ដំណើរទេសចរណ៍មនុស្សធម៌ ទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តទៅដោយស្មារតីជាតិនិយម និងសាមគ្គីភាព
04-05-2026 15:38
(ភ្នំពេញ)៖ កម្មវិធី «ស្នាមញញឹមទេសចរណ៍ក្នុងស្រុក» ទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានស្តែងឡើងលើសពីដំណើរកម្សាន្តធម្មតា តែជាដំណើរទេសចរណ៍មនុស្សធម៌ ដែលបានបញ្ចប់ទៅដោយស្មារតីជាតិនិយម និងសាមគ្គីភាពយ៉ាងស្អិតរមួតជាទីបំផុត។
ការចេញដំណើរនៅម៉ោង ៦ព្រឹក អ្នករួមដំណើរបានជញ្ជូនសម្ភារ ដែលទុកចែកជូនពលរដ្ឋខ្សត់ខ្សោយ និងប្រគេនព្រះសង្ឃ ដោយមិនមើលបំណាំគ្នាឡើយ។ ម្យ៉ាងទៀត ការចេញដំណើរទៅស្រុកកំពង់លែង ដែនដីនៃអាចក្រចេនឡា ជាក្រុមបែបនេះ ទោះអ្នកដំណើរខ្លះទទួលទានដំណេក បានត្រឹមតែ ៣ម៉ោង ក៏ពួកគាត់នៅតែបង្ហាញភាពញឹមជានិច្ច ព្រោះដំណើរមួយនេះមិនត្រឹមតែបានសប្បាយ តែក៏បានធ្វើបុណ្យទាន និងធ្វើសកម្មភាព ដែលរក្សាវប្បធម៌ប្រពៃណីជាតិផងដែរ។
កម្មវិធី «ស្នាមញញឹមទេសចរណ៍ក្នុងស្រុក» ទៅកាន់ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ផ្តួចផ្តើមគំនិតដោយលោក ប៉ាត ផានិត អ្នកផលិតមាតិកា និងក្រុមការងាររបស់គាត់ ព្រមទាំងមានការគាំទ្រដោយមានការគាំទ្រពីសប្បុរសជននានា, សមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា, ពុទ្ធិកសមាគមកម្ពុជរដ្ឋ, មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង និងសាលាគុនល្បុក្កតោដំបងដែកខេត្តកំពង់ឆ្នាំង ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងចែករំលែកក្តីស្រលាញ់ទៅកាន់សហគមន៍។ ជាពិសេស មានការគាំទ្រពីលោក កែវ ពិសិដ្ឋ (សេម) សមាជិកក្រុមប្រឹក្សាភិបាលសមាគមមិត្តនិស្សិតបញ្ញវន្តកម្ពុជា និងជាសមាជិកគណៈកម្មាធិការយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ហើយដែលជានិពន្ធនាយករង និងជាប្រធានផ្នែកចំណេះដឹងទូទៅនៃបណ្តាញព័ត៌មាន Fresh News ។
អំណោយនានាពីសប្បុរសជន ត្រូវបានយកទៅប្រើប្រាស់ក្នុងកម្មវិធីដែលមានព្រះសង្ឃ និងអ្នកចូលរួមប្រមាណជាង ៤០រូប ចែកអ្នកខ្សត់ខ្សោយ ១០គ្រួសារ នៅភូមិច្រណូក ឃុំច្រណូក ឃុំដា ស្រុកកំពង់លែង ក្នុងបរិវេណប្រាសាទថ្នមប្តី និងប្រគេនព្រះសង្ឃសិក្សានៅសាលាពុទ្ធិកបឋមសិក្សស្វាយរំពារ ១៥អង្គ នៅភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង ក្នុងបរិវេណវត្តស្វាយរំពារ។
នៅក្នុងកម្មវិធីនេះដែរ មានការសម្តែងក្បាច់គុនល្បុក្កតោ ការធ្វើពិធីបួងសួងបែបសាសនា និងការសម្តែងរបាំបុរាណខ្មែរ ភួងនារី នៅបរិវេណប្រាសាទថ្នមប្តី ដែលជាសកម្មភាពលើកស្ទួយវប្បធម៌ប្រពៃណីជាតិ, ការទស្សនាប្រាសាទសក្ល, ការទស្សនាស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន, ការទស្សនាដងទង់បុរាណនៅសម័យអង្គរ ប្រវែង ៣៣ម៉ែត្រ, ការឡើងភ្នំនាងកង្រី ដែលមានកម្ពស់ ៣១០ម៉ែត្រ និងការនិមន្តព្រះសង្ឃឆាន់ថ្ងៃត្រង់ទៀតផង។
លោក ប៉ាត ផានិត តំណាងឲ្យក្រុមការងាររៀបចំកម្មវិធីដំណើរកម្សាន្ត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមយ៉ាងសកម្ម ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ជាតិ អភិរក្សវប្បធម៌ និងបង្ហាញពីសាមគ្គីភាពក្នុងសង្គមឲ្យកាន់តែរីកចម្រើន។ លោកក៏បានថ្លែងអំណរគុណចំពោះការគាំទ្រពីស្ថាប័ន និងអាជីវកម្មជាច្រើន រួមមាន៖ សិប្បកម្មសាប៊ូ ប៊ូឃាង, ប៊ីចេង ដា ដា, ឱសថស្ថាន ហាក់សុខសាន្ត, រោងពុម្ព Piseth Silk Screen Shop, ហាងទូរសព្ទដៃ R-Styly Today, ហាងកាហ្វេ Mayura Kaka Oyster ហាងប្រពៃណី ព្រមទាំងសប្បុរសជនជាច្រើនទៀត ដែលបានចូលរួមគាំទ្រទាំងថវិកា និងសម្ភារៈ។
ចំណែកលោក លោក សេម ក៏បានឲ្យដឹងថា គំនិតផ្តួចផ្តើមរបស់ក្រុមការងារខាងលើ គឺស្របនឹងចក្ខុវិស័យនៃសមាគមដែលលោកស្ម័គ្រចិត្តធ្វើការ ដែលចង់រួមចំណែកជួយសង្គមតាមលទ្ធភាព និងជួយណែនាំតំបន់ទេសចរណ៍នានានៅស្រុកកំពង់លែង ឲ្យកាន់តែត្រូវបានគេស្គាល់ ខណៈលោកជាអ្នកស្រុកនេះស្រាប់។ ហេតុនេះ លោកក៏បានបរិច្ចាគ ១០០ដុល្លារផងដែរ។ លោក សេម ក៏សូមអរព្រះគុណ និងអរគុណដល់សប្បុរសជន ដែលបានបរិច្ចាគថវិកា និងសម្ភាររួមមាន ព្រះឥន្ទមុនី សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជារដ្ឋ, លោក ងួន វុទ្ធី បេក្ខជនបណ្ឌិត, លោក ឈឹម ធី អភិបាលរងស្រុកអង្គរបុរី និងលោក សែមស័ក្តិ សិនា ជំនួយការផ្ទាល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល សមាគម មិត្តនិស្សិតបញ្ញវន្តកម្ពុជា។
សូមជម្រាបថា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សម្បូរទៅដោយប្រាសាទបុរាណជាច្រើន រួមមាន ប្រាសាទពណ្ណរាយ ដែលកសាងក្នុងសតវត្សរ៍ទី៩ លើភ្នំពណ្ណរាយ (ភ្នំធ្វើបុណ្យ) មាន ២០៨កាំ និងបែរមុខទៅទិសខាងលិច។ ក្រៅពីនេះ ក៏មាន ប្រាសាទប្រុស (បច្ចុប្បន្នហៅប្រាសាទសក្ល) នៅភូមិកង្កែប និង ប្រាសាទស្រី នៅវត្តប្រាសាទ ឃុំដា ដែលកសាងក្នុងចន្លោះសតវត្សរ៍ទី៨ និងទី៩។ មួយវិញទៀតគឺ ប្រាសាទថ្នមប្តី នៅឃុំដា ដែលកំពុងរងការខូចខាត និងការជីកកកាយរកវត្ថុបុរាណ, ទួលគ្រឹះប្រាសាទនៅភ្នំទេពី, ទួលគ្រឹះបុរាណ នៅមុខវត្តប្រាសាទ, ភ្នំបុរាណដែលជាបាតជើងព្រះសិវៈ នៅឃុំត្រងិល។ ទន្ទឹមនេះ មានតំបន់ទេសចរណ៍ធម្មជាតិ ដូចជា ភ្នំនាងកង្រី ច្រកបាក់ដាវ ទឹកធ្លាក់អូដារ ព្រមទាំងស្ថានីយ៍បុរេប្រវត្តិសាស្ត្រសំរោងសែន៕






















