FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋរស់តាមដងទន្លេមេគង្គ លើបណ្តោយផ្លូវពីខេត្តក្រចេះ ទៅស្រុកសំបូរ បារម្ភរឿងផ្លូវឆាប់ខូច ព្រោះរថយន្តធំៗដឹកទំនិញឆ្លងកាត់

04-05-2026 15:42

(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេមេគង្គពីខេត្តក្រចេះ ទៅកាន់ទីរួម​ស្រុក​សំបូរ បានទន្ទឹងច្រើនទសវត្សរ៍ទម្រាំបានផ្លូវខ្សែធ្វើល្អស្អាតងាយស្រួលធ្វើដំណើរ។ នៅពេលនេះ ប្រជាពលរដ្ឋបានបង្ហាញក្តីបារម្ភផ្លូវឆាប់ខូចទៅវិញ បន្ទាប់ពីរថយន្តធំៗ​ជា​ច្រើន ប្តូរមកធ្វើដំណើរលើផ្លូវនេះ ជំនួសផ្លូវជាតិលេខ៧។

ផ្លូវខេត្តលេខ៣៧៧ ប្រវែង ៣៥.៥​គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាបស (ក្រុងក្រចេះ) ដល់​ស្រុក​សំបូរ និងផ្លូវខេត្តលេខ៣៧៧A មានប្រវែង ១៣,៦​គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់​ឃុំសណ្តាន់ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ ទើបនឹងសាងសង់រួចរាល់ជាស្ថាពរ​កាលពីឆ្នាំ២០២៥កន្លងទៅនេះ។

ផ្លូវនេះកន្លងទៅច្រើនទសវត្សរ៍ហើយ មានសភាពតូចចង្អៀត ហើយខូចខាតច្រើនបង្កការ​លំបាកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។ ផ្លូវនេះ មិនត្រឹមតែបម្រើដល់ការធ្វើដំណើរចិញ្ចឹម​ជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គប៉ុណ្ណោះទេ តែក៏ជាផ្លូវសម្រាប់​អ្នកទេសចរធ្វើដំណើរទៅកាន់អន្លង់ផ្សោតកាំពីរ ទៅកាន់វត្តវិហារធំសសរ១០០ផងដែរ។

ប្រជាពលរដ្ឋបានសម្តែងក្តីរីករាយណាស់ បន្ទាប់ពីផ្លូវនេះបានធ្វើល្អស្អាតសម្រាប់ការធ្វើ​ដំណើរ។ នៅពេលថ្មីៗនេះ គេបានសង្កេតរថយន្តធំៗ និងដឹកធ្ងន់ជាច្រើនគ្រឿង បាន​ប្តូរ​ពីធ្វើដំណើរតាមផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) មកធ្វើដំណើរលើផ្លូវតាមមាត់ទន្លេ​នេះ​​វិញ។

ប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឱ្យដឹងថា ការដែលរថយន្តធំៗទាំងនេះ ប្តូរពីផ្លូវជាតិលេខ​៧ មកធ្វើដំណើរតាមផ្លូវមាត់ទន្លេ ក៏ព្រោះពួកគេកេចពីស្ថានីយថ្លឹងរថយន្តរបស់ក្រសួង​សា​ធារ​ណការ និងដឹកជញ្ជូន ដែលដាក់លើផ្លូវជាតិលេខ៧។

ប្រជាពលរដ្ឋ បានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលើការធ្វើចរាចរណ៍រថយន្តធំៗទាំងនេះ និងស្នើឱ្យដាក់របាពីខាងលើក្នុងកម្រិតកម្ពស់ណាមួយ ដើម្បីទប់ស្កាត់រថយន្តធំៗ និងដឹកធ្ងន់ៗធ្វើចរាចរណ៍លើផ្លូវនេះ ងាយនឹងខូចខាតទៅវិញ៕