពុំមែន ស្ថិតនៅត្រឹមតែការដាំដុះ បច្ចេកទេស ឬសេដ្ឋកិច្ចនោះទេ ពោលគឺប្រាកដ​ជាបណ្តាលមកពីពិធីកម្មនេះឯង។

តាមទម្លាប់ព្រះរាជពិធីនេះ ធ្វើឡើងក្នុងការផ្សង មើលប្រថ្នូលរបស់​ស្រុក​ទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ»។ គោ១នឹម ដែល​ទឹម​​ច្រត់ព្រះនង្គ័លនោះ គេហៅថា «គោឧសភរាជ» ក៏មានកំណត់ក្នុង​លក្ខណៈ​តាមបែបនិយមបច្ចុប្បន្ន គឺសម្បុរខ្មៅ ស្នែងរាងជ្រពាស់ ឈ្នក់ ឬ ប្រក់នាគ គឺរាងខុបទៅមុខបន្ដិច ហើយវាត់ចុងទៅលើបន្ដិច។ គោ២ នឹមទៀត ដែល​សម្រាប់ ហែមុខហែរក្រោយឃើញថា មិនទាន់កំណត់លក្ខណៈ តែតាម​ដែល​ធ្លាប់ប្រើមក ហើយឃើញច្រើនតែសម្បុរក្រហម។ ឯ «គោឧសភរាជ» នោះវេលាទឹមច្រត់ព្រះនង្គ័ល គេប្រដាប់ដោយគ្រឿងគឺពាក់​ស្រោមមុខ​ស្រោម​ស្នែង និងពាក់សំពត់កម្រាល សម្បុរក្រហមលើខ្នងផង។ ឯព្រះ​នង្គ័ល​ទាំង៣នោះ គេលាបថ្នាំពណ៌ខ្មៅកាត់ខ្សែក្រហមដោយ​អន្លើៗ ឯចន្ទោល​ព្រះនង្គ័ល សម្រាប់អ្នកតំណាងព្រះអង្គនោះមាន​លក្ខណៈ​ពិសេស​ គឺធ្វើជារូបនាគ លាបថ្នាំពណ៌លឿងបែបយ៉ាងពណ៌មាស។ នៅត្រង់កនាគមានភូធ្វើពីរោមសត្វសម្បុរ បែបភូទួន។

ទាក់ទិននឹងការផ្សងគោឧសភរាជ គឺព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យ​អធិ​ដ្ឋាន​​ផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យបរិភោគ និងផឹក​អា​ហារ៧​យ៉ាង ដែលរៀបដាក់តុប្រាក់ធំៗ តាំងទុកនៅទីមុខព្រះពន្លា គឺគ្រាប់​ស្រូវ ១តុ គ្រាប់សណ្ដែក ១តុ គ្រាប់ពោត ១តុ គ្រាប់ល្ង ១តុ ស្មៅស្រស់ ១តុ ទឹក ១តុ ស្រា ១តុ។ សូត្រចប់ព្រាហ្មណ៍ព្រះរាជគ្រូយកទឹកមន្ដប្រោះ​ក្បាល​ព្រះគោទាំងពីរ ហើយមន្ដ្រីម្នាក់ដែលកាន់នង្គ័លស្ដេចមាឃ ដឹកគោឧស​ភ​រាជ​ទាំងពីរទៅឱ្យបរិភោគ និងផឹក អាហារទាំង៧យ៉ាង។ គោឧសភរាជ​ចូល​ចិត្ដបរិភោគ និងផឹកអ្វី គេមិនបង្ខំឱ្យនោះឡើយ។ គោឧសភរាជបរិភោគ និងផឹកអ្វី ព្រាហ្មណ៍ក៏ទាយផលប្រផ្នូនៃភោគផលធ្វើស្រែចម្ការក្នុងឆ្នាំនេះ ទៅតាមការបរិភោគ ឬផឹក របស់គោឧសភរាជ៕⁩