FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី Hybrid ៩០មេហ្គាវ៉ាត់ នៅស្រុកវាលវែង

04-05-2026 15:55

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើការសិក្សា និងការរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (Full EIA) សម្រាប់គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី Hybrid (Solar និង Biomass)។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាជាច្រើនរូបទៀត។

យោងតាមរបាយការណ៍បច្ចេកទេស គម្រោងថាមពលអគ្គិសនី Hybrid នេះ មានលក្ខណៈពិសេសដូចខាងក្រោម៖

• ប្រភពថាមពល៖ បន្សំរវាងពន្លឺព្រះអាទិត្យ (Solar) និងជីវម៉ាស់ (Biomass)។
• អានុភាពផលិត៖ ៩០ មេហ្គាវ៉ាត់ (MW)។
• ទីតាំងគម្រោង៖ ស្ថិតនៅលើផ្ទៃដីសរុបចំនួន ៥,២៥៥ ហិកតា ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ក្នុងឱកាសនោះ លោក អ៊ុយ សុធាវី បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំពិគ្រោះយោបល់នេះមានសារៈសំខាន់ណាស់ ដើម្បីប្រមូលនូវរាល់មតិយោបល់ ធាតុចូល និងការបារម្ភនានាពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសផលប៉ះពាល់ទៅលើបរិស្ថាន និងសង្គមក្នុងតំបន់គម្រោង។

លោកបានជំរុញឱ្យក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ត្រូវសិក្សាឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយបំផុត ស្របតាមច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីធានាថាការអភិវឌ្ឍនេះនឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ស្របគ្នាជាមួយការអភិរក្សបរិស្ថានប្រកបដោយចីរភាព។

គម្រោងបង្កើតរោងចក្រផលិតថាមពលអគ្គិសនី Hybrid នេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនសមត្ថភាពផ្គត់ផ្គង់អគ្គិសនីក្នុងខេត្តពោធិ៍សាត់ ក៏ដូចជាបណ្តាញជាតិទាំងមូល តាមរយៈការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាសផងដែរ៕