កម្លាំងនគរបាលស្រុកររមាសហែក ធ្វើកិច្ចសន្យាអប់រំក្មេងស្រី៣នាក់ ដែលបានបង្ហោះម៉ូតូ
04-05-2026 15:51
(ស្វាយរៀង)៖ ពលរដ្ឋរាយការណ៍ថា មានករណីក្រុមក្មេងស្រី១ក្រុម ដែលបានបង្ហោះម៉ូតូ រួចយក Video ទៅបង្ហោះលើបណ្ដាញសង្គម Facebook នៅចំណុចបង្ហៀរទឹក ក្នុងភូមិបន្លាស្អិត ឃុំត្រពាំងស្តៅ ស្រុករមាសហែក កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦។
ក្រោយពីបានទទួលព័ត៌មានរួចមក ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុករមាសហែក ស្រាវជ្រាវ និងឃាត់ខ្លួនក្មេងស្រីចំនួន ៣នាក់។
ចំពោះសមត្ថកិច្ចបានឆ្លើយសារភាពថា ក្រុមខ្លួន ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយក ដើម្បីអប់រំបន្ត រីឯម៉ូតូប្រព្រឹត្តិសកម្មភាព១គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែក រយៈពេល៣ខែ ទើបប្រគល់ជូនវិញ៕







